អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
មី​យ៉ាន់​ម៉ា​គាំទ្រ​គំនិត«ខ្សែក្រវាត់​សេដ្ឋកិច្ច​វិថី​សូត្រ»របស់​ចិន​ពេញទំហឹង
08, Apr 2015 , 7:00 pm        
រូបភាព

គម្រោង «ខ្សែក្រវាត់​មួយ​វិថី​មួយ»ជា​គំនិត​ផ្តួចផ្តើម​របស់​ក្រុង​ប៉េកាំង​ដែល​គំនិត​នេះ​បានទទួល​ការស្វាគមន៍​ពី​បណ្តា​ប្រទេស​នៅ​តំបន់​អាស៊ី។អនុប្រធាន​បក្ស​កាន់អំណាច​មី​យ៉ាន់​ម៉ា​បានប្រកាស​គាំទ្រ​គំនិត​ផ្តួចផ្តើម​របស់​ចិន​យ៉ាង​ពេញទំហឹង​ដោយ​រំពឹងថា​គម្រោង​នេះ​នឹង​ជួយ​ជំរុញ​ការផ្សាភ្ជាប់​រវាង​ប្រទេស​នៅ​អាស៊ី​និង​ជំរុញ​ការវិនិយោគ​និង​ពាណិជ្ជកម្ម​ជាពិសេស​រវាង​ចិន​និង​មី​យ៉ាន់​ម៉ា។


លោក មុំ ពិទូរ្យ លម្អិត​ព័ត៌មាន​នេះ




គណបក្សកាន់អំណាច​មី​យ៉ាន់​ម៉ា​បាន​ថ្លែ​កោតសរសើរ​និង​គាំទ្រ​ពេញទំហឹង​ចំពោះ​គម្រោង​មួយ​របស់​ចិន​ដែលមាន​ឈ្មោះថា«ខ្សែក្រវាត់​មួយ​វិថី​មួយ»។ក្នុង​បទសម្ភាសន៍​ជាមួយ​ភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ីន​ហ៊ួ​រ​អនុប្រធាន​បក្ស​កាន់អំណាច​មី​យ៉ាន់​ម៉ា​លោក​HtayOoបានប្រកាសថា​គណបក្ស​របស់លោក​និង​ប្រជាជន​មី​យ៉ាន់​ម៉ា​គាំទ្រ​គំនិត​ផ្តួចផ្តើម​របស់​រដ្ឋាភិបាល​ចិន​លោក​ស៊ី​ជីន​ពីង​ចំពោះ​ការបង្កើត​ខ្សែក្រវាត់​សេដ្ឋកិច្ច​វិថី​សូត្រ​និង​មួយទៀត​វិថី​សូត្រ​សមុទ្រ​សម្រាប់​សតវត្ស​ទី២។

លោក​ជឿជាក់​យ៉ាង​មុតមាំ​ថា​គំនិត​ផ្តួចផ្តើម​នេះ​នឹង​ជួយ​ត្រួសត្រាយ​ផ្លូវ​សម្រាប់​ការវិនិយោគ​និង​ជំនួញ​សេដ្ឋកិច្ច​ជាពិសេស​នាំមក​នូវ​អត្ថប្រយោជន៍​យ៉ាងច្រើន​ដល់​មី​យ៉ាន់​ម៉ា​និង​ចិន​ក៏ដូចជា​តំបន់​អាស៊ី​ទាំងមូល​ផងដែរ។មិន​ត្រឹមតែ​លើកឡើង​ពី​អត្ថប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច​ដែល​នាំមក​ដោយ​គំនិត​ផ្តួចផ្តើម​របស់​ក្រុង​ប៉េកាំង​នោះទេ​អនុប្រធាន​បក្ស​កាន់អំណាច​មី​យ៉ាន់​ម៉ា​ខាងលើ​ក៏​ចាត់ទុក​វា​ជា​កម្លាំងចលករ​ជំរុញ​ការកសាង​ទំនុកចិត្ត​គ្នា​លើ​ផ្នែក​នយោបាយ​រវាង​រដ្ឋ​នៅ​តំបន់​អាស៊ី​ទាំងមូល​ដ្បិត​ការផ្សាភ្ជាប់​នេះ​ជា​រឿង​មិនអាច​ខ្វះ​បានឡើយ។

