អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោកពូ​ទីន​ត្រូវការ​រដ្ឋាភិបាល​គីម​ជុង​អ៊ុន​ដើម្បី​សម្លុត​អាមេរិក
09, Apr 2015 , 10:29 am        
រូបភាព

ទំនាក់ទំនង​រុស្ស៊ី និង​កូរ៉េខាងជើង​កាន់តែ​ជិតស្និទ្ធ​គ្នា​ខ្លាំង​ក្នុង​រយៈពេល​មួយឆ្នាំ​ចុងក្រោយ​នេះ។ ក្រោយ​ដួលរលំ​សហភាពសូវៀត ទំនាក់ទំនង​ប្រទេស​ទាំងពីរ​មិនសូវ​ស្អិតល្មួត​ប៉ុន្មាន​ទេ។ ទំនាក់ទំនង​ជិតស្និទ្ធ​នេះ កើតឡើង​ក៏ដោយ​សារ​ភាគី​ទាំងសងខាង​មើលឃើញ​ពី​ប្រយោជន៍ និង​ចាំបាច់​ត្រូវ​ពឹ​គ្នា​ទៅវិញទៅមក​ដែរ។ រុស្ស៊ី​ត្រូវការ​សត្រូវ​អាមេរិក​កូរ៉េខាងជើង​ដើម្បី​សំលុត គំរាម​អាមេរិក ដោយ​ចង់​ប្រើ​អាវុធ​នុយក្លេអ៊ែរ ដោយសារ​សំណុំរឿង​អ៊ុយ​ក្រែ​ន។ ចំណែក​កូរ៉េខាងជើងរ​ត់រក​រុស្ស៊ី​អោយជួយ​ការពារ​ខ្លួន​ក្នុង​សំណុំរឿង​រំលោភសិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ ដែល​អាមេរិក​ចង់អោយ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​អូស​មេដឹកនាំ​កំពូល​កូរ៉េខាងជើង​ទៅ​កាត់ទោស​ថែមទៀត។ និយាយ​អោយ​ខ្លី​ទៅ សម្ព័ន្ធមិត្ត​ទាំងពីរ​បង្កើតឡើង​ក្នុងន័យ​ជា​មិត្ត​ដើម្បី​ប្រយោជន៍​ជាង​មិត្ត​ស្មោះត្រង់។


សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ ផល​និស្ស័យ




កូរ៉េខាងជើង និង​រុស្ស៊ី​ជា​មិត្តភក្តិ​ជិតស្និទ្ធ​គ្នា​តាំងពី​យូរយារ​ណាស់​មកហើយ ។ ប៉ុន្តែ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​មិនសូវ​ជា​ជិតស្និទ្ធ​ប៉ុន្មាន​ទេ​ក្រោយ​ពេលដែល​សហភាពសូវៀត​រលំរលាយ​ដើម​ទសវត្ស​ឆ្នាំ៩០ ។ រុស្ស៊ី​មិនសូវមាន​ឥទ្ធិពល​ដូច​សហភាពសូវៀត​ឡើយ ហើយ​ម្យ៉ាង​រុស្ស៊ី​ក៏​មិនសូវ​បាន​ជួយ​ជ្រោមជ្រែង​កូរ៉េខាងជើង​ប៉ុន្មាន​ដែរ​ចាប់តាំងពី​ពេល​នោះមក ព្រោះ​កូរ៉េខាងជើង​ធ្លាក់​ក្រោម​ឥទ្ធិពល​ផ្តាច់មុខ​របស់​ចិន​វិញ​ម្តង។

ម្យ៉ាង​ក្រោយ​ដួលរលំ​សហភាពសូវៀត រុស្ស៊ី​បានប្រកាស​ទទួលស្គាល់​សាធារណរដ្ឋ​កូរ៉េ ឬ​កូរ៉េខាងត្បូង ដែល​សកម្មភាព​នេះ​បានធ្វើអោយ​របប​ដឹកនាំ​ក្រុង​ព្យុងយ៉ាង​ខឹងសម្បារ​ជាខ្លាំង។ យ៉ាងណាមិញ​បរិបទ​នយោបាយ​ពិភពលោក​បាន​ផ្លាស់ប្តូរ រុស្ស៊ី​សម្លឹង​ឃើញ​កូរ៉េខាងជើង​ជា​ឧបករណ៍​នយោបាយ​មួយ​សម្រាប់​ដាក់​គំនៀប​សហគមន៍​អន្តរជាតិ និង​សហរដ្ឋអាមេរិក ចំណែក​កូរ៉េខាងជើង​ឯណោះ​វិញ មើលឃើញ​ពី​អំណាច​របស់​រុស្ស៊ី​ដែល​អាចជួយ​ទំនុកបម្រុង និង​ការពារ​បីបាច់​ថែរក្សា​ខ្លួន​អោយ​រួច​ផុតពី​សំណាញ់​ច្បាប់​អន្តរជាតិ​បាន។

