សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ត្រឹម​ឆ្នាំ២០១៤ចិន​ជំពាក់​បំណុល​បរទេស​ប្រមាណ​ជា៨៩៥ ពាន់​លាន​ដុល្លារ
10, Apr 2015 , 8:30 am        
រូបភាព
ដោយ: ថ្មីៗ
អង្គភាព​និយ័ត​ករ​ប្តូរប្រាក់​បរទេស​របស់​ប្រទេស​ចិន​បាន​ឲ្យ​ដឹងថា​មកដល់ពេលនេះ​បំណុល​ដែល​ប្រទេស​ចិន​ជំពាក់​បរទេស នៅក្នុង​ឆ្នាំ ២០១៤ បាន​កើន​ឡើងដល់​ជាង ៨៩៥ ពាន់​លាន​ដុល្លារ ឬ​ស្មើនឹង ២,៥ ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ ២០១៣ ។



បើតាម​ការផ្សាយ​របស់ CCTV អង្គភាព​រដ្ឋបាល​ប្តូរប្រាក់​បរទេស​របស់​រដ្ឋ​ចិន ហៅ​កាត់ (SAFE) បានបញ្ជាក់​ផងដែរ​ថា ទោះបីជា​បំណុល​ដែល​ប្រទេស​ចិន​ជំពាក់​បរទេស មានការ​កើនឡើង​ក៏ដោយ ក៏​ចិន​នៅតែ​អាច​គ្រប់គ្រង​លើ​ហានិភ័យ​នៃ​ការសង​បំណុល​បាន។

បំណុល​បរទេស​សរុប​របស់​ប្រទេស​ចិន​គិត​ត្រឹម​ឆ្នាំ ២០១៤ កន្លងទៅនេះ គឺ​ស្មើនឹង ៨,៦ ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប (GDP) របស់​ប្រទេស​ចិន ខណៈពេលដែល​បំណុល​រយៈពេល​ខ្លី​របស់​ចិន គឺ​ស្មើនឹង ១៧,៨ ភាគរយ នៃ​ប្រាក់​បម្រុង​រូបិយប័ណ្ណ​បរទេស​របស់​ប្រទេស​នេះ។

SAFEក៏បាន​ពន្យល់​បន្ថែមថា​អនុ​បាត​បំណុល​ទាំងនោះ​នៅក្នុង​ស្ដង់ដារ​សុវត្ថិភាព​ដែល​ត្រូវបាន​ទទួលស្គាល់​ជា​អន្តរជាតិ។ បំណុល​សរុប​ខាងលើនេះ គឺ​មិនបាន​រួមបញ្ចូល​ទាំង​បំណុល​របស់​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង​និង​ម៉ា​កាវ​ឬ​តៃវ៉ាន់​នោះទេ។

បើ​គិត​តាម​រចនាសម្ព័ន្ធ​រូបិយវត្ថុ​បំណុល​របស់​ប្រទេស​ចិន​គិត​ជា​ប្រាក់​ដុល្លារ​អាមេរិក គឺមាន​ចំនួន ៨០ ភាគរយ​នៃ​បំណុល​បរទេសធំៗ បន្ទាប់មក​គឺមាន​បំណុល​ជា​ប្រាក់​អឺរ៉ូ៦ ភាគរយ​និង​ប្រាក់​យ៉េន​របស់​ជប៉ុន ៤ ភាគរយ​ផងដែរ៕


© រក្សាសិទ្ធិដោយ thmeythmey.com