ជាតិ
​​​ន​យោ​បាយ​ជាតិ​
វប្បធម៌​សន្ទនា​៖CPPបើក​ឲ្យ​CNRPរិះគន់​ក្នុងន័យ​ស្ថាបនា តែ​កុំ​ឲ្យ​តែ​ជេរប្រមាថ
07, May 2015 , 9:30 pm        
រូបភាព

 
លោក ឈឹម ផល​វរុណ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា មានប្រសាសន៍ថា គណបក្ស​របស់លោក នៅតែ​បើកទូលាយ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ រិះគន់​នូវ​ចំណុច​ខ្វះខាត​របស់​រដ្ឋាភិបាល ក្នុងន័យ ស្ថាបនា ក្នុងការ​អភិវឌ្ឍន៍​ប្រទេសជាតិ ប៉ុន្ដែ​ការរិះគន់​នោះ​មិន​ត្រូវមាន​ការជេរប្រមាថ​នោះទេ។ គណបក្ស​ប្រជាជន​កម្ពុជា បានចេញ​លិខិត​ទៅកាន់​ថា្នក់​មូលដ្ឋាន​គ្រប់លំដាប់​ថ្នាក់​របស់ខ្លួន ឲ្យ​តាមដាន​ស្ដាប់ និង​កត់ត្រា​ឲ្យ​បាន​ច្បាស់​នូវ​ការបំពាន ដោយ​ជេរប្រមាថ​មកលើ​គណបក្ស​ប្រជាជន​កម្ពុជា ពី​សំណាក់​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ។ ទាក់ទង​នឹង​បញ្ហា​នេះ លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ គាំទ្រ​ចំពោះ​យន្ដការ​របស់​គណបក្ស​ប្រជា​ជននេះ។ លោក​ថា គណបក្ស​របស់លោក នឹង​អប់រំ​ដល់​ថ្នាក់មូលដ្ឋាន​របស់ខ្លួន ដោយ​ពង្រឹង​ក្រមសីលធម៌ និង​គោរព​វប្បធម៌​សន្ទនា។



«មិនមែន​មិន​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​រិះគន់ ទិតៀន​រដ្ឋាភិបាល​ទេ តែ​ការរិះគន់​នោះ​ក្នុងន័យ​ស្ថាបនា ក្នុងន័យ​ប្រទេស​ប្រជាធិបតេយ្យ ហើយ​ការរិះគន់​ត្រូវមាន​មូលដ្ឋាន​ច្បាស់លាស់ មិនមែន​រិះគន់​ដើម្បី​វាយប្រហារ ឬ​ដោយ​ជេរប្រមាថ​រដ្ឋាភិបាល​ទេ»។ នេះ​ជាការ​បញ្ជាក់​របស់លោក ឈឹម ផល​វរុណ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន ដែល​កំពុងតែ​ពន្យល់​ពី​បន្ថែម​ពី​អត្ថន័យ​ក្នុង​ការហាម​មិន​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ជេរប្រមាថ​មកលើ​គណបក្ស​ប្រជាជន។

ថ្លែងប្រាប់​សារព័ត៌មានថ្មីៗនៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ លោក ឈឹម ផល​វរុណ បញ្ជាក់ថា គណបក្ស​សង្គ្រោះ​ជាតិ គឺជា​ដៃគូរ​នយោបាយ​ក្នុងការ​សន្ទនា​ជាមួយ​រដ្ឋាភិបាល និង​ជា​កញ្ចក់​សម្រាប់​ឆ្លុះ រដ្ឋាភិបាល ដូច្នេះ​គណបក្ស​សង្គ្រោះ​ជាតិ​នៅតែ​អាច​រិះគន់​រាល់​ចំណុច​ខ្វះខាត​របស់​រដ្ឋាភិបាល ក្នុង​ស្ថាបនា​អភិវឌ្ឍ​ប្រទេស«គណបក្ស​សង្គ្រោះ​ជាតិ​គឺជា​គណបក្ស​ក្រៅ​រដ្ឋាភិបាល ហើយក៏​ជា​ដៃគូរ​សន្ទនា និង​ជា​កញ្ចុះ​ឆ្លុះ​ដល់​រដ្ឋាភិបាល។ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ​អាច​រិះគន់​ឲ្យ​យល់​ពី​ដំណោះស្រាយ ឲ្យ​យល់​ចំណុច​នៃ​ការយល់ឃើញ​ខុសគ្នា ដើម្បី​ស្ថាបនា ដោះស្រាយ​ជាមួយគ្នា។ តែ​ហាម​ការរិះគន់​ដោយ​ញុះញង់ វាយប្រហារ ជេរប្រមាថ (អា​ក្បាល​យួន អាយ៉ង់យួន) គ្មាន​មូលដ្ឋាន»។ នេះ​ជាការ​បញ្ជាក់​រស​ប់លោក ឈឹម ផល​វរុណ។

