អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
កងទ័ព​ហ្វីលីពីន និង​ចិន ព្យាយាម​ដណ្តើម​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង
09, May 2015 , 7:07 pm        
រូបភាព
ដោយ:

រដ្ឋាភិបាល​ក្រុង​ម៉ានីល ប្រកាសអាសន្ន​ដោយ​បញ្ជាក់ថា​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​កំពុង​ស្ថិតនៅ​ក្នង​សភា​ពនៃ​ការប្រឈមមុខគ្នា​កាន់តែខ្លាំង។ សេចក្តីប្រកាស​នេះ ធ្វើឡើង​ក្រោយពី​កងទ័ព​ល្បាត​ជើង​ទឹក​ចិន​បាន​ព្យាយាម​ប្រជែង​កងទ័ព​ហ្វីលីពីន​យក​កន្លែង​ចុះចត​យន្តហោះ​ល្បាត​ហ្វីលីពីន និង បណ្តេញ​កងទ័ពអាកាស​ហ្វីលីពីន​ឲ្យ​ចេញពី​កោះ​ស្ព្រា​ត​លី។



លោក ជាវ សំណាង លម្អិត​ព័ត៌មាន​នេះ

**audio2**


ក្រោយពី​មានការ​ប្រជែង​គ្នា​រវាង​ទ័ព​ល្បាត​របស់​ចិន និង យន្តហោះ​ហ្វីលីពីន​នៅ​កន្លែង​ចុះចត លើ​កោះ Pagasa ម្សិលមិញ​នេះ រដ្ឋាភិបាល​ក្រុង​ម៉ានីល បានប្រកាស​អាសន្ន​ជុំវិញ​ការ​ប្រឈម មុខ​គ្នា​នេះ ដែល​ហ្វីលីពីន​ចាត់ទុកថា វា​កំពុង​រាលដាល​ដល់​ដំណាក់កាល​មួយ​ដ៏​គ្រោះថ្នាក់។ ការ​ប្រជែង​គ្នា​នេះ បាន​ផ្ទុះឡើង ក្រោយ​មានការ​វាយប្រហារ​គ្នា តាមរយៈ​ការចេញ​សេចក្តីថ្លែងការណ៍​ថ្កោលទោស​ការបំពាន​លើ​តំបន់​ជម្លោះ​ទៅវិញទៅមក រវាង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង និង រដ្ឋាភិបាល​ក្រុង​ម៉ានីល ។

លោក Alexander Lopez នាយ​ទាហានជើងទឹក​ហ្វីលីពីន បាន​ឲ្យ​ដឹងថា យន្តហោះ​ល្បាត​របស់​ហ្វីលីពីន​ចំនួន៧ បាន​រង​នូវ​ការព្រមាន​ពី​កង​ទាហាន​ល្បាត​ជើង​ទឹក​របស់​ចិន នៅលើ​កោះ Pagasa ជា​កន្លែង​ដែល​កងទ័ពអាកាស​ហ្វីលីពីន​ចុះចត​កាលពី​កន្លងមក។  លោក​បន្ថែម ទៀតថា ការប្រឈមមុខគ្នា​នេះ បានចាប់ផ្តើម​តាំងពី​ពាក់កណ្តាល​ខែមេសា​មកម្ល៉េះ។

មូលហេតុ​នៃ​ការប្រកាស​ឲ្យ​ចេញពី​តំបន់​ជម្លោះ​នេះ ដោយសារ​កង​ទាហាន​ល្បាត​ចិន បានចាត់ទុក​កង​ទាហាន​អាកាស​របស់​ហ្វីលីពីន ថា​ជា​ជនបរទេស និង​បាន​រំលោភ​ចូល​អ​ធិ​តេ​យ្យ​របស់ខ្លួន ហើយ​បាន​បញ្ជា​ឲ្យ​កងទ័ព​ទាំងនោះ​ចេញពី​តំបន់​នោះ ដើម្បី​បញ្ជៀ​ស​នូវ​ការប្រឈមមុខ​ដាក់គ្នា​កាន់តែ​ធ្ងន់ធ្ងរ និង ការយល់ច្រលំ​ដោយ​ប្រការ​ណាមួយ។