គួរបញ្ជាក់​បន្តិច​ថា​តាំងពី​មី​យ៉ាន់​ម៉ា​ទទួលបាន​ឯករាជ្យ​ក្នុង​ឆ្នាំ១៩៤៨ប្រទេស​ទាំងពីរ​ចិន​និង​មី​យ៉ាន់​ម៉ា​បាន​បង្កើត​ចំនងមិត្តភាព​យ៉ាងរឹងមាំ​ជាមួយគ្នា​ដោយ​ប្រទេសជិតខាង​ទាំងពីរ​ផ្អែក​តាម​គោលការណ៍​សន្តិ​សហ​វិជ្ជមាន​ដែលមាន​ប្រាំ​ចំណុច។តាមពិតទៅ​មី​យ៉ាន់​ម៉ា​និង​ចិន​មាន​ចំណង​ទំនាក់ទំនង​ទ្វេភាគី​ស្អិតល្មួត​តាំងពីរ​ពេល​ដែលមាន​រដ្ឋប្រហារ​ឆ្នាំ១៩៦២និង​ពេលដែល​មី​យ៉ាន់​ម៉ា​ស្ថិតក្រោម​ការដឹកនាំ​នៃ​របប​យោធា។

ក្របខណ្ឌ​យុទ្ធសាស្ត្រ​បី​កម្រិត​ដែល​ត្រូវ​ប្រទេស​ទាំងពីរ​អនុវត្ត​កន្លងមក។កម្រិត​ទីមួយ​គឺ​បង្កើន​ការសហកា​និង​រៀនសូត្រ​ពីគ្នា​ទៅវិញទៅមករ​រវាង​ប្រជាជន​មី​យ៉ាន់​ម៉ា​និង​ប្រជាជន​ចិន​ព្រោះ​ប្រជាជន​ជា​តួអង្គ​សំខាន់​ក្នុងការ​ជំរុញ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី។

ចំណុច​ពីរ​គឺ​ការបង្កើត​កិច្ចសហប្រតិបត្តិការ​រ​វាង​បក្ស​ក​ម្មុយ​នី​ស្ត​ចិន​និង​បក្ស​សហភាព​សាមគ្គី​និង​អភិវឌ្ឍន៍​មី​យ៉ាន់​ម៉ា។និង​ទី​បី​គឺ​ការ​សហប្រតិបត្តិការ​រ​វាង​រដ្ឋាភិបាល​ចិន​និង​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​តាមរយៈ​ការផ្លាស់ប្តូរ​ទស្សនកិច្ច​រវាង​មន្ត្រីជាន់ខ្ពស់​នៃ​ប្រទេស​ទាំងពីរ​រាល់​ឆ្នាំ។

ដោយឡែក​មេដឹកនាំ​មី​យ៉ាន់​ម៉ា​ខាងលើ​ក៏បាន​លើកឡើង​ផងដែរ​ថា​ក្នុងនាម​លោក​ជា​មេដឹកនាំ​មី​យ៉ាន់​ម៉ា​មួយ​រូបលោក​មិនអាច​ព្រងើយកន្តើយ​ចំពោះ​គំនិត​ផ្តួចផ្តើម​ថ្មី​នេះ​បានឡើយ​ហើយ​លោក​បានស្នើ​ឲ្យ​បណ្តា​ប្រទេស​នៅ​តំបន់​អាស៊ី​ផ្សេងទៀត​ចូលរួម​សហការគ្នា​គាំទ្រ​គំនិត​នេះហើយ​ចូលរួម​អនុវត្ត​ទាំងអស់គ្នា​ដើម្បី​ឲ្យ​គំនិត​នេះ​ចេញ​ជា​រូបរាង​ឡើង​ពិតប្រាកដ។

គួរ​បញ្ជាក់ថា​គំនិត​ផ្តួចផ្តើម​របស់​ចិន​ដែលមាន​ឈ្មោះថា« ខ្សែក្រវាត់​មួយ​វិថី​មួយ»ត្រូវបាន​បង្កើតឡើង​ក្នុង​គោលដៅ​បង្ខិត​ប្រទេស​នានា​ឲ្យ​កាន់តែ​ជិតគ្នា​តាមរយៈ​ការផ្សារភ្ជាប់​ទាំងបី​ផ្នែក​នៅក្នុង​តំបន់​អាស៊ី។គម្រោង​ល្បីល្បាញ​នេះ​នឹង​ជួយ​បង្កើត​ក្របខណ្ឌ​នៃ​ការផ្សារភ្ជាប់​តាម​ច្រករបៀង​សេដ្ឋកិច្ច​នានា​និង​បង្កើន​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​តាមផ្លូវ​ទឹកជា​ពិសេស​តាមរយៈ​ផ្លូវ​សមុទ្រ​តែម្តង៕


© រក្សាសិទ្ធិដោយ thmeythmey.com