ជាតិ
អ្នកតស៊ូ​មតិ​ឆ្នើម​ត្រូវ​ស្រាវជ្រាវ​ឲ្យ​បាន​ច្រើន​ប្រភព ចេះ​គ្រប់គ្រង​អារម្មណ៍ និង​សហការ​ក្រុម
04, May 2015 , 4:39 pm        
រូបភាព
ដោយ:

ភ្នំពេញ៖ សមាជិក​ទាំង ៣រូប​នៃ​ក្លឹប​អ្នកតស៊ូ​មតិ​ក្នុង​វិទ្យាស្ថាន​អន្តរទ្វីប​អាមេរិកាំង (AII) ដែលជា​ក្រុម​ជ័យលាភី​តស៊ូ​មតិ​ឆ្នើម​ប្រចាំឆ្នាំ ២០១៥នេះ បាន​អះអាងដូចៗគ្នា​ថា អ្នកតស៊ូ​មតិ​ឆ្នើម​ត្រូវតែ​ចេះ​គ្រប់គ្រង​អារម្មណ៍​ក្នុងការ​ប្រកួត ពោលគឺ ត្រូវមាន​ភាពក្លាហាន​ជាមួយនឹង​ការគិត​ពិចារណា​លើក​ហេតុផល​គ្រប់​ជ្រុងជ្រោយ។ ហើយ​ថា ការស្រាវជ្រាវ​ច្រើន​តាម​គេហទំព័រ​អង្គភាព​ផ្លូវការ និង​កិច្ចសហការ​ក្រុម គឺជា​កត្តា​ជំរុញ​ឲ្យ​មានការ​គិតពិចារណា​ល្អប្រសើរ និង​ភាពក្លាហាន។



មុននឹង​ចាកចេញ​ទៅ​ប្រកួត​ប្រចាំ​តំបន់​អាស៊ី​ដែល​នឹង​ធ្វើឡើង​អំឡុង​សន្និសីទ​អាស៊ី​ប៉ាស៊ីហ្វិក ឆ្នាំ២០១៥ នោះ តំណាង​ជ័យលាភី​តស៊ូ​មតិ​ឆ្នើម​កម្ពុជា​ឆ្នាំ ២០១៥ បាន​ប្តេជ្ញា​ត្រៀមខ្លួន​រួចហើយ​ថា ពួកគេ​នឹង​ប្រឹង ប្រែង​ឲ្យ​អស់ពី​សមត្ថភាព ដើម្បី​យកជ័យ​ជម្នះ​ក្នុងការ​ប្រកួត។ ការប្រកួត​នេះ នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី១១ ដល់ទី១៤ ខែមិថុនា ក្នុងប្រទេស​ម៉ាឡេស៊ី។
ប្រធាន​ក្រុម​អ្នកតស៊ូ​មតិ និង​ជា​ជ័យលាភី​វោហា​សព្ទ​សាធារណៈ​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក កញ្ញា ប៉ែន សុខ​អាន​បាន​ឲ្យ​សារព័ត៌មានថ្មីៗដឹង​ពី​វិធីសាស្ត្រ​ត្រៀម​ប្រកួត​ថា កញ្ញា និង​សមាជិក​បាន​សិក្សា​ស្រាវជ្រាវ នូវ​រាល់​ប្រធានបទ​ដែល​ទាក់ទង​នឹង​កម្មវិធី​ប្រកួត។ ហើយ​ថា កញ្ញា​ត្រូវ​បែងចែក​ពីរ​ក្រុម ពោលគឺ អ្នកគាំទ្រ (Proponent) និង​អ្នកជំទាស់ (Opponent) ដើម្បី​លើកយក​ប្រធានបទ​នោះ មក​ជជែក​ដេញដោល។

ជ័យលាភី​ឆ្នើម​រូបនេះ លើកឡើង​យ៉ាង​ដូច្នេះ​ថា៖«យើង​ត្រូវ​ស្រាវជ្រាវ​រាល់​ឯកសារ​ព័ត៌មាន​ផ្លូវការ ដែល​ទាក់ទង​នឹង​ប្រធានបទ​នោះ​ជាមុន ហើយ​យើង​ត្រូវ​ប្រាកដថា ក្រុម​យើង​អាច​តស៊ូ​មតិ​ទាំង​មតិស្រប និង​ប្រឆាំង ព្រោះ​គេ​តម្រូវ​ឲ្យ​មាន​ក្រុម​ទាំងពីរ​នេះ​ជាដាច់ខាត»។

