អន្តរជាតិ
អាមេរិក​ចែក​ព័ត៌មាន​ចារកម្ម​បន្ថែម​ដល់​រដ្ឋ​អារ៉ាប់​ដើម្បី​កម្ចាត់​ក្រុម​ឧទ្ទាម​យេ​ម៉ែន
11, Apr 2015 , 7:05 pm        
រូបភាព
រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ត្រៀម​ពង្រីក​ការផ្តល់​របាយការណ៍​ចារកម្ម​ជាមួយ​អា​រ៉ា​ប៊ី​សា​អូឌីត​ដើម្បី​បង្កើន​សមត្ថភាព​ប្រយុទ្ធ​ជាមួយ​ក្រុម​ឧទ្ទាម​គាំទ្រ​ដោយ​អ៊ីរ៉ង់ Houthis។ ការប្រកាស​ផ្តល់​របាយការណ៍​ចារកម្ម​បន្ថែម​នេះ​កើតឡើង​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​ពេលដែល អាមេរិក សន្យាថា​នឹង​ផ្តល់ជំនួយ​ស​ពា្វ​វុ​ធ​គាំទ្រ​រដ្ឋ​អារ៉ាប់​ដើម្បី​ទម្លាក់​គ្រាប់​នៅ​យេ​ម៉ែន។


សហរដ្ឋ​អាម​រិ​ក​ឯកភាព​ថា​នឹង​ផ្តល់​បន្ថែម របាយការណ៍​ចារកម្ម​ច្រើន​ជាមុន​អោយ​អា​រ៉ា​ប៊ី​សា​អូឌីត ដើម្បី​ធានាថា ការវាយប្រហារ​តាមផ្លូវ​អាកាស​របស់រ​ដ្ឋ​អារ៉ាប់​ប្រឆាំង​ក្រុម​ឧទ្ទាម​នៅ​យេ​ម៉ែន​កាន់​តែមាន​ប្រសិទ្ធភាព។ មន្ត្រី​ក្រុង​វ៉ាស៊ីនតោន​មិនបាន​បង្ហាញ​អត្តសញ្ញាណ​ម្នាក់​បានបញ្ជាក់ ការផ្តល់​បន្ថែម​របាយ​ការណ៍​ចារកម្ម​នេះ​គឺ​រួមមាន​ទាំង​ការណ៍​ចែករំលែក​របាយការណ៍​រសើប ឬ​សម្ងាត់​នានា​ជុំវិញ​ទីតាំង​របស់​ក្រុម​ឧទ្ទាម Houthis នៅក្នុង​ប្រទេស​យេ​ម៉ែន ដើម្បី​ធានាថា ការវាយប្រហារ​អាចមាន​ប្រសិទ្ធភាព​ខ្ពស់។

ការចែករំលែក​របាយ​ការណ៍​បន្ថែម​អោយ​អា​រ៉ា​ប៊ី​សា​អូឌីត​នេះ អាមេរិក​រំពឹងថា កង​ម្លាំ​ង​ផ្លូវអាកាស​នេះ​នឹងមាន​សមត្ថភាព​កំណត់​ទីតាំង​សត្រូវ​ច្បាស់លាស់​ជាង​ពេលបច្ចុប្បន្ន ហើយ​ចៀសវាង​ការវាយប្រហារ​ច្រឡំ​ទីតាំង​ជន​ស៊ីវិល​ផង។ ចំនួន​ជន​ស៊ីវិល​បន្ត​ស្លាប់បាត់​បង់ជីវិត​ដោយសារ​ការទម្លាក់​គ្រាប់បែក​របស់​រដ្ឋ​អារ៉ាប់​នេះ កំពុង​ក្លាយជា​ក្តី​បា​ម្ភ​សម្រាប់​សហគមន៍​អន្តរជាតិ ជាពិសេស​មហាអំណាច​តំបន់​ដូចជា​អ៊ីរ៉ង់​ជាដើម។ អ៊ីរ៉ង់ រុស្ស៊ី ចិន សុទ្ធតែ​ប្រឆាំង​ការវាយប្រហារ​ផ្លូវអាកាស និង​ទាមទារ​អោយ​បណ្តា​រដ្ឋ​អារ៉ាប់​បញ្ឈប់​ការទម្លាក់​គ្រាប់​រួច​ជំរុញ​អោយ​ភាគី​ជម្លោះ​បង្កើត​បទ​ឈប់​បាញ់​អចិន្ត្រៃយ៍​មួយ។ ចុងក្រោយ​ពួកគេ​អាច​ឈានទៅ​ចរចា​បញ្ចប់​វិបត្តិ​នយោបាយ​បាន។

