អន្តរជាតិ
បុរស​ម្នាក់​សម្លាប់​គូ​ដណ្ដឹង​និង​សាច់ញាតិ​មួយ​គ្រួសារ ព្រោះតែ​ខាង​ស្រី​ស្ទាក់ស្ទើរ​មិន​ចង់​រៀបការ
09, Apr 2015 , 7:45 pm        
រូបភាព
ដោយ:

បុរស​ជនជាតិ​ប៉ា​គី​ស្ថាន​ម្នាក់ ត្រូវបាន​ប៉ូលីស​សង្ស័យថា​បានសម្លាប់​គូ​ដណ្តឹង​និង​សាច់ញាតិ​របស់​នាង ៩ នាក់​ផ្សេងទៀត បន្ទាប់ពី​ក្រុមគ្រួសារ​ខាង​ស្រី​បង្ហាញ​នូវ​ការស្ទាក់ស្ទើរ​ក្នុងការ​អនុញ្ញាត​ឲ្យ​នាង​ទៅ​រៀបការ​ជាមួយ​បុរស​ជា​គូ​ដណ្ដឹង​នោះ។ នេះ​បើ​យោងតាម​កាសែត New York Post ។



ប្រភព​ដដែល​ក៏បាន​ផ្សាយ​ថា បុរស​ជា​ជនសង្ស័យ​នោះ​មាន​អាយុ ២៥ ឆ្នាំ ហើយ​ត្រូវបាន​គេ​ស្គាល់​ថា​គឺ​លោក Gul Ahmad Saeedបាន​រត់គេច​ចាប់តាំងពី​ពេលដែល​គេ​បានសម្លាប់​គូ​ដណ្ដឹង ឪពុកម្តាយ​បងប្រុស និង​បងស្រី​របស់​ខាង​ស្រី​កាលពីដើម​ឆ្នាំនេះ នៅពេលដែល​ពួកគេ​បាន​រារាំង​ពិធី​រៀប​អាពាហ៍ពិពាហ៍​របស់ខ្លួន និង​ស្ត្រី​ជា​គូ​ដណ្ដឹង​នោះ។

កាលពី​ថ្ងៃអាទិត្យ​មុន​លោក Gul Ahmad បាន​វិលត្រឡប់​មកកាន់​ទីក្រុង​ដែល​លោក​រស់នៅ​ស្ថិតក្នុង​ភាគ​ពាយព្យ​ប្រទេស​ប៉ា​គី​ស្ថាន​ជា​កន្លែង​ដែល​គាត់​បាន​បាញ់សម្លាប់​គូ​ដណ្តឹង​ឪពុកម្តាយ​និង​បងប្អូន​របស់​នាង​ចំនួន ៧ រូប​ផ្សេងទៀត បន្ទាប់ពី​ពូ​ខាង​ស្រី​បានលើកឡើង​ពី​ការប្រឆាំង​របស់គាត់ ទៅនឹង​ពិធី​រៀបការ​របស់​បុរស​ម្នាក់​នោះ​ជាមួយនឹង​ក្មួយ​ស្រី​របស់គាត់។

ក្រោយពេល​កើតហេតុ ក្រុម​ប៉ូលីស​បាន​ព្យាយាម​ស្វែងរក​ជនសង្ស័យ​ប៉ុន្តែ​បុរស​ម្នាក់​នោះ បាន​រត់គេចខ្លួន​ចូលទៅក្នុង​តំបន់​កុលសម្ព័ន្ធ​ពាក់កណ្តាល​ស្វយ័ត​មួយ ស្ថិតនៅតាម​បណ្តោយ​ព្រំដែន​ជាមួយ​ប្រទេស​អាហ្គានីស្ថាន​ជា​កន្លែង​ដែល​អាជ្ញាធរ​រដ្ឋាភិបាល​គ្មាន​ឥទ្ធិពល ហើយ​ប៉ូលីស​ក៏​គេ​មិន​អនុញ្ញាត​ឲ្យ​ចូលទៅ​ទីនោះ​បាន​ដោយ​ស្របច្បាប់​នោះទេ។

អំពើ​ឃាត​កម្មនេះ បាន​កើតឡើង​នៅក្នុង​តំបន់​អភិរក្ស​យ៉ាងខ្លាំង​មួយ នៅក្នុង​ប្រទេស​ប៉ា​គី​ស្ថាន​និង​ជា​កន្លែង​ដែល​ស្ត្រី មិនត្រូវ​បាន​គេ​លើកទឹកចិត្ត​ឲ្យ​ទៅ​សាលារៀន​ហើយ​មាន​ជម្រើស​តិចតួច​ក្នុងការ​ជ្រើសរើស​គូស្រករ៕


© រក្សាសិទ្ធិដោយ thmeythmey.com