កូរ៉េខាងជើង​ក៏​នៅ​ចងចាំ​គុណបុណ្យ​របស់​សហភាពសូវៀត និង​ក្រុង​ប៉េកាំង ដែល​ជួយ​ជ្រោមជ្រែង និង​បន្សល់ទុក​របប​ដឹកនាំ​កុម្មុយនីស្ត​ផ្តាច់ការ​រហូតមកទល់​ប​ច្ចុ​ប្បន្ន បើ​មិនមាន​អន្តរា​គម៍​ជារឿយ​របស់​សហភាពសូវៀត ម្ល៉េះ​របប​ដឹកនាំ​ត្រកូល​គីម ម្ល៉េះ​សម​រលំរលាយ​តាំងពី​សម័យ​សង្គ្រាម​កូរ៉េ​បាត់ទៅហើយ។

គេ​នៅចាំ​ច្បាស់​ថា កាល​ឆ្នាំ ១៩៥០ មេដឹកនាំ​សូ​វៀត ស្តា​លីន នេះឯង​ជា​អ្នកសម្រេច​អនុញ្ញាតអោយ​ជីតា​គីម​ជុង​អ៊ុន គឺ​លោក គីម​អ៊ី​ល​ស៊ុ​ង នាំ​ទ័ព​វាយ​ដណ្តើម​ទឹកដី​ភាគខាងត្បូង ប៉ុន្តែ​កាលនោះ​សហភាពសូវៀត​ហាក់​ស្ទាក់ស្ទើរ​មិន​ចង់​លូកដៃ​ជ្រៅ​ក្នុង​បញ្ហា​កូរ៉េ​ឡើយ។ នេះ​ក៏ដោយ​សារ​ខ្លាច​មានការ​ប្រឈមមុខ​ដាក់គ្នា​ជាមួយ​សហរដ្ឋអាមេរិក​កាលនោះ។
ស្លេះ​និយាយ​រឿង​គុណ​ស្រ័យ​សិន​ទៅ​ចុះ ដោយ​យើង​ត្រលប់​ទៅ​មើល​ការរត់​ទៅជិត​គ្នា​យ៉ាង​ស្អិតល្មួត​រវាង​រដ្ឋ​ទាំងពីរ​វិញ​ម្តង។ កាលពី​ឆ្នាំមុន រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ​បានប្រកាសថា ខ្លួន​សម្រេច​អ​ញ្ជី​ញ​មេដឹកនាំ​កំពូល​កូរ៉េខាងជើង គីម​ជុង​អ៊ុន មក​ទស្សនកិច្ច​នៅ​រុស្ស៊ី​ក្នុង​ខែឧសភា​ឆ្នាំ ២០១៥ នៅពេល​រុស្ស៊ី​ប្រារព្ធ​ខួប​ជ័យជម្នះ​លើ​ទ័ព​ណា​ស៊ី​សម័យ​សង្គ្រាមលោកលើកទី។

កាល​នោះគេ​មិន​រំពឹងថា មេដឹកនាំ​កំពូល​ហ៊ាន​ទទួល​ការអញ្ជើញ​របស់លោក វ្ល៉ា​ឌី​មៀ ពូ​ទីន​ឡើយ ព្រោះ​សូម្បីតែ​ទឹក​ចិន​ជា​មហាមិត្ត​នោះ​ក៏​មេដឹកនាំ​កូរ៉េខាងជើង​ម្នាក់នេះ​មិន​ហ៊ាន​ទាំង​ឈាន​ជើង​ចូល​ដែរ។ ប៉ុន្តែ ក្រោយ​ទទួលបាន​ការអញ្ជើញ លោក គីម​ជុង​អ៊ុន​ស្រាប់តែ​ប្រកាស​ទទួល​ថា លោក​នឹង​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​រុស្ស៊ី​តប​តាម​ការអញ្ជើញ​របស់លោក​ពូ​ទីន។ គ្មានអ្វី​ចម្លែក ដែល គីម​ជុង​អ៊ុន​ហ៊ាន​ទទួល​សំណើរ​នេះ ព្រោះ​កាល​ឆ្នាំមុន​ប្រមុខរដ្ឋស្តីទី​កូរ៉េខាងជើង Kim Jong nam បាន​ចូលរួម​ក្នុង​កម្មវិធី​អូឡាំពិក Sochi ផងដែរ។

