ជាតិ
កម្ពុជា៖ អាស៊ាន​មិនមែន​ស្ថាប័ន​ដោះស្រាយ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង
08, May 2015 , 10:15 am        
រូបភាព
ម្សិលមិញ​នេះ​កម្ពុជា​បាន​ផ្ញើរ​សារ​ទៅកាន់​បណ្តា​ប្រទេស​នានា​សារជាថ្មី​ថា អាស៊ាន​មិនគួរ​ពាក់ព័ន្ធ​ក្នុងការ​ដោះស្រាយ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​រវាង​ចិន និង​បណ្តា​ភាគី​ជម្លោះ​ជា​សមាជិក​អាស៊ាន​ឡើយ។ កម្ពុជា​បាន​កោះហៅ​តំណាង​ទូត​បរទេស​ទាំង ២៨ ប្រចាំ​កម្ពុជា ដោយ​ប្រាប់​ពី​ជំហរ​កម្ពុជា​ក្នុង​ជម្លោះ​ដែនទឹក​ដ៏រ៉ាំរ៉ៃសមុទ្រ​ចិន​ខាងត្បូង​នេះ។ សម្រាប់​កម្ពុជា ភាគី​ជម្លោះនីមួយៗគួរ​ដោះស្រាយ​ដាច់ដោយឡែក​ជាមួយ​មហា​យក្ស​ចិន មិនមែន​យក​អាស៊ាន​ទាំងមូល​ទៅ​ដោះស្រាយ​ទេ។



មិនមែនជា​រឿង​ធម្មតា​ឡើយ​នៅពេលដែល​កម្ពុជា​ក្នុងនាម​ជា​រដ្ឋ​មិន​ជាប់​ពាក់ព័ន្ធ​ជម្លោះ​សមុទ្រ​ចិន​ខា​ត្បូង​សោះ បាន​ចេញមុខ​បញ្ជាក់ថា ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​មិនគួរ​ដោះស្រាយ​តាមរយៈ​អាស៊ាន​នោះ។ យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​Reuters កម្ពុជា​បាន​សង្កត់ធ្ងន់ថា ភាគី​ជម្លោះនីមួយៗគួរតែ​ដោះស្រាយ​បញ្ហា​នេះ​ជាមួយ​ចិន​ដោយផ្ទាល់​វិញ​ទើប​ប្រសើរ។ រដ្ឋលេខាធិការ​ក្រសួងការបរទេស​កម្ពុ​ជា​លោកស្រី​សឿង រដ្ឋ​ចា​វី បាន​ថ្លែងប្រាប់​អ្នកកាសែត​នៅក្រោយ​ជំនួប​រវាង​ប្រមុខ​ការទូត​កម្ពុជា​និង​ប្រធាន​បេសកម្ម​ការទូត​ទាំងអស់​ថា អាស៊ាន​មិនអាច​ដោះស្រាយ​ជម្លោះ​ដែនទឹក​នេះ​បានឡើយ។ លោកស្រី​បាន​បន្ថែមទៀតថា អាស៊ាន​មិនមែនជា​ស្ថាប័ន​យុត្តាធិការ​ទេ ដូច្នេះ​មានតែ​តុលាការ​ដែល​អាច​ដោះស្រាយ​បញ្ហា​នេះ​និង​សម្រេច​ថា​តើ​អ្នកណា​ត្រូវ​អ្នកណា​ខុស។

តាមពិតទៅ​កម្ពុជា​ធ្លាប់​លើកឡើង​ពី​ការដោះស្រាយ​ជម្លោះ​នេះ​ជាច្រើនលើក​ច្រើនសារ​រួចមកហើយ ដោយ​កម្ពុជា​មិនដែល​គាំទ្រ​ការដោះស្រាយ​ជម្លោះ​ដោយ​ប្រើ​អាស៊ាន​ជារួម​ទៅ​ដោះស្រាយ​ជាមួយ​ចិន​រឿង​សមុទ្រ​ចិន​ខាងត្បូង​ឡើយ។ សូម​ទាញ​ការចាប់អារម្មណ៍​បន្តិច​ផងដែរ​ថា កាលពី​ប៉ុន្មាន​សប្តាហ៍​មុន​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​លោក ហ៊ុន សែន ក៏បាន​មានប្រសាសន៍​ដូចគ្នា​និង​ការលើកឡើង​របស់​មន្ត្រី​ក្រសួងការបរទេស​កម្ពុ​ជា​ខាងលើ​ដែរ។

