អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
រុស្ស៊ី៖ លោក ស៊ី​ជីន​ពីង​ក្លាយ​ភ្ងៀ​វ​សំខាន់បំផុត​ក្នុង​ខួប​ជ័យជម្នះ​សង្គ្រាមលោកលើកទី២
09, May 2015 , 6:00 pm        
រូបភាព

រុស្ស៊ី​រៀបចំ​ខួប​លើក​ទី៧០ ដើម្បី​រំលឹក​ពី​ជ័យជម្នះ​លើ​កងទ័ព​ណា​ស៊ី​អាឡឺម៉ង់​ក្នុងសម័យ​សង្គ្រាមលោកលើកទី២ នៅ​ថ្ងៃទី០៩ នេះ។ ក្នុង​កម្មវិធី​នេះ​នឹងមាន​វត្តមាន​មេដឹកនាំ​មេដឹកនាំ​ប្រទេស​ជាច្រើន​ដែលមាន​ចំណងមិត្តភាព​ជិតស្និទ្ធ​ជាមួយ​ក្រុង​ម៉ូស្គូ។ ប៉ុន្តែ​ភ្ងៀ​វ​ដែលមាន​ឥទ្ធិពល​និង​សំខាន់បំផុត​សម្រាប់​រុស្ស៊ី​លើក​នេះ​គឺ​សម​ភាគី​ចិន លោក ស៊ី​ជីន​ពីង ដ្បិត​កម្មវិធី​លើក​នេះ​គ្មាន​វត្តមាន​មេដឹកនាំ​ប្រ​ទស​លោកខាងលិច​ឡើយ។



ថ្ងៃ​សៅរ៍​នេះ​រុស្ស៊ី​រៀបចំ​កម្មវិធី​ខួប​លើក​ទី៧០ រំលឹក​ពី​ជ័យជម្នះ​លើ​កងទ័ព​ណា​ស៊ី​អាឡឺម៉ង់ និង​បិទ​បញ្ចប់​សង្គ្រាមលោកលើកទី។ ក្នុង​កម្មវិធី​នេះ គេ​សង្កេតឃើញ​មាន​វត្តមាន​ប្រធានាធិបតី​ចិន លោក ស៊ី ជីន​ពីង ប៉ុន្តែ​មិនមាន​វត្តមាន​មេដឹកនាំ​ប្រទេស​មហាអំណាច​លោកខាងលិច​ទេ។ វេទិកា​ដែល​គ្មាន​លោកខាងលិច​នេះ បានធ្វើ​ឲ្យ​ប្រមុខរដ្ឋ​ចិន ក្លាយជា​មនុស្ស​ពិសេស និង​មាន​ឥទ្ធិពល​បំផុត​ម្នាក់ ហើយ​ទស្សនកិច្ច​របស់លោក ស៊ី ជី​ង​ពីង​ទៅកាន់​រុស្ស៊ី​ដើម្បី​ចូលរួម​ក្នុង​កម្ម​វី​ធី​នេះ​ក៏​បញ្ជាក់​យ៉ាងច្បាស់​ពី​ចំណងមិត្តភាព​ស្អិតល្មួត​របស់​ប្រទេស​ទាំងពីរ​ដែរ។

ប្រធានាធិបតី​ចិន​បាន​អញ្ជើញ​ទៅដល់​រុស្ស៊ី​កាល​ពិ​ម្សិលមិញ​នេះ ដោយ​លោក​បាន​ជួបពិភាក្សា​ជា​លក្ខណៈ​ទ្វេភាគី​ផង​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន ហើយ​មេដឹកនាំ​ទាំងពីរ​ក៏បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សេដ្ឋកិច្ច​មួយចំនួន​ផង។ ចំណងមិត្តភាព​រវាង​ក្រុង​ប៉េកាំង​និង​ក្រុង​ម៉ូស្គូ​កាន់តែ​ល្អូក​ល្អឺ​ន​ខ្លាំង​ក្រោយ​ពេលដែល​លោកខាងលិច​ព្យាយាម​ធ្វើ​ឲ្យ​រុស្ស៊ី​ឯកោរ និង​ដាក់ទណ្ឌកម្ម​ច្រើន​ជំហាន​ប្រឆាំង​រុស្ស៊ី ក្រោយ​ផ្ទុះឡើង​វិបត្តិ​នៅ​អ៊ុយ​ក្រែ​ន។