ដោយឡែក​លោក រស់ រ៉ាវុធ សាស្ត្រាចារ្យ​នយោបាយ យល់ឃើញថា វប្បធម៌​សន្ទនា​ដែល​អ្នកនយោបាយ​កំពុង​អនុវត្ត តែ​មិន​ឲ្យ​មានការ​រិះគន់​បែប​ជេរប្រមាថ​នេះ គឺ​ដោយសារតែ​អ្នកនយោបាយ ចង់​កាត់បន្ថយ​អំពើហិង្សា​នានា​ក្នុងសង្គម និង​ការពង្រឹង​ក្រមសីលធម៌​របស់​អ្នកនយោបាយ។ ហើយ​ការមិន​ឲ្យ​ជេរប្រមាថ​នេះ​មិន​មែនបិទ​សិទ្ធិ​ប្រជាពលរដ្ឋ ឬ​គណបក្សប្រឆាំង​ក្នុង​រិះគន់​ទិតៀន​ចំណុច​ខ្វះខាត​រដ្ឋាភិបាល​ទេ។

លោក​សាស្ត្រាចារ្យ​រូបនេះ​ពន្យល់​យ៉ាង​ដូច្នេះ​ថា៖«វប្បធម៌​សន្ទនា​គឺ​សន្ទនា​រកឃើញ​ចំណុច​ជាប់គាំង។តែ​មិនមែន​មិន​ឲ្យ​ទិតៀន​ទេ។ ព្រោះ​បើ​អ្នកនយោបាយ​បិទ​សិទ្ធិ​រាល់​ការរិះគន់ ទិតៀន បំពេញបន្ថែម​ចំណុច​ខ្វះខាត កែលំអ​ខ្លួន​នោះ អ្នកនយោបាយ​ដូចជា​បិទផ្លូវ​ប្រជាធិបតេយ្យ​ខ្លួនឯង»។

គណបក្ស​ប្រជាជន​កម្ពុជា បានចេញ​លិខិត​ទៅកាន់​ថា្នក់​មូលដ្ឋាន​គ្រប់លំដាប់​ថ្នាក់​របស់ខ្លួន ឲ្យ​តាមដាន​ស្ដាប់ និង​កត់ត្រា​ឲ្យ​បាន​ច្បាស់​នូវ​ការបំពាន ដោយ​ជេរប្រមាថ​មកលើ​គណបក្ស​ប្រជាជន ពី​សំណាក់​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ជាពិសេស​លោក កឹម សុខា។

ទាក់ទង​នឹង​បញ្ហា​នេះ លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ គាំទ្រ​ចំពោះ​យន្ដការ​របស់​គណបក្ស​ប្រជា​ជននេះ។ លោក​ថា គណបក្ស​របស់លោក នឹង​អប់រំ​ដល់​ថ្នាក់មូលដ្ឋាន​របស់ខ្លួន ដោយ​ពង្រឹង​ក្រមសីលធម៌ និង​គោរព​វប្បធម៌​សន្ទនា«ធម្មតា​អ្នក​ន​យោ​បា​តែងតែមាន​ការរិះគន់​ដើម្បី​ផលប្រយោជន៍​ជាតិ តែ​ចាប់​ពីនេះ​ទៅ​យើង​គួរតែ​ដោះស្រាយ ពាក្យ​ណា​គួរ​និយាយ ពាក្យ​ណា​មិនគួរ​និយាយ។ យើង​គួរតែ​ចៀសវាង ការជេរប្រមាថ ការគំរាមកំហែង​គ្នា ។ ហើយ​យើង​នឹង​ជំរុញ​ឲ្យ​មាន​គោរព​វប្បធម៌​សន្ទនា។ យើង​តែងតែ​អប់រំ​ដល់​ថ្នាក់មូលដ្ឋាន ក្នុងការ​អនុវត្ត​ក្រមសីលធម៌​ខ្លួន ហើយនឹង​បើក​កិច្ចប្រជុំ​ពន្យល់​ពី​ក្រមសីលធម៌​អ្នកនយោបាយ​យក​ពិភាក្សាគ្នា»។ នេះ​ជាការ​អះអាង​របស់លោក យឹម សុវណ្ណ។

កន្លងមក​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​ធ្លាប់បាន​ប្រមាន​បោះឆ្នោត​ទម្លាក់​លោក កឹម សុខា ចេញពី​តំណែង​អនុប្រធាន​ទី១ នៃ​រដ្ឋសភា​ផងដែរ បើសិនជា​លោក កឹម សុខា នៅតែ​បន្ដ​ការជេរប្រមាថ​មកលើរ​ដ្ឋា​ភិ​បាល​របស់លោក៕


© រក្សាសិទ្ធិដោយ thmeythmey.com