អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោកអូ​បា​ម៉ា៖ ហ៊ី​ឡា​រី​គ្លី​ន​តុ​ន​ជា​បេក្ខជន​សក្តិសមស​ម្រាប់តំណែង​ប្រធានាធិបតី
12, Apr 2015 , 1:39 pm        
រូបភាព
ក្នុង​សន្និសីទ​កំពូល​ថ្នាក់​តំបន់​ក្នុងប្រទេស​ប៉ា​ណា​ម៉ា ប្រធានាធិបតី​អាមេរិក​បា​រ៉ា​ក់ អូ​បា​ម៉ា បាន​ថ្លែង​កោតសរសើរ​អតីតរដ្ឋមន្ត្រី​ការបរទេស និង​ជា​បេក្ខជន​ប្រធានាធិបតី​សម្រាប់​ឆ្នាំ ២០១៦ ហ៊ី​ឡា​រី គ្លី​ន​តុ​ន។ លោក​បាន​បញ្ជាក់ថា​លោកស្រី ហ៊ី​ឡា​រី​គ្លី​ន​តុ​ន ជា​បេក្ខជន​ប្រធានាធិបតី​ម្នាក់​ដែល​សមត្ថភាព​ខ្ពស់ និង​ជា​មនុស្ស​ម្នាក់​សក្តិសម​បំផុត​សម្រាប់​តំណែង​ប្រ​ធានា​ធិ​តី​អាមេរិក។


ស្រប​ពេលដែល​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន ប្រកាសថា លោកស្រី​នឹង​ចាប់ផ្តើម​យុទ្ធនាការ​ឃោសនាបោះឆ្នោត​សម្រាប់​តំណែង​ប្រធានាធិបតី​អាមេរិក​នៅ​ថ្ងៃអាទិត្យ​នេះ​ផង​នោះ ម្សិលមិញ​ប្រធានាធិបតី​អាមេរិក​លោក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​ថ្លែង​កោតសរសើរ​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន​ឥត​ដាច់។ ក្នុង​សន្និសីទ​កំពូល​ថ្នាក់​តំបន់​នៅក្នុង​ប្រទេស​ប៉ា​ណា​ម៉ា ប្រធានាធិបតី​អាមេរិក​ខាងលើ បាន​ព្យាយាម​រំលឹក​ពី​អនុស្សាវរីយ៍ ដែល​លោក​មាន​ជាមួយ​អតីត​បេក្ខជន​ប្រធានាធិបតី និង​អតីតរដ្ឋមន្ត្រី​ការបរទេស​ក្នុង​រដ្ឋបាល​របស់លោក។ មិន​ត្រឹមតែ​កោតសរសើរ​ប៉ុណ្ណោះ​ទេ លោក អូ​បា​ម៉ា​បាន​បញ្ជាក់ថា​លោក​ចាត់ទុក​លោកស្រី​គ្លី​ន​តុ​ន ជា​មិត្តភក្តិ​ជិតស្និទ្ធ​របស់លោក​ផងដែរ។

ប្រមុខរដ្ឋ​អាមេរិក​ខាងលើ បាន​បញ្ជាក់ថា លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន ជា​ដៃគូ​ប្រជែង​ដ៏​ឆ្នើម ជា​រដ្ឋមន្ត្រីការបរទេស​ដែលមាន​សមត្ថភាព និង​ជា​មនុស្ស​ម្នាក់​ដែល​សក្តិសម​នឹង​តំណែង​ប្រធានាធិបតី​អាមេរិក​បំផុត​ផងដែរ។ លោកស្រី ហី​ឡា​រី​គ្លី​ន​តុ​ន មាន​វ័យ ៦៧ឆ្នាំ នឹង​ក្លាយជា​បេក្ខជន​សំខាន់បំផុត​មួយ​របស់​បក្ស​ប្រជាធិបតេយ្យ​ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី​សម្រាប់​ឆ្នាំ ២០១៦ខាងមុខ។ នៅ​ថ្ងៃអាទិត្យ​នេះ​លោកស្រី​អតីត​ប្រមុខ​ការទូត​អាមេរិក​នេះ​ប្រហែលជា​នឹង​បង្ហាញ​ផែនការ​ឃោសនាបោះឆ្នោត​ថែម​ទៀតផង។ បើ​យោងតាម​របាយការណ៍​ស្ទង់​មតិ​កន្លងមក ចំនួន​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​ប្រហែល ៦០ភាគរយ​អះអាងថា គេ​នឹង​បោះឆ្នោត គាំទ្រ​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន​ជា​បេក្ខជន​ប្រធានាធិបតី​អាមេរិក​ផង។ ប្រហែលជា​ការបោះឆ្នោត​ឆ្នាំក្រោយ​នេះ​ជា​ពេលវេលា​ដែល​កំណត់អោយ​សហរដ្ឋ​អាមេរិក​មាន​ប្រធានាធិបតី​ស្ត្រី​លើកដំបូង​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ។

ប៉ុន្តែ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ បញ្ហា​មួយចំនួន​បានធ្វើអោយ​ប្រជាប្រិយភាព​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន ប្រឈមមុខ​បញ្ហា។ នោះ​គឺ​ការទម្លាយ​ព័ត៌មាន​ថា​លោកស្រី​ប្រើប្រាស់​សារ​អេឡិចត្រូនិក​បុគ្គល​សម្រាប់​បំពេញការងារ​ក្នុងពេល​លោកស្រី​កាន់តំណែង​ជា​រដ្ឋមន្ត្រីការបរទេស ពោលគឺ​ពី​ឆ្នាំ ២០០៩ ដល់​ឆ្នាំ ២០១។

យ៉ាងណាក៏ដោយ គេ​សង្កេតឃើញ​បេក្ខជន​ពីររូប​ទៀត​ដែលមាន​សមត្ថភាព​និង​អាចមាន​លទ្ធភាព​ឈរឈ្មោះ​ជា​ប្រធានាធិបតី​ដែរ។ ទីមួយ​លោកស្រី Elizabeth Warren និង​ទី​ពីរ​លោក Joe Biden អនុ​ប្រធានាធិបតី​អាមេរិក​បច្ចុប្បន្ន។ ប៉ុន្តែ​ពួកគេ​ទាំងពីរ​នាក់​មិនទាន់​ចេញមុខ​ប្រកាស​ជា​ផ្លូវការ​នៅឡើយ​ទេ​ចំពោះ​ការ​ឈ្មោះ​ប្រកួតប្រជែង​នេះ។ដោយឡែក​ខាង​គណបក្ស​សាធារណរដ្ឋ​ឯណោះ​វិញ គេ​សង្កេតឃើញ​មាន​បេក្ខជន​ជាច្រើន​នាក់​បានប្រកាសថា​ខ្លួន​នឹងចូលរួម​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី​ក្នុង​ឆ្នាំ ២០១។ បេក្ខជន​ដែលមាន​ឈ្មោះ​បោះ​សម្លេង​មានដូចជា សមាជិក​ព្រឹទ្ធសភា​លោក Rand Paul លោក Ted Cruz លោក Jeb Bush ជាដើម៕


© រក្សាសិទ្ធិដោយ thmeythmey.com