ឆ្លើយតប​ជាមួយនឹង​ការបណ្តេញ​របស់​កង​ទាហាន​ល្បាត​ចិន ហ្វីលីពីន​បាន បញ្ជាក់ថា​ពួកគេ​មិនបាន​បំពាន​ទៅលើ​អធិបតេយ្យ​ចិន​នោះទេ ពោលគឺ​ការហោះហើរ​របស់គេ គឺ​ស្ថិតនៅក្នុង​លំហ​អន្តរជាតិ។

គួរ​រម្លឹក​ផងដែរ នៅក្នុង​ឱកាស​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើ​ទី២៦ រដ្ឋាភិបាល​ហ្វីលីពីន និង     វៀត​មណា​ម ក៏បាន​លើកឡើង​នូវ​បញ្ហា​ជម្លោះ​ចិន ដើម្បី​ឲ្យ​រដ្ឋាភិបាល​សមាជិក​អាស៊ាន ចេញ​សេចក្តីថ្លែងការណ៍​ថ្កោលទោស​លើ​សកម្មភាព​បំពាន​របស់​ចិន ដែល​បាន​បំពាន​លើ​តំបន់​ជម្លោះ​ផងដែរ។ ក៏ប៉ុន្តែ មិនមាន​មតិ​ឯក​ច្ឆ័​ន គាំទ្រ​នោះទេ។

ឆ្លើយតប​នឹង​ការចោទប្រកាន់​របស់​ហ្វីលីពីន និង វៀតណាម រដ្ឋមន្ត្រីការបរទេស​ចិន បានចេញ​សេចក្តីថ្លែងការណ៍​មួយ ដោយបាន​ទទូច​សុំ​ហ្វីលីពីន បញ្ឈប់​សកម្មភាព​រប​ស់​ខ្លួន លើ​ការគ្រប់គ្រង​លើ​តំបន់​ជម្លោះ​ផងដែរ។ បន្ថែម​ពីនេះ លោក​រដ្ឋមន្ត្រី ក៏បាន​បញ្ជាក់ថា ហ្វីលីពីន បាន​សាងសង់​មូលដ្ឋានទ័ព ព្រលានយន្តហោះ និង កំពង់ផែ​នៅ​កោះ​របស់ខ្លួន ជាច្រើន​ឆ្នាំ ដែល​បាន​បំពាន​លើ​សេចក្តីថ្លែងការណ៍​ដែល​បានធ្វើ​តាំងពី​ឆ្នាំ២០០២  ។ ក៏ប៉ុន្តែ ដើម្បី​ធានា​ឲ្យ​បាន​សន្តិសុខ និង​សន្តិភាព​ក្នុង​តំបន់ ចិន​មិនដែល​ចាត់​វិធានការណ៍​ណាមួយ ដែល​អាក្រក់​នៅលើ​តំបន់​ជម្លោះ​នោះទេ។

គួរ​បញ្ជាក់ថា ការប្រឈមមុខគ្នា ដែល​ឈានដល់​កម្រិត​ប្រកាសអាសន្ន​នេះ គឺ​ដោយសារតែ ការចូលទៅ​កាន់កាប់​តំបន់​ជម្លោះ ដែល​មិនទាន់​បានកំណត់​ពី​ព្រំប្រទល់​ច្បាស់លាស់។ យ៉ាងណាក៏ដោយ គេ​សង្កេតឃើញ នៅក្នុង​តំបន់​ជម្លោះ​នេះ រាល់​ប្រទេស​ណា​ដែល​ហ៊ាន​ប្រឈម​នឹង​ចិន តែងតែ​ទទួលបាន​មេរៀន​យ៉ាង​ចាស់ដៃ។ ដូច​ករណី កាលពី​ឆ្នាំ២០១៤កន្លងមក កង​ទាហាន​ល្បាត​ចិន បាន​បាញ់​ពន្លិច​ទូក​នេសាទ​របស់​វៀតណាម ដែល​ចូល​នេសាទ​លើ​តំបន់​ដែល​ចិន​បាន​ចាត់ទុកថា ស្ថិតក្រោម​ដែន​អធិបតេយ្យ​របស់ខ្លួន៕




© រក្សាសិទ្ធិដោយ thmeythmey.com