ដោយឡែក បើ​ប្រៀបធៀប​ពី​ភាពខុសគ្នា​រវាង​ការប្រកួត​ផ្នែក​តស៊ូ​មតិ​ឆ្នើម និង​ផ្នែក​វោហារ​ស័ព្ទ ជា​សាធារណៈ​វិញ​នោះ នារី​វ័យ ១៩ឆ្នាំ ដែលជា​តំណាង​ទ្វីបអាស៊ី​ប៉ាស៊ីហ្វិក បាន​ចូលរួម​ប្រកួត​ពាន រង្វាន់​វោហារ​ស័ព្ទ​ជា​សាធារណៈ​ថ្នាក់​ពិភពលោក​កាល​ឆ្នាំ២០១៤កន្លងមកនេះ ប្រាប់ថា ក្រុម​អ្នកតស៊ូ​មតិ​ឆ្នើម ទាមទារ​ឲ្យ​មានការ​ស្រាវជ្រាវ និង​កិច្ចសហការ​សមាជិក​ក្រុម​ច្រើន។ រីឯ ផ្នែក​វោហារ​ស័ព្ទ​ជា សាធារណៈ​វិញ កញ្ញា​ថា បេក្ខជន​ត្រូវ​ស្រាវជ្រាវ​សរសេរ​អត្ថបទ​គ្រប់​ជ្រុងជ្រោយ​មួយ ដើម្បី​ត្រៀម​បង្ហាញ​គណៈកម្មាធិការ​ដាក់​ពិន្ទុ។
«ទាំង​ការប្រកួត​វោហា​ស័ព្ទ​សាធារណៈ និង​ទាំង​ការតស៊ូ​មតិ បេក្ខជន​ត្រូវ​ស្រាវជ្រាវ​ឲ្យ​ច្រើន ដើម្បី​ប្រមូល យកគំនិត ហើយ​បំបែក​គំនិត​នោះ។ ក្រៅពីនេះ​បេក្ខជន​ត្រូវមាន​ស្មារតី​ក្រុម​ផ្ចង់អារម្មណ៍​ប្រកួត ដើម្បី​វាយ បក​ទៅ​ដៃគូ​លើ​ប្រធានបទ​នោះ»។ នេះ​ជា​បទពិសោធន៍​បទពិសោធ​ន៍​របស់​ជ័យលាភី​ឆ្នើម​ទាំង​ផ្នែក​តស៊ូ មតិ និង​វោហា​ស័ព្ទ​ជា​សាធារណៈ​កញ្ញា ប៉ែន សុខ​អាន។

ជាមួយគ្នានេះ លោក ប៊ុន ធាន​ឆាយ ជា​សមាជិក​នៃ​ក្លឹប​អ្នកតស៊ូ​មតិ​នៃ AII បាន​រៀបរាប់​ពី​កិច្ច​សហ ការ​ក្រុម​ថា ក្រុម​លោក​តែងតែ​ឆ្លៀត​ពី​ការសិក្សា ដើម្បី​ជួបពិភាក្សា​គ្នា​ជាប្រចាំ មុន​ការប្រកួត​មកដល់។

ដោយសារ​ពួកគេ​រវល់​នឹង​ការសិក្សារៀងៗខ្លួន​នោះ ពេលខ្លះ​ពួកគេ​ក៏បាន​ទាក់ទង​ពិភាក្សា​តាម​ប្រព័ន្ធ ទំនាក់ទំនង​សង្គម​ក្នុងសម័យ​បច្ចេកវិទ្យា​ទំនើប និង​សំបូរបែប​នាពេល​បច្ចុប្បន្ន​នេះដែរសមាជិក​នៃ​ក្រុម​ជ័យលាភី​តស៊ូ​មតិ​ឆ្នើម​រូបនេះ ថា៖«ក្រៅពី​ជួបគ្នា​ផ្ទាល់ ពួកយើង​ក៏បាន​បង្កើត​ក្រុម​មួយ ក្នុង​បណ្តាញ​សង្គម​ហេ្វ​ស​ប៊ុ​ក ដើម្បី​ផ្ញើ​ឯកសារ និង​ពិភាក្សាគ្នា​ដែរ។ យើង​ពិភាក្សាគ្នា​រហូតទល់​តែ​រក​គំនិត រួមមួយ មុន​ឡើងលើ​វេទិកា​ប្រកួត»។

មិន​ខុសគ្នា​ពី​ប្រធាន​ក្រុម​នោះទេ លោក ឌួង វិ​រៈ​ដែលជា​ក្រុម​ជ័យលាភី​តស៊ូ​មតិ និង​ជា​សមាជិក​ម្នាក់​នៃ​ក្លឹប​អ្នកតស៊ូ​មតិ​នៃ AIIដែរនោះ បាន​និយាយថា អ្នកតស៊ូ​មតិ​ដ៏​ឆ្នើម​ត្រូវតែ​ស្រាវជ្រាវ ដើម្បី​រកគំនិតល្អៗ ក្នុងការ​ប្រកួត​ជាមួយ​ភា​ភី​ម្ខាង​ទៀត។ «យើង​ស្រាវជ្រាវ​ច្រើន​តាម​គេហទំព័រ​ផ្លូវការ​របស់​ស្ថាប័ន អង្គ​ជាតិ​នានា ដូចនេះ​ធ្វើ​ឲ្យ​យើង​មាន​អំណះអំណាង​ត្រឹមត្រូវ​ជាក់ស្តែង។ ពេលនោះ យើង​នឹងមាន​ជំនឿ ជាក់​លើ​ខ្លួនឯង និង​បញ្ចេញ​អស់ពី​សមត្ថភាព​ប្រជែង​ជាមួយ​ដៃគូរ​ប្រកួត​យើង ពិសេស​នោះ​គឺ យើង​ចេះ​គ្រប់គ្រង​អារម្មណ៍​ភ័យខ្លាច​លើ​វេទិកា»។ នេះ​ជាការ​អះអាង​ពី​របៀប​ត្រៀម​តស៊ូ​មតិ​របស់លោក វិ​រៈ។

