អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
មី​យ៉ាន់​ម៉ា៖ ជម្លោះ​ប្រដាប់អាវុធ​អាច​បញ្ចប់​ក្រោយ​កិច្ចពិភាក្សា​សន្តិភាព​បួន​ថ្ងៃ
08, May 2015 , 8:15 pm        
រូបភាព
ដោយ:

ការបង្ហូរ​ឈាម​រវាង​កងកម្លាំង​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​និង​ក្រុម​ឧទ្ទាម​ប្រដាប់អាវុធ​នឹង​អាច​ត្រូវ​បញ្ចប់​នៅក្នុងពេលឆាប់ៗនេះ​ក្រោយពី​បញ្ចប់​កិច្ចសន្ទនា​ចរចា​រយៈពេល​បួន​ថ្ងៃ​ស្តីអំពី​កិច្ច​ព្រម​ព្រ​ង​បទ​ឈប់​បាញ់​រវាង​ភាគ​ទាំងពីរ។


ក្រោយពី​បញ្ចប់​កិច្ច ចរចា រយៈពេល​បួន​ថ្ងៃ​គេ​ឃើញ​មាន​សញ្ញាណ​វិជ្ជមាន​ជាច្រើន​ដោយ​ភាគី​រដ្ឋាភិបាល​និង​ក្រុម​ឧទ្ទាម​អាច​នឹង​ឈានដល់​បង្កើត​កិច្ចព្រមព្រៀង​ថ្នាក់ជាតិ​ស្តី​បទ​ឈប់​បាញ់។កិច្ចសន្ទនា​នេះដែរ​ធ្វើឡើង​ក្រោយពី​មាន​ប្រយុទ្ធ​គ្នា​រវាង​កងកម្លាំង​រដ្ឋា​ភិ​បាល​និង​ក្រុម​ឧទ្ទាម​ជាច្រើន​ក្រុម​នៅ​ភាគ​ខាងជើង​នៃ​ប្រទេស​មី​យ៉ាន់​ម៉ា​អស់​រយៈពេល​ជាង​មួយខែ​កន្លងទៅនេះ។

បើ​យោង​ប្រធាន​ចរចា​ភាគី​ក្រុម​ឧទ្ទាម​លោក​ណៃ​ហុង​សរ (Nai Hongsar) កិច្ចពិភាក្សា​រយៈពេល​បួន​នេះ​បានធ្វើ​ឲ្យ​ទាំង​ភាគី​រដ្ឋាភិបាល​និង​តំណាង​ក្រុម​ឧទ្ទាម​កាន់​តែមាន​ភាពស្និទ្ធស្នាល​នឹង​គ្នា​ដែល​អាច​ឈានដល់​កិច្ចព្រមព្រៀង​ថ្នាក់ជាតិ​ស្តី​បទ​ឈប់​បាញ់​ដែល​នឹងមាន​ប្រការសំខាន់ៗប្រាំ​ជំពូក​ដែល​នឹងត្រូវ​ធ្វើឡើង​ផងដែរ។

ស្របពេល​នៃ​សញ្ញា​វិជ្ជមាន​ត្រូវបាន​ធ្វើឡើង​ក៏មាន​ការខ្វែងគំនិត​គ្នា​លើ​ចំណុច​មួយចំនួន​អំឡុងពេល​កិច្ចសន្ទនា​ចរចា​រវាង​តំណាង​ភាគី​ទាំងពីរ​ផងដែរ​ក្នុងនោះ​មានដូចជា​ការ​ផ្តល់ដំណឹង​ឲ្យ​គ្នា​ទៅវិញ​រវាង​ក្រុម​ទាហាន​សហ​ព​ន្ធ័​និង​ការបង្កើត​ច្បាប់​ដើម្បី​គ្រប់គ្រង​លើ​ស្ថានភាព​ចាំ​ផងដែរ។

យ៉ាងណាមិញ​ភាគី​កងកម្លាំង​រដ្ឋាភិបាល​បាន​បញ្ជាក់ថា​ជម្លោះ​នឹង​មិនអាច​បញ្ចប់​នោះទេ​ប្រសិនបើ​មេ​ដឹក​ក្រុម​ឧទ្ទាម​កូ​កាង​និង​មេ​ដឹក​ក្រុម​ឧទ្ទាម​ផ្សេងទៀត​មិន​ចូលរួម​ក្នុង​កិច្ចសន្ទនា​ដោយផ្ទាល់​ដើម្បី​បង្ហាញ​ពីអ្វី​ដែល​ខ្លួន​ចង់បាន​ពិតប្រាកដ។

គួរ​រម្លឹក​ផងដែរ​គិត​ចាប់តាំងពី​ថ្ងៃទី០៩ខែកុម្ភៈ​រហូតដល់​មុន​ថ្ងៃ​ចរចា​បន្តិច​ក្រុម​ឧទ្ទាម​ប្រដាប់អាវុធ​ជាច្រើន​ក្រុម​រួមមាន​ច្រើន​ក្រុម​រួមមាន​ក្រុម​ឧទ្ទាម​កូ​កាង ក្រុម​រំដោះជាតិ​តា​អាង និង​ក្រុម​កា​ឈិន ជា​ក្រុម​ឧទ្ទាម​ដែលមាន​ទ័ព​ឯករាជ្យ​បាន​ប្រយុទ្ធ​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ជាមួយនឹង​កងកម្លាំងរ​ដ្ឋា​ភិ​បាល​មី​យ៉ាន់​ម៉ា​នៅ​ភាគ​ខាងជើង​ប្រទេស​មី​យ៉ាន់​ម៉ា​និង​ជាប់​ព្រំប្រទល់​ជាមួយ​ចិន។ការប៉ះទង្គិច​គ្នា​នេះ​បានធ្វើ​ឲ្យ​ភាគី​សងខាង​ស្លាប់​និង​រងរបួស​ជាច្រើន​នាក់។

ដោយឡែក​ដោយសារតែ​ជម្លោះ​នេះ​ផ្ទុះឡើង​នៅជាប់​ព្រំប្រទល់​ជាមួយ​ចិន​នោះ​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​បាន​ចោទប្រកាន់​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ថា​ជា​អ្នកគាំទ្រ​ក្រុម​ឧទ្ទាម​ពីក្រោយ​ខ្នង​ផងដែរ៕




© រក្សាសិទ្ធិដោយ thmeythmey.com