ដោយឡែក ថ្ងៃជ័យ​ជម្នះ​និង​បញ្ចប់​សង្គ្រាមលោកលើកទី២នេះ សំខាន់​សម្រាប់​ក្រុង​ប៉េកាំង និង​ក្រុង​ម៉ូស្គូ ដោយ​ភាគី​ទាំង​អះអាង​អាង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​ឈឺចាប់​និង​រងទុក្ខវេទនា​ជាខ្លាំង​ព្រោះតែ​ឥទ្ធិពល​នៃ​សង្គ្រាម​នេះ។ លោក ស៊ី​ជីន​ពីង បាន​អញ្ជើញលោក ពូ​ទីន ដោយផ្ទាល់​រួចរាល់​ហើយ​ដើម្បី​ឲ្យ​ប្រមុខរដ្ឋ​រុស្ស៊ី​នេះ​ទៅ​ទស្សនកិច្ច​និង​ចូលរួម​ក្នុង​កម្មវិធី​រំលឹក​ពី​ជ័យជម្នះ​របស់​ក្រុង​ប៉េកាំង​ក្នុង​សង្គ្រាមលោកលើកទី២ នៅ​ថ្ងៃ ០៣ ខែកញ្ញា​ខាងមុខ​ផងដែរ។

ក្រោយ​បញ្ចប់​កម្មវិធី​នៅ​ក្រុង​ម៉ូស្គូ កងទ័ពជើងទឹក​ចិន និង​រុស្ស៊ី​នឹង​ចាប់ផ្តើម​លំ​ហាត់​យោធា​រួមគ្នា​មួយ​នៅក្នុង​សមុទ្រ​ម៉េ​ឌី​ទែ​រ៉ា​ណេ ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ស​ន្តិ​សុខ​រវាង​ប្រទេស​ទាំងពីរ និង​ជា​សារ​មួយ​ផ្ញើរ​ទៅកាន់​ប្រទេស​លោកខាងលិច​ផង។ រុស្ស៊ី ចាប់ដៃ​ចិន ដើម្បី​បញ្ចេញ​សាច់ដុំ​យោធា​ដាក់ លោកខាងលិច។ ចាប់តាំងពី​រុស្ស៊ី​ក្រសោប​យក​ទឹកដី Crimea ពី​អ៊ុយ​ក្រែ​ន សមាជិក​បក្សសម្ព័ន្ធ​យោធា​ណា​តូ ក្រោម​ការដឹកនាំ​របស់​ក្រុង​វ៉ាស៊ីនតោន ចាប់​ផ្តើមកសាង​កម្លាំង​ទ័ព​នៅ​អឺរ៉ុប​ខាងកើត និង​រៀបចំ​សមយុទ្ធ​យោធា​បន្តបន្ទាប់​គ្នា​នៅក្បែរ​ព្រំដែន​រុស្ស៊ី​ថែម​ទៀតផង។

តាមពិតទៅ រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ មុន​ប្រារព្ធ​ពិធី​នេះឡើយ​បា​នះ​អញ្ជើញ​មេដឹកនាំ​ជាច្រើន​នាក់មក​ចូលរួម ក្នុងនោះ​មាន​ទាំង​ប្រមុខរដ្ឋ​កូរ៉េខាងជើង គីម ជុង​អ៊ុន​ផង។ ប៉ុន្តែ​ខួប​រំលឹក​ជ័យជម្នះ​សង្គ្រាមលោកលើកទី២លើក​ទី៧០លើក​នេះ ខុសប្លែក​ពីលើ​កមុនៗ មេដឹកនាំ​លោកខាងលិច ដូចជា​ប្រធានាធិបតី​អាមេរិក អធិការបតី​អាឡឺម៉ង់ ប្រធានាធិបតី​បារាំង​ជាដើម​មិនមាន​វត្តមាន​នៅក្នុង​ក​ម្ម​វិធី​នៅ​ក្រុង​ម៉ូស្គូ​ឡើយ ដោយសារ​ពួកគេ​អន់ចិត្ត​នឹង​លោកពូ​ទីន​រឿង​លូកលាន់​បញ្ហា​អ៊ុយ​ក្រែ​ន។  ហើយ​ម្យ៉ាង​បណ្តា​រដ្ឋ​នៅ​អឺរ៉ុប​បានសម្រេច​រៀបចំ​ខួប​រំលឹក​ជ័យជម្នះ​សង្គ្រាមលោកលើកទី២តាំងពី​ម្សិលមិញ ពោលគឺ​មួយថ្ងៃ​មុន​រុស្ស៊ី៕


© រក្សាសិទ្ធិដោយ thmeythmey.com