អំឡុងពេល​ត្រៀម​ចូលរួម​ប្រកួត​នេះដែរ លោក Dharmendra S K លេខា​ប្រតិបត្តិ និង​ជា​គ្រូបង្ហាត់​ក្នុង​ក្លឹប​តស៊ូ​មតិ​នៃ AII បាន​ថ្លែង​ឲ្យ​ដឹងថា ក្លឹប​កំពុងតែ​ហ្វឹកហាត់​បន្ថែម ដល់​ជ័យលាភី​ទាំង ៣រូបនេះ។ លោក​បន្ថែមថា ក្លឹប​កំពុងតែ​បាន​បង្ហាត់​ឲ្យ​ពួកគេ​ស្គា​ល់ពី​ចំណុចខ្លាំង ចំណុចខ្សោយរៀងៗខ្លួន ដោយ​លោក​តម្រូវ​ឲ្យ​ពួកគេ​ត្រូវ​ទាញយក​ចំណុចខ្សោយ​ទាំងនោះ មក​បញ្ចេញ​មក​ក្រៅ​ជាមួយ​មិត្តភក្តិ និង​សាច់ញាតិ។

«យុវ​សិស្ស​ទាំង ៣រូបនេះ មាន​ភាពឈ្លាសវៃ ខិតខំ​ប្រឹងប្រែង​ខ្ពស់​ក្នុងការ​សិក្សា​មាន​ភាពជឿជាក់​លើ​ខ្លួនឯង ពួកគេ​នឹង​អាច​ទទួលបាន​នូវ​ជ័យជម្នះ»។ នេះ​ជា​ជំនឿ​ជាក់​របស់លោក​Dharmendra S K ។

គួរ​បញ្ជាក់ថា ជ័យលាភី​តំណាង​កម្ពុជា​នឹងត្រូវ​ទៅ​ចូលរួម​ក្នុងការ​ប្រកួត​ប្រចាំ​តំបន់​ដែល​នឹង​ធ្វើឡើង​អំឡុង​សន្និសីទ​អាស៊ី​ប៉ាស៊ីហ្វិក ឆ្នាំ២០១៥ នៅ​ថ្ងៃទី១១ ដល់ទី១៤ ខែមិថុនា​ក្នុងប្រទេស​ម៉ាឡេស៊ី។ហើយ​ក្រុម​ដែល​ទទួលបាន​ជ័យជំនះ​ក្នុង​កម្មវិធី​នោះ​នឹង​បន្តទៅ​ប្រកួតប្រជែង​ជ្រើស​ជើងឯក​ពិភពលោក​ដែល​នឹង​ប្រារព្ធ​ក្នុង​ខែ​វិ​ច្ឋិ​កា​នៅ​ប្រទេស​ជប៉ុន។

គួរ​រម្លឹក​ផងដែរ​ថា ក្នុង​ឆ្នាំ២០១៣ សិស្ស ​Aii ទទួលបាន​ជ័យលាភី​អ្នកតស៊ូ​មតិ​ដ៏​ឆ្នើម​ហើយ​បាន​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​ទៅ​ប្រកួត​នៅ​ប្រទេស​កូរ៉េ។ បន្ទាប់មក​នៅ​ឆ្នាំ២០១៤ សិស្ស Aii ដដែល ​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​ទៅ​ប្រកួត​នៅ​ប្រទេស​ជប៉ុន​ទទួលបាន​ជ័យលាភី​លើ​បណ្តា​ប្រទេស​ក្នុង​តំបន់​អា​អាស៊ី​ប៉ាស៊ីហ្វិក​ហើយ​បន្ត​តំណាង​ឲ្យ​ទ្វីបអាស៊ី​ទាំងមូល​ទៅ​ចូលរួម​ការប្រកួត​ផ្ដាច់ព្រ័ត្រ​ថ្នាក់​ពិភពលោក​នៅ​ទីក្រុង ​Leipzig ប្រទេស​អាល្លឺម៉ង់​ជាមួយ​ដៃគូ​ឆ្នើម ៣នាក់​ទៀត​ មកពី​ទ្វីបអាមេរិក អឺរ៉ុប និង​អាហ្វ្រិក៕



© រក្សាសិទ្ធិដោយ thmeythmey.com