អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ក្រិ​ក​ប្តេជ្ញា​ជួយ​លើកស្ទួយ​ចំណងមិត្តភាព​រុស្ស៊ី​និង​សហ​ភា​អឺរ៉ុប
09, Apr 2015 , 2:32 pm        
រូបភាព

ក្នុង​ដំណើរ​ទស្សនកិច្ច ទៅកាន់​ប្រទេស​រុស្ស៊ី​នាយករដ្ឋមន្ត្រី​ក្រិ​ក​ថ្មី​បានប្រកាស​ប្រាប់​ប្រធានាធិបតី​រុស្ស៊ី​ថា លោក​នឹង​ប្រឹងប្រែង​ក្នុងនាម​ជា​សមាជិក​សហភាព​អឺរ៉ុប​ដើម្បី​លើកកម្ពស់​និង​ជំរុញ​ការ​រឹតបន្តឹង​ទំនាក់ទំនង​រវាង​សមាជិក​សហភាព​អឺរ៉ុប។ មេដឹកនាំ​ក្រិ​ក​រូបនេះ​បាន​សង្កត់ធ្ងន់ថា​បញ្ហា​អឺរ៉ុប​ជាច្រើន​មិនអាច​ដោះស្រាយ​ចេញ​បើ​គ្មាន​ការចូលរួម​និង​សហការ​ពី​រុស្ស៊ី។


លោក ជាវ សំណាង លម្អិត​ព័ត៌មាន​នេះ




នាយករដ្ឋមន្ត្រី​ថ្មី​របស់​ក្រិ​កលោក Alexis Tsiprasបាន​ថ្លែងប្រាប់​ទៅកាន់​ប្រ​ធានា​ធីប​តី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន​ថា លោក​នឹង​ប្រឹងប្រែង​ប្រើប្រាស់​តួនាទី​ក្រិ​ក​ជា​សមាជិក​សហភាព​អឺរ៉ុប​ដើម្បី​លើកកម្ពស់​ការសន្ទនារ​វាង​សមាជិក​សហភាព​អឺរ៉ុប និង​ប្រទេស​រុស្ស៊ី។ នាយករដ្ឋមន្ត្រី​ក្រិ​ក​ថ្មី​នេះ បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា​ស្រប​ពេលដែល​លោក​ជួបពិភាក្សា​ជា​លក្ខណៈ​ទ្វេភាគី​ជាមួយ​ប្រមុខរដ្ឋ​រុស្ស៊ី​ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​រុស្ស៊ី។

បើតាម​សម្តី​របស់​នាយករដ្ឋមន្ត្រី​ក្រិ​ក ចំណង​ទំនាក់ទំនង​រវាង​សមាជិក​សហភាព​អឺរ៉ុប​និង​រុស្ស៊ី ចាំបាច់​ត្រូវ​កែលម្អ និង​លើកកម្ពស់​ឲ្យ​កាន់តែ​ល្អប្រសើរ​ជាង​នេះ។មេដឹកនាំ​ក្រិ​ក​នេះ​ត្រៀមលក្ខណៈ​ដើម្បី​ប្រើប្រាស់​រាល់​ស្ថាប័នសំខាន់ៗរបស់​សហភាព​អឺរ៉ុប​ដែល​ខ្លួន​ជា​សមាជិក ដើម្បី​ជួយ​សម្រួល​ដល់​ការស្តារ​និង​រឹតបន្តឹង​ចំណងមិត្តភាព​និង​កិច្ច​ភិ​ក្សា​គ្នា​ជាមួយ​រដ្ឋាភិបាល​ក្រេ​ម​ឡាំង​ផងដែរ។

ក្នុង​សន្និសីទ​សារព័ត៌មាន​ក្នុងប្រទេស​រុស្ស៊ី មេដឹកនាំ​ក្រិ​ក​រូបនេះ​បាន​សង្កត់ធ្ងន់ថា បញ្ហា​តំបន់​អឺរ៉ុប រួមទាំង​បញ្ហា​សន្តិសុខ​ផង​នោះ​មិនអាច​ដោះស្រាយ​បានឡើយ ប្រសិនជា​គ្មាន​ការចូលរួម​ឬ​វត្តមាន​របស់​រុស្ស៊ី។ ជុំវិញ​វត្តមាន​នាយករដ្ឋមន្ត្រី​ក្រិ​កនៅ​រុស្ស៊ី គេ​ធ្លាប់​រំពឹងថា​ក្រិ​ក​រត់​រកលុយ​ជំនួយ​ពី​រុស្ស៊ី ដើម្បី​ស្រាយ​វិបត្តិ​បំណុល។ប៉ុន្តែ បើទោះជា​ក្រិ​ក​កំពុង​ប្រឈមមុខ​នឹង​វិបត្តិ​បំណុល​ក៏ដោយ ក៏​នាយករដ្ឋមន្ត្រី​ក្រិ​ក​មិនបាន​ហារ​មាត់​ស្នើសុំ​ជំនួយ​នោះឡើយ។

