អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក គីម​ ជុង​អ៊ុន ព្រមាន​កម្ទេច​នាវា​កូរ៉េខាងត្បូង​ដោយ​មិនបាច់​ឲ្យដំណឹង​មុន
09, May 2015 , 2:26 pm        
រូបភាព
ដោយ:

ស្ថានភាព​នៅក្នុង​ឧបទ្វីប​កូរ៉េ បាន​ត្រលប់​ទៅរក​ភាពស្ងប់ស្ងាត់​មួយរយៈ ក្រោយពី​កូរ៉េខាងត្បូង និង សម្ព​ន្ធ័​មិត្ត​របស់​អាមេរិក បញ្ចប់​សមយុទ្ធ​យោធា​ប្រចាំឆ្នាំ​រួមគ្នា។ យ៉ាងណាមិញ ភាព​តានតឹង​ចាប់ផ្តើម​សារជាថ្មី បន្ទាប់ពី​រដ្ឋាភិបាល​កូរ៉េខាងជើង បាន​ព្រមាន​បាញ់ប្រហារ កម្ទេច​នាវា​កូរ៉េខាងត្បូង​គ្រប់ពេលវេលា ប្រសិន​នាវា​កូរ៉េខាងត្បូង​ហ៊ាន​ចូល​ដែន​អធិបតេយ្យ​របស់ខ្លួន ។



លោក មុំ ពិ​ទូ លម្អិត​ព័ត៌មាន​នេះ




រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​បាន​ព្រមាន ថា​នឹង​កម្ទេច​នាវាចម្បាំង​របស់​កូរ៉េខាងត្បូង ប្រសិនបើ​នាវា​ទាំងនោះ​នៅតែ​បន្ត​ឆ្លងកាត់​ហួស​តំបន់​ព្រំដែន​សមុទ្រ​រវាង​ប្រទេស​ទាំងពីរ។ ការ​គំរាម​នេះ កើត​ឡើងជា​លើក​ទី២ លើកទីមួយ​កើតឡើង​នៅ​ដើមឆ្នាំ២០១៥ បន្ទាប់ពី​មានការ​ប្រកាសសង្គ្រាម​ជាមួយ​អាមេរិក ក្នុងអំឡុងពេល​សមយុទ្ធ​យោធា​ប្រចាំឆ្នាំ​រវាង​កូរ៉េខាងត្បូង និង អាមេរិក។

បើ​យោងតាម​ការចុះផ្សាយ​រប​ស់​ភា្ន​ក់​ងារ​ពត៌មាន KCNA ចាប់ពី​មានការ​ព្រមាន​នេះ​តទៅ រដ្ឋាភិបាល​កូរ៉េខាងជើង នឹង​បាញ់​កម្ទេច​នាវា​ដោយ​មិន​ប្រកាស​ជាមុន​ឡើយ ហើយ​នាវា​នោះ​សំដៅលើ​នាវា​កូរ៉េខាងត្បូង និង អាមេរិក ដែល​បាន​បំពាន​ព្រំដែន​សមុទ្រ​ភាគ​ខាងលិច​របស់ខ្លួន។

ឆ្លើយតប​នឹង​ការព្រមាន​នេះដែរ មន្ត្រី​យោធា​របស់​កូរ៉េខាងត្បូង​បាន​បញ្ជាក់ថា ចាប់ពី សង្គ្រាម​បានបញ្ចប់ កូរ៉េខាងត្បូង​មិនដែល​ឆ្លងកាត់​តំបន់​ព្រំដែន​នោះទេ។ បន្ថែម​ពីនេះ លោក​បានចាត់ទុក​ការ​គំរាម​របស់​កូរ៉េខាងជើង ថា​ជា​សកម្មភាព​ភ្លីភ្លើ។ លោក​បាន​បញ្ជាក់ថា ពេលខ្លះ​កូរ៉េខាងត្បូង បាន​ទៅ​ក្បែរ​តំបន់​ព្រំដែន​នោះដែរ តែ​ដើម្បី​បញ្ឈប់​ទូក​នេសាទ​ខុសច្បាប់​របស់​ចិន​ប៉ុណ្ណោះ។

សូមបញ្ជាក់ថា​បន្តិច​ថា ក្រោយពី​បញ្ចប់សង្គ្រាម ឆ្នាំ១៩៥០-១៩៥៣ ឧបទ្វីប​កូរ៉េ​ត្រូវបាន​បែងចែក​ជា​ពីរ ពោលគឺ​កូរ៉េខាងត្បូង និង កូរ៉េខាងជើង។ យ៉ាងណាក៏ដោយ ដោយសារ​ភាពមិនច្បាស់លាស់ ក្នុង​បែងចែក​ដែន អធិបតេយ្យ ជាពិសេស​លើ​ដែនសមុទ្រ​ភាគ​ជើង បានធ្វើ​ឲ្យ​ភាព​តានតឹង​នៅតែ​បន្ត​នៅក្នុង​ដែន សមុទ្រ​រវាង​ប្រទេស​ទាំងពីរ។
អ្វីដែល​គួរកត់សម្គាល់​នោះ ភាពមិនច្បាស់លាស់​លើ​ការកំណត់​ដែនសមុទ្រ​នេះ បានធ្វើ​ឲ្យ មានការ​ប៉ះទង្គិច​គ្នា​ជាច្រើនលើក​ច្រើនសារ​មក​ហើយ​រវាង​ប្រទេស​ទាំងពីរ។ ក្នុងនោះ​រួមមាន ឧបទ្ទវហេតុ នៃ​ការបើក​បុក​គ្នា​រវាង​កងកម្លាំង​ទាហាន​ល្បាត​ប្រទេស​ទាំងពីរ ក្នុងអំឡុង​ឆ្នាំ ១៩៩៩ និង ២០០០ ដែល​បាន​បណ្តាល​ឲ្យ​ទាហាន​ទាំងសងខាង​បាន​ស្លាប់៕


© រក្សាសិទ្ធិដោយ thmeythmey.com