ហើយ​អ្វីដែល​សំខាន់ គេ​ឃើញ​មន្ត្រីជាន់ខ្ពស់​កូរ៉េខាងជើងរ​ត់ទៅ​ជួប​លោក ពូ​ទីន ស្ងាត់ៗ ដែល​កាលនោះ​កូរ៉េខាងជើង​មានបំណង​ពឹងពាក់​អោយ​រដ្ឋាភិបាល​ក្រេ​ម​ឡាំង​ប្រើ​សិទ្ធិ​ជំទាស់​ក្នុងនាម​ជា​សមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សាសន្តិសុខ​ដើ​ម្ប​ការពារ​របប​ដឹកនាំ​ក្រុង​ព្យុងយ៉ាង​អោយ​ផុតពី​ការកាត់ទោស។

របប​ដឹកនាំ​ក្រុង​ព្យុងយ៉ាង រង​ការចោទប្រកាន់ថា​បាន​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ប្រឆាំង​មនុស្សជាតិ ដោយ​ធ្វើទុក្ខបុកម្នេញ​ប្រជាជន​ខ្លួន។ បើសិនជា​ករណីនេះ​កើតមាន​មែន មេដឹកនាំ​កូរ៉េខាងជើង​រួមទាំង​លោក គីម ជុង​អ៊ុន​ផង រួច​មិន​ផុតពី​ការកាត់ទោស​នៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ឡើយ។  របប​ដឹកនាំ​ក្រុង​ព្រុង​យ៉ាង​រំពឹងថា បើ​ខ្លួន​ប្រឹង​យកចិត្ត​រុស្ស៊ី​នៅពេលនេះ ខ្លួន​អាចមាន​ខ្នងបង្អែក​ធំ ដូច​ក្រុង​ប៉េកាំង​ដែរ ដូច្នេះ​តុលាការ​ដែល​អាហ្វ្រិក​ហៅថា​តុលាការ​ចក្រពត្តិ​នោះ មិនអាច​ធ្វើ​អ្វី​តាមចិត្ត​ដែរ។

ចំណែក​រុស្ស៊ី​បច្ចុប្បន្ន​ក៏​កំពុង​ត្រូវការ​មិត្ត​ដែរ ដើម្បី​ទប់ទល់​ជាមួយ​សហរដ្ឋអាមេរិក ក្នុង​សំណុំរឿង​អ៊ុយ​ក្រែ​ន។ ក្រៅពី​ជ្រោមជ្រែង​អ៊ីរ៉ង់ របប​ដឹកនាំ​លោក ពូ​ទីន​ក៏​មិន​មើលរំលង​របប​ក្រុង​ព្យុងយ៉ាង​ដែរ ដ្បិត កូរ៉េខាងជើង​មាន​នុយ​ក្ល​អ៊ែរ អាច​ក្រឡុក​ពិភពលោក​បាន ជាពិសេស​ធ្វើអោយ​អាមេរិក​ឈឺក្បាល។ បើ​អាមេរិក​ហ៊ាន​ដាក់​គំនៀប​លើ​រុស្ស៊ី ឬ​ធ្វើអោយប៉ះពាល់​ខ្លាំង​ដល់​ប្រយោជន៍​រុស្ស៊ី អាមេរិក​ក៏ត្រូវ​ដេក​ព្រួយ​រឿង​ឧបទ្វីប​កូរ៉េ​ដូចគ្នា។

 ជា​ឧទាហរណ៍ ប​ច្ច​ប្បន្ន​នេះ រដ្ឋបាល​លោក អូ​បា​ម៉ា​កំពុង​ពិចារណា​បញ្ជូន​សព្វាវុធ​ទៅអោយ​កងកម្លាំង​អ៊ុយ​ក្រែ​ន​ដើម្បី​ប្រយុទ្ធ​ជាមួយ​ក្រុម​ឧទ្ទាម។ រុស្ស៊ី​ព្រមាន​រួច​ហើយពី​លទ្ធផល​នៃ​ការ​បំពាក់អាវុធ​អោយទ័ព​អ៊ុយ​ក្រែ​ន។ ដែល​នេះ​មានន័យថា ចង់​មិន​ចង់​អាមេរិក​ត្រូវ​ប្រុងប្រយ័ត្ន​ជាង​មុន និង​មិន​ហ៊ាន​ធ្វើ​អ្វី​តាមតែ​អំពើរ​ចិត្ត​ខ្លួន​ឡើយ។


© រក្សាសិទ្ធិដោយ thmeythmey.com