អន្តរជាតិ
Brickfields៖ កូនប្រទេស​​ឥណ្ឌា​ក្នុង​ទីក្រុង ​គូ​ឡា ឡាំ​ពួរ
11, Apr 2015 , 8:21 am        
រូបភាព
Thosai អាហារពេលព្រឹក​របស់​ជនជាតិ​ឥណ្ឌា​ដ៏ពេញនិយម​
Thosai អាហារពេលព្រឹក​របស់​ជនជាតិ​ឥណ្ឌា​ដ៏ពេញនិយម​
គូឡាឡាំពួរ៖ Brickfields គឺជា​តំបន់​ទេសចរណ៍​ដ៏​មាន​សក្តានុពល​មួយ​ដែល​ស្ថិតនៅ​ជាយ​ទីក្រុង​គូ​ឡា​ឡាំ​ពួរ​នៃ​ប្រទេស​ម៉ាឡេស៊ី។ Brickfields ត្រូវបាន​ជនជាតិ​ម៉ាឡេស៊ី និង​អ្នកទេសចរ​ដែល​ស្គាល់​ប្រទេស​ម៉ាឡេស៊ី ហៅថា​ជា​កូន​ប្រទេស​ឥណ្ឌា​នៅក្នុង​គូ​ឡា​ឡាំ​ពួរ។ ពួកគេ​ហៅ Brickfields ថា​ជា​កូន​ប្រទេស​ឥណ្ឌា ដោយសារតែ​នៅក្នុង​តំបន់​នោះ​មាន​ជនជាតិ​ម៉ាឡេស៊ី​ដើមកំណើត​ឥណ្ឌា​រស់នៅ​ច្រើន ហើយ​ក៏មាន​ជំនួញ​របស់​ក្រុមហ៊ុន​ឥណ្ឌា​ច្រើន​ដែរ។ ម្យ៉ាងវិញទៀត ក្នុង​តំបន់​នោះ​និយាយ​ជារួម និង​នៅតាម​ហាង​របស់​ជនជាតិ​ឥណ្ឌា​ជាច្រើន​និយាយ​ដោយឡែក ក៏មាន​ពលករ​ឥណ្ឌា​ជាច្រើន​កំពុងធ្វើការ​ដែរ ដែលជា​ហេតុ​ធ្វើ​ឲ្យ​តំបន់​នោះ ហាក់ជា​ប្រទេស​ឥណ្ឌា​មួយ​អ៊ីចឹង។



បើទោះជា​មាន​អគារ​ពាណិជ្ជកម្ម និង​អគារ​ការិយាល័យធំៗ ខ្ពស់​ដូច​ក្នុង​ទីក្រុង​ទំនើប​មែន ប៉ុន្តែ​នៅតាម​ផ្លូវ ឬ​នៅតាម​ផ្ទះល្វែង​អម​សងខាង​ផ្លូវ គឺជា​ហាង​អាហារ ហាង​លក់​វត្ថុ​អនុស្សាវរីយ៍ ហាង​លក់​សម្ភារៈប្រើប្រាស់ ហាង​អេឡិចត្រូនិក ដែលមាន​ដាក់​ស្លាក ប៉ាណូ​ជា​អក្សរ​ឥណ្ឌា ជា​រូបភាព​នានា​ដែល​គេ​អាច​សម្គាល់​បាន​ថា ជា​សហគមន៍​ឥណ្ឌា។ នៅ​តំបន់​នោះ​ក៏​មិន​ស្ងាត់​ដែរ ស្ទើរតែ​គ្រប់​ហាង សុទ្ធតែ​ចាក់​ភ្លេង និង​ចម្រៀង​ឥណ្ឌា​លាន់ឮ​រំពង ប្រណាំង​ជាមួយនឹង​សំឡេង​យានយន្ត​តូចធំ​លើ​ទ្រូ​ង​ផ្លូវ។

នៅក្នុង​ឱកាស​នៃ​ការរៀបចំ​ព្រឹត្តិការណ៍​អន្តរជាតិ Mega Meet 2015 របស់​ក្រសួងទេសចរណ៍​ម៉ាឡេស៊ី (Tourism Malaysia) អ្នកកាសែត និង​ក្រុមហ៊ុន​ភ្នាក់ងារទេសចរណ៍​មកពី៣៩ប្រទេស​ត្រូវបាន​អញ្ជើញ​ឲ្យ​ចូលរួម ដើម្បី​កម្សាន្ត​នៅតាម​រមណីយដ្ឋាន​ទេសចរណ៍​របស់​ប្រទេស​ម៉ាឡេស៊ី។

អ្នកកាសែត​មួយក្រុម​មកពី​ប្រទេស​កម្ពុជា ប្រ៊ុយណេ ឡាវ អារ៉ាប់ អេ​មី​រ៉ា​ត ត្រូវបាន​នាំទៅ​ទស្សនកិច្ច​តំបន់ Brickfields ឬ​ប្រទេស​ឥណ្ឌា​ក្នុង​ទីក្រុង​គូ​ឡា​ឡាំ​ពួរ​នេះ ដើម្បី​ភ្លក់​អាហារ​ឥណ្ឌា ដ៏​ពេញនិយម​ដែល​គេ​លក់​តាមផ្លូវ​ក្នុង​តំបន់​នេះ។

Thosai គឺជា​ប្រភេទ​អាហារ​ឥណ្ឌា​ដែល​គេ​បរិភោគ​ពេលព្រឹក​ដ៏​ពេញនិយម។ វា​ជា​ប្រភេទ​នំ​ក្រែប​យ៉ាង​វែង ដែល​ចម្អិន​ពី​អង្ករ ហើយ​ត្រូវ​បរិភោគ​សម្លរ​ការី និង​ទឹកជ្រលក់​ដែលមាន​រសជាតិ​ហិ​រ២ ឬ៣មុខ​ទៀត។

នំ​ផ្អែម ភេសជ្ជៈ ម្ហូបបួស និង​អាហារ​ជាច្រើន​ទៀត​ត្រូវបាន​ដាក់លក់​នៅតាម​ហា​ង​អាហារ​នៃ​ផ្ទះល្វែងជាប់ៗគ្នា​យ៉ាង​វែង៕












© រក្សាសិទ្ធិដោយ thmeythmey.com