អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ក្រុមគាំទ្រ​ក្រុម​ជី​ហាត​អុកឡុក​ទូរទស្សន៍​TV5Monde មួយ​ក្បាច់ ព្រមាន​រដ្ឋាភិបាល​បារាំង
10, Apr 2015 , 11:16 am        
រូបភាព
ដោយ:
កាលពី​យប់​ថ្ងៃ​ពុធ ការផ្សាយ​ព័ត៌មាន​របស់​ទូរទស្សន៍​អន្តរជាតិ TV5Monde បាន​រង​ភាពរអាក់រអួល។ យប់​ថ្ងៃ​ពុធ គេ​ឃើញតែ​រូបភាព​អេក្រង់​ខ្មៅ​ងងឹត ពេល​គេ​បើក​ប៉ុស្តិ៍​TV5Mondeនេះ​ឡើង។ ក្នុង​វេ​ប​សាយ​ទូរទស្សន៍​វិញ គេ​ឃើញ​មាន​ឃ្លាប្រយោគ​ជា ភាសា​អារ៉ាប់ ចុះផ្សាយ​ក្នុង​រយៈពេល​ខ្លី។  ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ទូរទស្សន៍​TV5Mondeមានលទ្ធភាព​បានត្រឹមតែ​ផ្សាយ​កម្មវិធី ដែល​ថត​ទុក​រួច​ប៉ុណ្ណោះ។



នៅ​យប់​ថ្ងៃ​ពុធ ក្នុង​វេ​ប​សាយ​របស់​ទូរទស្សន៍​ផ្សាយ​ជា​ភាសា​បារាំង​TV5Monde ក្នុង​រយៈពេល​ខ្លី តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ក្រុមមនុស្ស​ដែល​គេ​គិតថា ជា​អ្នកគាំទ្រ​ក្រុម​ជី​ហាត​រដ្ឋ​អ៊ីស្លាម​បាន​ចុះផ្សាយ​មុខមាត់​របស់​សកម្មជន​ជី​ហាត​ម្នាក់​ជំនួស​អោយ​រូបតំណាង​TV5Monde វិញ។ អត្តសញ្ញាណ​និង​ប្រវត្តិរូប​របស់​បណ្តាជន​ជិតដិត​នឹង​ទាហាន​បារាំង​ដែល​ធ្វើ​ប្រតិបត្តិការ​កំចាត់​ក្រុម​ជី​ហាត​ក៏​ត្រូវបាន​ចុះផ្សាយ​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ទូរទស្សន៍​ដែរ។ ក្រុម​អ្នកគាំទ្រ​ជី​ហាត​ទាំងនេះ​បាន​ចុះផ្សាយ​សារ​មួយ​បរិហារ​អន្តរាគមន៍​យោធា​បារាំង និង​ប្រធានាធិបតី​បារាំង ថា​បានធ្វើ​ខុស​មិនអាច​អត់ឱន​អោយបាន ព្រោះ​បានធ្វើ​សង្គ្រាម​ដែល​មិន​ផ្តល់​ផលប្រយោជន៍​អ្វី​ទាល់តែសោះ។ សកម្មជន​ទាំងនេះ​ក៏បាន​ប្រាប់​ដែរ​ថា វេ​ប​សាយ​របស់​ក្រុម​រដ្ឋ​អ៊ីស្លាម​ដែល​គេ​ហៅថា​CyberCaliphate កំពុងតែ​តាមរក​មុខ​ក្រុមគ្រួសារ​ទាហាន​ដែល​លក់ខ្លួន​អោយ​អាមេរិក។

នាយករដ្ឋមន្ត្រី​បារាំង ម៉ា​នុយ​អែល វ៉ាល់ បាន​បរិហារ​ទង្វើ​នេះ ថា​ប៉ះពាល់​សេរីភាព​សារព័ត៌មាន​និង​ការបញ្ចេញ​មតិយោបល់។ ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ សមាជិក​រដ្ឋាភិបាល​បារាំង​បាន​ប្រជុំ​ជាមួយ​ថ្នាក់ដឹកនាំ​ទូរទស្សន៍​បារាំង ដើម្បី​វាយតម្លៃ​ពី​ស្ថានភាព​នៃ​ការគំរាមកំហែង​និង​ចាត់វិធានការ​ការពារ​ពី​ការវាយប្រហារ​ក្នុង​វេ​ប​សាយ។ ពេលនេះ អាជ្ញាធរ​បារាំង​កំពុង​ស៊ើបអង្កេត​រកមុខ​ជនដៃដល់។ បារាំង​ចង់ដឹងថា ការឈ្លានពាន​ការផ្សាយ​ព័ត៌មាន និង​វេ​ប​សាយ​របស់​TV5Monde ពិតជា​បង្កឡើង​ដោយ​ក្រុម​ជី​ហាត​រដ្ឋ​អ៊ីស្លាម​មែនរឺ​យ៉ាងណា។

បារាំង​មិនទាន់​ច្បាស់​ក្នុង​ចិត្ត​ថា ក្រុម​ជី​ហាត​រដ្ឋ​អ៊ីស្លាម​ពិតជា​បានធ្វើ​សកម្មភាព​បែបនេះ​ទេ ព្រោះថា ទោះជា​ក្រុមមនុស្ស​ដែល​បង្ក​បទល្មើស​នេះ បាន​ប្រាប់ថា មកពី​ក្រុម​ជី​ហាត​រដ្ឋ​អ៊ីស្លាម​ក្តី ក៏​គេ​នៅ​មិនទាន់​ឃើញ CyberCaliphateរបស់​ក្រុម​ជី​ហាត​ចុះផ្សាយ​ព័ត៌មាន​ទាក់ទង​ហេតុការណ៍​រអាក់រអួល​TV5Mondeដែរ។ គួរ​រំលឹក​ដែរ​ថា កាលពី​ខែមករាក៏​ធ្លាប់មាន​មនុស្ស​មួយចំនួន​អះអាងថា​មកពី​ក្រុម​រដ្ឋ​អ៊ីស្លាម ហើយ​បាន​ចូល​ឈ្លានពាន​វេ​ប​សាយ​CentCom របស់​មជ្ឈមណ្ឌល​បញ្ជា​ការ​តំបន់​មជ្ឈិម​បូ​ព៌ារបស់​មន្ទីរ​ប៉ង់​តា​ហ្កូ​ន​ដែរ។

ទូរទស្សន៍​អន្តរជាតិ​TV5Monde ផ្សាយ​ព័ត៌មាន​ជា​ភាសា​បារាំង តាម​ប្រទេស​ចំនួន២០០ ជា​បណ្តាញ​ទូរទស្សន៍​ធំ​បំផុត​លំដាប់​ទី២ក្នុង​ពិភពលោក បន្ទាប់ពី​ទូរទស្សន៍​អាមេរិក MTV៕


© រក្សាសិទ្ធិដោយ thmeythmey.com