អន្តរជាតិ
ក្រុមយុវជន​បិទមុខ​អ៊ុយ​ក្រែ​ន​រុះ​ទម្លាក់​រូបចម្លាក់​សម័យ​កុ​ម្មុយ​និ​ស្ត បញ្ឆេះ​កំហឹង​រុស្ស៊ី
12, Apr 2015 , 6:30 pm        
រូបភាព
ដោយ:
​យប់​ថ្ងៃ​សុក្រ​ចូល​ព្រឹក​ថ្ងៃ​សៅរ៍​ម្សិលមិញ នៅ​ក្រុង​Kharkiv ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន យុវជន​បិទមុខ​មួយក្រុម​បាននាំគ្នា​ទៅ​រុះ​ទំលាក់​រូបចម្លាក់​សម័យ​សូ​វៀត​ចំនួន៣ ដឹក​ដាក់​ឡាន​កាំ​ម្ញ៉ុ​ង​ទៅ​បាត់។ ហេតុការណ៍​នេះ​បានកើត​ឡើង មួយថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​អ៊ុយ​ក្រែ​ន​អនុម័ត​ច្បាប់​ប្រឆាំង​និមិត្តរូប​កុ​ម្មុនិ​ស្ត​និង​ណា​ហ្ស៊ី។


នៅ​ក្រុង​Kharkiv ភាគ​ខាងកើត ក្រុមយុវជន​បិទមុខ​មួយក្រុម​បាន​យក​ខ្សែ​ដែល​ភ្ជាប់​ជាមួយ​ឡាន​កាំ​ម្ញ៉ុ​ង ទៅ​ទាក់​ក​រូបចម្លាក់​សម័យ​សូ​វៀត ហើយ​ប្រើ​ឡាន​កាំ​ម្ញ៉ុ​ង​ទម្លាក់​ចុះមក​ដី។ ពេល​ពួកគេ​កំពុង​រុះ​ទំលាក់​រូបចម្លាក់​មួយ​ចេញ ក៏មាន​ប៉ូលិស​អ៊ុយ​ក្រែ​ន​នៅ​ឈរ​មើល​ដែរ តែ​ប៉ូលិស​មិនបាន​អន្តរាគមន៍​ឡើយ។ លោក Guennadi Kernesជា​ចៅហ្វាយក្រុង​គាំទ្រ​រុស្ស៊ីបាន​រិះ​គន់ភាព​អសកម្ម​របស់​ប៉ូលិស​នៅ​ចំពោះមុខ​ការបំផ្លិចបំផ្លាញ​ទាំងនេះ។ ក្រុមប្រឆាំង​អ៊ុយ​ក្រែ​ន​វិញ​បាន​ចោទ​រដ្ឋាភិបាល​ដែល​លំអៀង​ទៅរក​សហភាព​អឺរ៉ុប ថា​ចង់​បំផ្លាញ​ប្រវត្តិសាស្ត្រ ប្រពៃណី រឺក៏​និមិត្តរូប​នៃ​ភាព​ចងចាំ​ក្នុងស្រុក។

ហេតុការណ៍​រុះរើ​បំផ្លាញ​រូបចម្លាក់​ទាំងនេះ បាន​កើតឡើង​មួយថ្ងៃ​ប៉ុណ្ណោះ ក្រោយពេល​អ៊ុយ​ក្រែ​ន​បានអនុម័ត​ច្បាប់​ហាមឃាត់​រាល់​និមិត្ត​រូបតំណាង​សម័យ​កុ​ម្មុយ​និ​ស្ត​សហភាពសូវៀត និង​ណា​ហ្ស៊ី ក្នុង​ទឹកដី​អ៊ុយ​ក្រែ​ន។ ច្បាប់​នេះ​ត្រូវ​ឆ្លងកាត់​ការសម្រេច​ពី​ប្រធានាធិបតី​ប៉ូ​រ៉ូ​ឆិ​ន​កូ​មួយ​ដំណាក់កាល​ទៀត ទើប​អាច​ប្រើ​បាន។ ច្បាប់​មួយ​នេះ​ចង់​រុះរើ​ចោល​នូវ​រូបសំណាក​នានា​របស់លោក​ឡេ​នី​ន។

ទីកន្លែង​មួយចំនួន​ដូចជា​ផ្លូវ រឺ​សហគ្រាស ដែលមាន​ឈ្មោះ​បែប​កុ​ម្មុយ​និ​ស្ត ក៏​ត្រូវតែ​ប្តូរ​ឈ្មោះ​ចេញ​ដែរ។ ច្បាប់​នេះ​ចែង​ដែរ​ថា ជន​ដែល​ហ៊ាន​ច្រៀង​បទ​គោរព​ទង់ជាតិ​រុស្ស៊ី​របស់លោក​ពូ​ទីន ក្នុង​ទឹកដី​អ៊ុយ​ក្រែ​ន នឹងត្រូវ​ទទួលទោស​ជាប់ពន្ធនាគារ។

កាលពី​ថ្ងៃ​សុក្រ នៅ​ក្រុង​អូ​ដេ​សា ភាគខាងត្បូង ដែល​សំបូរ​ប្រជាជន​និយាយ​ភាសា​រុស្ស៊ី ប្រធានាធិបតី​អ៊ុយ​ក្រែ​ន ពេ​ត្រូ ប៉ូ​រ៉ូ​ឆិ​ន​កូ បាន​ថ្លែង​សន្ទរកថា​ប្រៀបធៀប​សកម្មភាព​រដ្ឋា​ភិ​បាល​លោកពូ​ទីន​ទៅនឹង​សកម្មភាព​ពួក​ណា​ហ្ស៊ី​របស់​អ៊ី​ត្លែរ។ មើលទៅ ភ្លើងកំហឹង​រវាង​រដ្ឋា​ភិ​បាល​អ៊ុយ​ក្រែ​ន​ជាមួយ​ក្រុម​បះបោរ​ភាគ​ខាងកើត និង​រដ្ឋាភិបាល​រុស្ស៊ីកាន់តែ​ឆាបឆេះ​សន្ធោរ​សន្ធៅ ពិបាក​រក​ទឹក​ពន្លត់​បាន​ទៀតហើយ៕


© រក្សាសិទ្ធិដោយ thmeythmey.com