អន្តរជាតិ
អាមេរិក៖ បុរស​ម្នាក់​ជាប់គុក​ជិត៣០ឆ្នាំ​ហើយ​តុលាការ​ទើបតែ​រកឃើញថា​គ្មាន​កំហុស
09, Apr 2015 , 8:20 am        
រូបភាព
ដោយ:


បុរស​ម្នាក់​រស់នៅ​រដ្ឋ​Alabama សហរដ្ឋអាមេរិក​ត្រូវបាន​គេ​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ​ក្រោយពេល​ជាប់គុក​អស់​ជិត៣០ឆ្នាំ​បន្ទាប់ពី​ព្រះរាជអាជ្ញា​តុលាការ​បានទទួល​ស្គាល់​ថា​គ្មាន​ភស្តុតាង​ណា​ដែល​អាច​បញ្ជាក់ថា​បុរស​ម្នាក់​នោះ​ប៉ុនប៉ង​ប្រព្រឹត្ត​បទឧក្រិដ្ឋ​កម្ម​នោះទេ។នេះ​ពើ​យោងតាម​កាសែត​new york post ។



កាសែត​ក៏បាន​រាយការណ៍​ថា​លោក​Ray Hintonអាយុ៥៨ឆ្នាំ​បាន​ដើរ​ចេញពី​ពន្ធនាគារ​Jefferson ទីក្រុង Birmingham នឹង​បាន​ឱប​សមាជិក​ក្រុមគ្រួសារ​របស់គាត់​ជាមួយនឹង​ការហូរ​ទឹកភ្នែក។លោក​Hinton បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា​លោក​បាន​ចំណាយពេល​ជិត៣០ឆ្នាំ​រស់នៅក្នុង​គុក​ដោយ​ភាពអយុត្តិធម៌។

លោក​Hinton ត្រូវបាន​ផ្តន្ទាទោស​ពីបទ​សម្លាប់​អ្នកគ្រប់គ្រង​ភោជនីយដ្ឋាន​អាហារ​fast-food ពីរ​នាក់​កាលពី​ឆ្នាំ១៩៨៥នៅក្នុង​ទីក្រុង​Birminghamហើយ​ការចោទប្រកាន់​នេះ​គឺ​ផ្អែកលើ​គ្រាប់កាំភ្លើង​នៅ​កន្លែងកើតហេតុ​តែមួយគត់​ដែល​អាចជា​គ្រាប់កាំភ្លើង​របស់​ម្ដាយ​លោក​Hinton ។

តុលាការ​កំពូល​អាមេរិក​បានសម្រេច​នៅឯ​ការជំនុំជម្រះ​ជា​លើកដំបូង​មុន​ថា​អំណះអំណាង​របស់​មេធាវី​ការពារ​ក្តី​តំណាង​លោក​Hinton គឺ​មិន​គ្រប់គ្រាន់​តាម​រដ្ឋធម្មនុញ្ញ​នោះទេ​នេះ​គឺ​ដោយសារតែ​លោក​Hinton គ្មាន​ប្រាក់១០០០ដុល្លារ​ដើម្បី​ជួល​អ្នកជំនាញ​ធ្វើតេស្ដ​បញ្ជាក់​អំពី​គ្រាប់កាំភ្លើង​នោះបាន។
លោក​មេធាវី​Bryan Stevensonដែលជា​នាយក​អង្គការ​គំនិត​ផ្តួចផ្តើម​យុត្តិធម៌​ក្នុង​រដ្ឋ Alabamaបានឱ្យដឹងថា​នៅពេល​គាត់​បានដឹង​រឿងក្ដី​នេះ គាត់​បាន​ជួល​អ្នកជំនាញ​ឯករាជ្យ​ដើម្បី​ធ្វើតេស្ដ​គ្រាប់កាំភ្លើង​នៅ​កន្លែងកើតហេតុ​ឡើងវិញ ហើយ​លទ្ធផល​បានបង្ហាញ​គ្រាប់កាំភ្លើង​នោះ​មិនមែនជា​គ្រាប់កាំភ្លើង​ដែល​ត្រូវគេ​បាញ់សម្លាប់​មនុស្ស​ពីរ​នាក់​នោះទេ។

ក្រោយពេល​ទទួលបាន​ល​ទ្ធ​ផល​នេះហើយ លោក​Bryan បានស្នើ​ឲ្យ​តុលាការ​ពិនិត្យឡើងវិញ​លើ​ភស្តុតាង​នោះ ប៉ុន្តែ​មន្ត្រី​បាន​បដិសេធ។ រហូតមកដល់​ពេលនេះ ទើប​តុលាការ​បាន​បើក​សវន​ការ​ជាថ្មី​ម្ដងទៀត ហើយ​បាន​ចាត់​ឲ្យ​គេ​សាកល្បង​គ្រាប់​នេះ​ជាថ្មី​ម្តងទៀត  លទ្ធផល​បាន​បង្ហាញថា​គ្រាប់កាំភ្លើង​នេះ មិនមែនជា​របស់​ម្តាយ​លោក​Hinton នោះទេ។ មេធាវី​Bryan បាន​និយាយ​នៅក្រៅ​មន្ទីរឃុំឃាំង​ថា៖ «លោក​Hinton ត្រូវបាន​គេ​ផ្តន្ទាទោស​ដោយសារតែ​គាត់​ក្រីក្រ»៕




© រក្សាសិទ្ធិដោយ thmeythmey.com