អន្តរជាតិ
ប្រជាជន​ថៃ​ត្រៀម​រៀបចំ​បុណ្យចូលឆ្នាំថ្មី​នៅ​ថ្ងៃ​ចន្ទ
13, Apr 2015 , 11:30 am        
រូបភាព
ដោយ: ថ្មីៗ

ប្រទេសមួយ​ចំនួន​នៅ​តំបន់​អាស៊ាន​ដូចជា​មី​យ៉ាន់​ម៉ា កម្ពុជា ឡាវ ថៃ នឹង​ប្រារព្ធ​ពី​ធី​បុណ្យចូលឆ្នាំ​ដំណាលគ្នា​ក្នុង​ខែមេសា​នេះ។ សម្រាប់​ប្រទេស​ថៃ ពិធីបុណ្យ​ចូលឆ្នាំ​នឹងត្រូវ​រៀបចំឡើង​ទូទាំងប្រទេស​ទាំងមូល។ ពិធី​ចូលឆ្នាំថ្មី​នេះ​នឹងត្រូវ​រៀបចំឡើង​ចាប់ពី​ថ្ងៃ​ចន្ទ​សប្តាហ៍​ក្រោយ ហើយ​បច្ចុប្បន្ននេះ​ប្រជាជន​ថៃ​កំពុង​ត្រៀមខ្លួន​ប្រារព្ធ​ពិធីបុណ្យ​ប្រពៃណី​នេះ និង​ត្រៀម​រៀបចំ​កម្មវិធី​ទាក់ទាញ​ភ្ងៀ​វ​ទេសចរ​បរទេស​ផង។ 



ប្រទេស​ថៃ​នឹង​រៀបចំ​បុណ្យចូលឆ្នាំ​ប្រពៃណី​នៅ​ថ្ងៃ​ចន្ទ​សប្តាហ៍​ក្រោយនេះ នៅ​ទូទាំងប្រទេស​ទាំងមូល។ បុណ្យចូលឆ្នាំថ្មី​នេះ​ត្រូវបាន​គេ​ហៅថា ជា​សង្ក្រាន្ត ដែល​នឹងត្រូវ​ប្រារព្ធ​ឡើង ៣ថ្ងៃ ប៉ុន្តែ​នៅ​ភាគ​ខាងជើង​ដួច​ជា​ខេត្ត ឈៀង​ម៉ៃ បុណ្យ​នេះ​អាច​នឹង​រៀបចំឡើង​ក្នុង​រយៈពេល ១សប្តាហ៍​ឯណោះ។

តាមពិតទៅ​ពិធីបុណ្យ​នេះ​រៀបចំឡើង​ដើម្បី​អបអរ​និង​បញ្ជាក់ថា​រដូវក្តៅ​ឈានដល់​ទីបញ្ចប់​ហើយ ហើយ​ខែមេសា​នេះ​ជា​ខែ​ដែល​ក្តៅ​បំផុត​សម្រាប់​ប្រទេស​ថៃ។  ជាធម្មតា​ក្នុងពេល​ចូលឆ្នាំ ប្រជាជន​ថៃ​ភាគច្រើន​នាំគ្នា​ទៅ​វត្ត​អា​រ៉ា​ម ដើម្បី​បួងសួង​សុំ​សេចក្តីសុខ​សម្រាប់​ឆ្នាំ​ថ្មី និង​ដើម្បី​លាង​សម្អាត​រូបសំណាក​ព្រះ និង​ទី​សក្តា​រៈ​បូជា​នានា​ផង។

ពាក្យ​ថា​សង្ក្រាន្ត​ត្រូវបាន​គេ​ស្គាល់​ថា​ជា​ពិធីបុណ្យ​ទឹក​មួយ ដែល​ប្រជាជន​ថៃ​ជឿជាក់ថា ទឹក​អាចជួយ​ជម្រះ​អោយអស់​នូវ​ឧបទ្រពចង្រៃ សំណាងអាក្រក់​ជាដើម​នោះ ដូច្នេះហើយ​ទើប​ប្រជាជន​ថៃ​ភាគច្រើន​នៅក្នុងពេល​បុណ្យ​សង្ក្រាន្ត​នេះ ពួកគេ​ចូលចិត្ត​បាចទឹក​ដាក់គ្នា​ទៅវិញទៅមក និង​ប៉ាត​ម្សៅ​គ្នា​ផង​នោះ។ សង្ក្រាន្ត​ចាប់​ផ្តើមឡើង​នៅ​ថ្ងៃ១៣ខែមេសា ហើយ​នៅក្នុង​អំឡុង​ចូលឆ្នាំ៣ថ្ងៃនេះ ប្រជាជន​ថៃ​ចូលចិត្ត​ជួបជុំ​ក្រុមគ្រួសារ ហើយ​បោ​សម្អាតផ្ទះ ទៅ​វត្ត​ដើម្បី​សម្អាត និង​ស្រង់​ព្រះ​ជាដើម​ផងដែរ ដោយសារ​រយៈពេល​នេះ​ជា​ថ្ងៃ​ឈប់សម្រាក។  នៅក្នុង​ទីក្រុង​បាងកក​រយៈពេល​បី​ថ្ងៃ នឹងមាន​ភាពស្ងប់ស្ងាត់​ខ្លាំង ព្រោះ​ប្រជាជន​ភាគច្រើន​នាំគ្នា​ធ្វើដំណើរ​ទៅកាន់​ស្រុកកំណើត និង​ធ្វើដំណើរ​កំសាន្ត​ទៅកាន់​តំបន់​ផ្សេង​ទូទាំងប្រទេស និង​ក្រៅប្រទេស។ 

ក្រៅពី​រៀបចំ​ទទួល​ឆ្នាំ​ថ្មី និង​បង្កើន​បរិយាកាស​រីករាយ​ក្នុងចំណោម​ប្រជាជន​ថៃ ថៃ​ក៏​ព្យាយាម​រៀបចំ​តុបតែង​លម្អរ បង្កើត​ការទាក់ទាញ​ភ្ងៀ​វ​ទេសចរ​បរទេស​អោយ​មកលេង​កម្សាន្ត​នៅក្នុង​ប្រទេស​ថៃ​ក្នុង​រដូវ​កាល​ចូលឆ្នាំ​នេះ។ ល្បែង​ជះ​ទឹក​និង​ប៉ាត​ម្សៅ​ជា​ល្បែង​ដែល​ពេញនិយម​បំផុត ហើយ​នៅតាម​ផ្លូវ​ភ្ងៀ​វ​បរទេស​អាច​ចូលរួម​លេង​កម្សាន្ត​បាន​ផងដែរ។ ប៉ុន្តែ​យ៉ាងណាក៏ដោយ​ជា​រៀងរាល់ឆ្នាំ គ្រោះថ្នាក់​ចរាចរណ៍​ក៏​កើតមានឡើង​ច្រើន​ផងដែរ​ដោយសារ​ការលេង​ជះ​ទឹក​នេះ​ផងដែរ៕


© រក្សាសិទ្ធិដោយ thmeythmey.com