ចិន​ចង់​ដោះស្រាយ​តាម​វិធី​ណា ដែល​ចិន​អាចមាន​ប្រៀប​ជាង​ភាគី​ជម្លោះ មិនមែន​ដោះស្រាយ​តាមរយៈ​អាស៊ាន​ជារួម។ ក្រុង​ប៉េកាំង​នេះ​ក៏​មិន​ចង់អោយ​យក​រឿង​ជម្លោះ​នេះ​ទៅ​ដោះស្រាយ​នៅ​តុលាការអន្តរជាតិ​នោះដែរ។ អ្វីដែល​ចិន​ចង់បាន​គឺ​ដោះស្រាយ​ទ្វេភាគី​ជាមួយ​ភាគី​ជម្លោះនីមួយ។ គួរ​រំលឹក​បន្តិច​ដែល កាលពី​ឆ្នាំមុន ហ្វីលីពីន​បានសម្រេច​បញ្ជូន​សំណុំរឿង​សមុទ្រ​ចិន​ខាងត្បូង​ទៅកាន់​ម​ជ្ឈ​ត្ត​ការ​អន្តរជាតិ​ក្រុងឡាអេ តែ​ចិន​ខឹងសម្បារ​ជាខ្លាំង និង​ចោទប្រកាន់​ហ្វីលីពីន​ថា​កំពុង​ព្យាយាម​បង្ករឿង​ថែមទៀត​ផង។  

យ៉ាងណាក៏ដោយ​ប្រទេស​ជា​ភាគី​ជម្លោះ​ពីរ​ដែលជា​សមាជិក​អាស៊ាន​ផង​នោះ​មាន​ហ្វីលីពីន និង​វៀតណាម សុទ្ធតែ​ចង់អោយ​មានការ​រួមគ្នា​ក្នុងចំណោម​ប្រទេស​ទាំង ១០ដើម្បី​តតាំង​ជាមួយ​ក្រុង​ប៉េកាំង។ ទាំង​វៀតណាម ទាំង​ហ្វីលីពីន​ធ្លាប់​បន្ទោស​កម្ពុជា​កាលពី​ឆ្នាំ២០១២ ដោយសារ​កម្ពុជា​ក្នុងនាម​ជា​ប្រធាន​អាស៊ាន​មិនអាច​ចេញ​សេចក្តីថ្លែងការណ៍​រួម​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​បាន ដោយសារ​រឿង​សមុទ្រ​ចិន​ខាងត្បូង​ក្រោយ​កិច្ចប្រជុំ។ កម្ពុ​ជាមាន​ចំណងមិត្តភាព​ស្អិតល្មួត​ជាមួយ​ក្រុង​ប៉េកាំង ដែល​បច្ចុប្បន្ននេះ​កម្ពុជា​ក្លាយជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​របស់​ក្រុង​ប៉េកាំង​រួចទៅហើយ។ ចំណែក​ចិន​ឯណោះ​វិញ​ក្នុងនាម​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​របស់​កម្ពុជា បានផ្តល់​ជំនួយ​សេដ្ឋកិច្ច​ផង យោធា​ផង​ដល់​កម្ពុជា​ឥត​ដាច់។ ដោយសារតែ​ភាពល្អូកល្អឺន​រវាង​កម្ពុ​ជា​និង​ចិន​នេះហើយ អ្នកវិភាគ​សន្និដ្ឋានថា ចិន​នឹង​ប្រើប្រាស់​កម្ពុជា​ដើម្បី​បង្កើត​សម្លេង​ប្រឆាំង​ក្នុង​កិច្ចប្រជុំ​អាស៊ាន ដោយ​មិន​អាចអោយ​សមាជិក​អាស៊ាន​រក​សម្លេង​ឯក​ច្ឆ័​ន​ដើម្បី​សម្រេច​បញ្ហា​អ្វីដែល​ប៉ះពាល​ដល់​ប្រយោជន៍​ក្រុង​ប៉េកាំង​បានឡើយ៕  




© រក្សាសិទ្ធិដោយ thmeythmey.com