ជាតិ
​​​ន​យោ​បាយ​ជាតិ​
CPP និងCNRP ព្រមព្រៀងគ្នាឈប់ប្រើពាក្យ​ «អាក្បត់ជាតិ សង្គ្រាម​នឹង​កើត​ឡើង​.......!»
08, May 2015 , 1:59 pm        
រូបភាព
ដោយ: ថ្មីៗ
គណបក្សប្រជាជនកម្ពុជា​ និងគណបក្សសង្គ្រោះជាតិ បានចេញសេចក្តីថ្លែងការណ៍រួមគ្នា ប្តេជ្ញាអនុវត្តវប្បធម៌សន្ទនាគ្នាឲ្យមានប្រសិទ្ធភាព ។ សេចក្តីថ្លែងការណ៍ដែលចុះហត្ថលេខាដោយ លោក ហ៊ុន សែន និងលោក សម រង្ស៊ី នៅថ្ងៃទី ៨ ខែឧសភា នេះ បានកំណត់នូវខ្លឹមសារសំខាន់ៗចំនួន ៧ ចំណុច ដើម្បីឲ្យគណបក្សទាំងពីរអនុវត្ត និងចំណុច​ដែលបក្ស​ទាំង​ពីរ​មិនត្រូវ​អនុវត្ត ។ ខ្លឹមសារសំខាន់​ក្នុង​សេចក្តីថ្លែងការណ៍ទាំង ៧ ចំណុច មានដូួចជា ៖



ទី ១ ស្មោះត្រង់ជាមួយគ្នា ដើម្បីយកវប្បធម៌សន្ទនា ធ្វើជាមូលដ្ឋានក្នុងការពិភាក្សា ដោះស្រាយបញ្ហាដោយសន្តិវិធី នូវរាល់បញ្ហាជាតិ និងសង្គម ដែលភាគីទាំងពីរនូវមិនទាន់មានទស្សនៈស្របគ្នា ។

ទី ២ គោរព និងឲ្យតម្លៃគ្នាទៅវិញទៅមក។

ទី ៣ ចៀសវាងឲ្យខាងតែបាននូវការញុះញង់ ការលាបពណ៌ ការប្រើពាក្យអសុរោះ និងការជេរប្រមាថគ្នា ដូចជាការប្រើពាក្យ « អាក្បាលយួន ខ្លួនខ្មែរ ពួកអាកុម្មុយនីស្តផ្តាច់ការ អាយ៉ងយួន អាក្បត់ជាតិ អាលក់ជាតិ អាមេចោរ អាកូនចោរ » ។

ទី ៤ ចៀសវាងការគំរាមកំហែង និងការបំភិតបំភ័យតាមគ្រប់រូបភាព ដូចជាការប្រើពាក្យ «ចាប់ដាក់គុក សង្រ្គាមនឹងកើតឡើង»  ។

ទី ៥ លុបបំបាត់ចោលនូវគំនិតនៃការគុំកួន សងសឹកគ្នា បានសេចក្តីថា ត្រូវបញ្ចប់នូវនយោបាយ «ទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី»  ។ 

ទី ៦ លុបបំបាត់ចោលនូវនយោបាយប្រកាន់ពូជសាសន៍ និងនយោបាយជ្រុលនិយម ។

ទី ៧ អប់រំណែនាំដល់មន្រ្តីគណបក្ស សមាជិក សមាជិការ និងអ្នកគាំទ្រ គណបក្សរៀងៗខ្លួន ចាប់តាំងពីថ្នាក់ជាតិរហូតដល់ថ្នាក់មូលដ្ឋាន ឲ្យអនុវត្តនូវខ្លឹមសារខាងលើចាប់ពីពេលនេះតទៅ ។

តែយ៉ាងណា​ការអនុវត្តវប្បធម៌​សន្ទនាគ្នានេះ គណបក្ស​ទាំងពីរ នៅតែរក្សាការប្រើប្រាស់យន្តការប្រជា​ធិបតេយ្យ​ តាម​តួនាទី និងភារកិច្ច​រៀងៗខ្លួន ដោយមានទាំង​ការរិះគន់ តាមរបៀប​ថ្លៃថ្នូរ ចំពោះភាព​អសកម្ម និងភាព​អវិជ្ជមាន ក្នុងន័យ​ និងក្នុងបំណង​ស្ថាបនា ធ្វើជាកញ្ចក់​ ដើម្បី​កែលម្អ​ស្ថាប័ន​រដ្ឋ​ និង​នយោបាយរបស់​រាជ​រដ្ឋាភិបាល សម្រាប់អភិវឌ្ឍន៍ប្រទេសជាតិ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ ។ នេះបើតាម​សេចក្តី​ថ្លែង​ការណ៍​របស់គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ខាងលើ ៕




© រក្សាសិទ្ធិដោយ thmeythmey.com