សហរដ្ឋអាមេរិក​បច្ចុប្បន្ន​ព្យាយាម​គាំទ្រ​អា​រ៉ា​ប៊ី​សា​អូឌីត​អោយ​ទប់ស្កាត់​ក្រុម​ឧទ្ទាម​យេ​ម៉ែន​មិនអោយ​ពង្រឹងកម្លាំង​និង​ដណ្តើម​អំណាច​ដោយ​ប្រើប្រាស់​ចុង​កាំភ្លើង។ ប៉ុន្តែ​ការគាំទ្រ​របស់​អាមេរិក​នេះ​កំពុង​ក្លាយជា​ក្តីបារម្ភ​មួយ។ អនុរដ្ឋមន្ត្រី​ការបរទេស​អាមេរិក​បានប្រកាសថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ត្រៀមលក្ខណៈ​ដើម្បី​ផ្តល់​របាយការណ៍​ចារកម្ម និង​ព​ន្លឿ​ន​ការផ្គត់ផ្គង់​អាវុធ​យុទ្ធ​ភ័​ណ្ឌ​ដល់​បណ្តា​រដ្ឋ​អារ៉ាប់​ដែល​ចូលរួម​ទម្លាក់​គ្រាប់បែក​ប្រឆាំង​ក្រុម Houthis យេ​ម៉ែន។

សហរដ្ឋអាមេរិក​គាំទ្រ​មេដឹកនាំ​រដ្ឋាភិបាល​ដែល​កំពុង​ភៀសខ្លួន​លោក Hardi ហើយ​រដ្ឋបាល​លោក អូ​បា​ម៉ា ក៏​គាំទ្រ​ការប្រើប្រាស់​សង្គ្រាម​ផ្លូវអាកាស​ប្រឆាំង​ក្រុម​ឧទ្ទាម​ផងដែរ បើទោះជា​មានការ​រិះគន់​ពី​សំណាក់​បណ្តា​ប្រទេស​មួយចំនួន​ក៏ដោយ។ យ៉ាងណាមិញ​ការផ្តល់​សព្វាវុធ​ទៅអោយ​អា​រ៉ា​ប៊ី​សា​អូឌីត ដើម្បី​កម្ចាត់​ក្រុម​ឧទ្ទាម​នេះ កំពុង​បង្កើន​ក្តីបារម្ភ ព្រោះ​គេ​មិនដឹងថា​អាវុធ​នោះ​យកមកប្រើ​ដើម្បី​កម្ចាត់​ក្រុម​ឧទ្ទាម​ឬ​សម្លាប់​ជន​ស៊ីវិល​ឡើយ។ របាយការណ៍​ថ្មី​បាន​បង្ហាញថា ការវាយប្រហារ​ចុងក្រោយ​បានសម្លាប់​ជន​ស៊ីវិល​ជាពិសេសក្មេងៗ ដោយសារ​ទីតាំង​នោះ​ជា​សាលារៀន ហើយ​ភ្នាក់ងារ​កាកបាទក្រហម​បាន​ព្រមាន​រួច​ហើយពី​ការបន្ត​វាយប្រហារ​នេះ៕


© រក្សាសិទ្ធិដោយ thmeythmey.com