អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
យន្តហោះ​ចំបាំង​បារាំង ​Rafale សង្ហា​ស៊ិ​ច​ស៊ី​ ធ្វើអោយ​គេ​ច្រណែន​ពេញ​ពិភពលោក
11, Apr 2015 , 10:52 am        
រូបភាព
ដោយ:
អោយតែ​ហាមាត់​និយាយ​ពី​យន្តហោះ​ចំបាំង​Rafaleរបស់​បារាំង គេ​មើល​ឃើញតែ​គុណសម្បត្តិ​ឥតខ្ចោះ​របស់​វា​ប៉ុណ្ណោះ។ អេ​ហ្ស៊ី​ប​បាន​ទិញ Rafale ២៤គ្រឿង​ពី​បារាំង កាលពី​ខែកុម្ភៈ ឥឡូវ ដល់​វេន​ឥណ្ឌា​វិញ​ម្តង។ ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​បារាំង នៅ​ថ្ងៃ​សុក្រ​ម្សិលមិញ នាយករដ្ឋមន្ត្រី ណារិន​ដ្រា ម៉ូ​ឌី មិនអាច​ទប់ចិត្ត​បាន ហើយ​បាន​ចុះហត្ថលេខា​ទិញយក Rafale ៣៦គ្រឿង​ពី​បារាំង​ដើម្បី​បំពាក់​ឲ្យ​កងទ័ពអាកាស​ឥណ្ឌា។



ហេតុអ្វី​យន្តហោះ​ចំបាំង Rafale មាន​មន្ត​ស្នេហ៍​ទាក់ទាញ​ដូច្នេះ? Rafale មាន​រាង​ជា​ឌែ​លតា ផលិត​ដោយ​ក្រុមហ៊ុន​បារាំង Dassault និង​ដាក់អោយ​កងទ័ព​បារាំង​ប្រើ​ចាប់ពី​ឆ្នាំ ២០០១មក។ ក្នុង​ឆ្នាំ២០២៥-២០៣០ខាងមុខ បារាំង​ចង់​ប្រើ Rafaleជំនួស​យន្តហោះ៧ប្រភេទ ដែល​កងទ័ពអាកាស និង​កងទ័ពជើងទឹក​កំពុង​ប្រើ​សព្វថ្ងៃ។

យន្តហោះ​Rafale មាន​តួនាទី​ច្រើន​មុខ ដូចជា​ការពារ​ដែនអាកាស ចាប់​អត្តសញ្ញាណ​សត្រូវ ហើយ​តួនាទី​លេចធ្លោ​បំផុត​នោះ​គឺ​ការវាយប្រហារ​នុយក្លេអ៊ែរ។ ក្នុង​បេសកកម្ម​ទំលាក់​គ្រាប់បែកនុយក្លេអ៊ែរ  Rafale អាច​ដឹក​មី​ស៊ី​ល​MICAបាន៦ដើម មី​ស៊ី​ល ASMPA មួយ​ដើម ហើយ​មាន​កន្លែង​ស្តុក​សាំង២០០០លីត្រ​បន្ថែមទៀត។ យន្តហោះ​នេះ​មាន​ភាព​ឯករាជ្យ អាច​ហោះហើរ​បាន​ជាង១២ម៉ោង មុននឹង​ត្រូវ​ចាក់​សាំង គឺ​លើសពី​យន្តហោះ​Mirage 2000 ដែល​អាច​ហោះ​បាន​ត្រឹម១០ម៉ោង។ Rafale មាន​ល្បឿន​លឿន ហើយ​អាចធ្វើ​ដំណើរ​ក្នុង​ផ្លូវ​ស្មុគស្មាញ អាច​វាយប្រហារ​បាន​ចំងាយ​ឆ្ងាយ និង​អាច​លេច​មុខមក​កំចាត់​សត្រូវ ទាំង​សត្រូវ​មិនបាន​គិតទុក​ជាមុន។

អានុភាព​ជាក់ស្តែង​រប​ស់​យន្តហោះ​ចំបាំង​Rafale បានបង្ហាញ​ឡើង ក្នុង​អន្តរាគមន៍​យោធា​នៅ​លី​ប៊ី កាលពី​ឆ្នាំ២០១១ ។ អ្នកជំនាញ​លើកឡើងថា Rafale ៤គ្រឿង​បានធ្វើការ​វាយប្រហា​រយ៉ា​ង​យូរ រហូតដល់៩ម៉ោង៣៥នាទី នៅលើ​ដែនអាកាស ជា​រយៈពេល​យូរ​ជា​ប្រវត្តិសាស្ត្រ​សម្រាប់​កងទ័ពអាកាស។ កាលនោះ Rafaleក៏បាន​ចាក់​សាំង​ក្នុងពេល​កំពុង​ប្រតិបត្តិការ​ក្នុង​ដែនអាកាស​ផងដែរ។

ដោយសារ​គុណសម្បត្តិ​ទាំងអស់នេះ ប្រទេសមួយ​ចំនួន​ដូចជា​ស្វ៊ី​ស កូរ៉េ ប្រេ​ស៊ី​ល រឺក៏​ម៉ា​រ៉ុ​ក សុទ្ធតែ​ប៉ុនប៉ង​ចង់បាន​Rafaleគ្រប់គ្នា។ ប៉ុន្តែ ចង់​ទិញ​យន្តហោះ​Rafaleក៏​មិនមែន​ស្រួល​ដែរ គឺ​ត្រូវតែមាន​ទំនាក់ទំនង​ការទូត​ល្អជា​មួយ​បា​រាំងជា​ម្ចាស់​វា​សិន។

កន្លងមក ធ្លាប់​មានការ​បន្ថោក​គុណសម្បត្តិ​របស់​Rafale ប្រហែល​ដោយសារ​ភាព​ច្រណែន​ក៏​ថា​បាន។ ទោះ​យ៉ាងនេះ​ក្តី ក៏​Rafaleនៅតែ​ជា​យន្តហោះ​ចំបាំង​ដ៏​ពូកែ​បំផុត​ក្នុង​ពិភពលោក។ ដោយឡែក បើ​ប្រៀប​នឹង​យន្តហោះ​F-16របស់​អាមេរិក Gripenរបស់​ស៊ុយអែត រឺក៏​Typhoonរបស់​បណ្តា​ប្រទេស​អឺរ៉ុប តម្លៃ​របស់​Rafaleហាក់ដូចជា​ខ្ពស់​ហួសហេតុ។

មុនពេល​ឥណ្ឌា​ប្រកាស​ទិញ​ប្រើ៣៦គ្រឿង​នៅ​ល្ងាច​ថ្ងៃ​សុក្រ​ម្សិលមិញ សារព័ត៌​មានបារាំង Le Monde បាន​ចុះផ្សាយ​ថា ឥណ្ឌា​ចង់​ទិញ​រ៉ា​ហ្វា​ល់៦៣គ្រឿងភ្លាមៗ ក្នុងតម្លៃ៧៣០០លាន​អឺរ៉ូ។ មានន័យថា យន្តហោះ១គ្រឿង អាចមាន​តម្លៃ​ដល់​ទៅជិត១១៦លាន​អឺរ៉ូ៕


© រក្សាសិទ្ធិដោយ thmeythmey.com