ចំណែក​លោកពូ​ទីន​ឯណោះ​វិញ បាន​លួច​បង្ហើប​ថា លោក​បាន​ពិភាក្សា​យ៉ាង​យកចិត្តទុកដាក់​ជាមួយ​មេដឹកនាំ​ក្រិ​កលើ​អនាគត​នៃ​ទំនាក់ទំនង​សហភាព​អឺរ៉ុប ក្រិ​ក និង​រុស្ស៊ី។ លោក​បាន​បញ្ជាក់ថា​ការសហការ​ក្នុងនាម​ជា​ដៃគូ​យុទ្ធសាស្ត្រ​យូរអង្វែង​ជាមួយ​សហភាព​អឺរ៉ុប​ឬ​ក្រិ​ក​នៅតែ​ជា​រឿង​អាទិភាព​សម្រាប់​លោក ហើយ​លោក​រំពឹងថា ក្រិ​ក​នឹង​ដើរតួនាទី​សំខាន់​ក្នុងការ​បង្កើន​និង​រឹតបន្តឹង​មិត្តភាព​រវាង​អឺរ៉ុប​និង​រុស្ស៊ី។

ដោយឡែក ភាគី​ទាំងពីរ​ក៏បាន​លើកឡើង​ពី​បញ្ហា​នៅ​អ៊ុយ​ក្រែ​ន​ដែល​មិនទាន់​ឈាន់ដល់​ទីបញ្ចប់​ដូចគ្នា។ នាយករដ្ឋមន្ត្រី​ក្រិ​កលោក Tsiprasបានបង្ហាញ​ឆន្ទៈ​ប្រឆាំង​ទណ្ឌកម្ម​លោកខាងលិច ដែល​ប្រឆាំង​រុស្ស៊ី និង​គាំទ្រ​កិច្ចព្រមព្រៀង​ក្រុង​Minsk ដែល​ត្រូវបាន​បង្កើតឡើង​កន្លង​មក​ដើម្បី​បញ្ចប់​ការប្រយុទ្ធ​រវាង​ក្រុម​ឧទ្ទាម​និង​កងកម្លាំង​រដ្ឋាភិបាល​ក្រុង​គៀវ។
ប្រមុខ​រដ្ឋាភិបាល​ក្រិ​ក​ខាងលើ​ជឿជាក់ថា កិច្ចព្រមព្រៀង​នេះ​ជាគ​ន្លឺះ​យ៉ាងសំខាន់​ក្នុងការ​ឈានទៅ​បញ្ចប់​ជម្លោះ​ប្រដាប់អាវុធ ប៉ុន្តែ​លោក​រំលឹកថា ការដាក់ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី​ត្រឹមតែ​ធ្វើ​ឲ្យ​ស្ថានការណ៍​អាក្រក់​ប៉ុណ្ណោះ។

បន្ថែម​ពី​កិច្ចពិភាក្សា​សំខាន់​ជុំវិញ​ទំនាក់ទំនង​រុស្ស៊ី​សហភាព​អឺរ៉ុប នាយករដ្ឋមន្ត្រី​ក្រិ​ក​ក៏បាន​ពិភាក្សា​ជាមួយ​មេដឹកនាំ​កំពូល​រដ្ឋាភិបាល​ក្រេ​ម​ឡាំង​ពី​បុណ្យ​រំលឹក​ខួប​លើក​ទី៧០ នៃ​ជ័យជម្នះ​លើ​កងកម្លាំង​ណា​ស៊ី​អាល្លឺម៉ង់​ក្នុងសម័យ​សង្គ្រាមលោកលើកទី។ មេដឹកនាំ​ទាំងពីរ​ចាត់ទុក​ព្រឹត្តិការណ៍​ឈ្នះ​ក្រុម​ណា​ស៊ី ជា​ថ្ងៃ​ពិសេស​បំផុត​សម្រាប់​តំបន់​និង​ពិភពលោក​ទាំងមូល​ផង៕


© រក្សាសិទ្ធិដោយ thmeythmey.com