ជាតិ
​​​ន​យោ​បាយ​ជាតិ​
មេបក្ស​កម្ពុជា​ចាញ់ឆ្នោត​បន្ត​ស្ថិតក្នុង​តំណែង តែ​មេបក្ស​នៅ​អង់គ្លេស​ត្រូវ​ចុះ​ចេញពី​តំណែង
09, May 2015 , 7:57 pm        
រូបភាព

ភ្នំពេញ៖ ប្រធាន​គណបក្សនយោបាយ​នៅក្នុង​ប្រទេស​កម្ពុជា​គ្មាន​ការទទួលខុសត្រូវ​ក្នុងការ​ដឹកនាំ​បក្ស​របស់ខ្លួន​ទេ។ នៅក្នុង​ប្រទេស​អង់គ្លេស មេគណបក្ស​ប្រឆាំង​ចំនួន​បី​រូប​បានប្រកាស​ចាក​ចេញពី​តំណែងភ្លាមៗ និង​ជា​បន្តបន្ទាប់ បន្ទាប់ពី​គណបក្ស​អភិរក្សនិយម​ប្រកាស​ឈ្នះឆ្នោត​បន្ត​ដឹកនាំ​ប្រទេសមួយ​អាណត្តិ​បន្ថែមទៀត។



ក្រោយពី​ចាញ់ឆ្នោត​ភ្លាម​លោក Ed Miliband   ប្រធាន​គណបក្ស​ការងារ​ប្រកាស​លាលែង​ចេញពី​តំណែង ហើយ​និយាយ​ទៅកាន់​សមាជិក​របស់លោក​ថា៖«លោក​សុំទោស លោក​មិនអាច​ប្រជែង​យកជ័យ​ជម្នះ​បានទេ។ នេះ​គឺជា​ការខកចិត្ត និង​ជា​រាត្រី​ដ៏​អាក្រក់​សម្រាប់​គណបក្ស​ការងារ»។

លោក Nick Clegg ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​សេរីនិយម​ដែល​បាន​បាត់បង់​កៅអី​ចំនួន៤៩បានប្រកាស​លាលែង​ចេញ​ពី​តំណែង​ដោយ​លោក​និយាយថា៖«នេះ​គឺជា​ការឈឺ​ឆាប់​ដ៏​ពិតប្រាកដ​មួយ និង​ជា​រាត្រី​ទណ្ឌកម្ម​ដ៏​សាហាវ​សម្រាប់​គណបក្ស​ប្រជាធិបតេយ្យ​សេរីនិយម»។ លោក Nigel Farage ប្រធាន​គណបក្ស​ឯករាជ្យ​អង់គ្លេស ក៏បាន​ប្រកាស​លាលែង​ចេញ​ពី​តំណែង​ដែរ។

ការលាលែង​របស់​មេបក្ស​ប្រឆាំង​ទាំងបី​បានធ្វើ​ឡើង​កាលពី​ថ្ងៃទី៨ខែឧសភា​ម្សិលមិញ បន្ទាប់ពី​គណបក្ស​អភិរក្សនិយម​របស់លោក David Cameron ទទួលជោគជ័យ​លើ​ការបោះឆ្នោត​ដោយ​ទទួលបាន​អាសនៈ​ចំនួន៣៣១ លើ៦៥០កៅអី។

ទាក់ទង​នឹង​ការលាលែង​នេះ អ្នកវិភាគ​សង្គម​នយោបាយ​នៅក្នុង​ប្រទេស​កម្ពុជា​ចាត់ទុកថា មេដឹកនាំ​គណបក្សនយោបាយ​នៅក្នុង​ប្រទេស​អង់គ្លេស​បង្ហាញ​ការទទួលខុសត្រូវ​ជាង​មេដឹកនាំ​គណបក្សនយោបាយ​នៅក្នុង​ប្រទេស​កម្ពុជា។ លោក អ៊ូ វីរៈ អ្នកវិភាគ​នយោបាយ​ឯករាជ្យ​និយាយថា៖«គណបក្ស​ប្រជាជន​កម្ពុជា​បាត់​កៅអី​ច្រើន ជាធម្មតា លោក ហ៊ុន សែន ត្រូវតែ​ទទួលខុសត្រូវ។ ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ រឹតតែ​មិនត្រូវ​ដឹកនាំ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​តទៅទៀត​ឡើយ ពីព្រោះ​ដឹកនាំ​ពី​ឈ្នះ​ទៅ​ចាញ់ហើយ​នោះ»។

លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​អង្គការ​សង្កេតការណ៍​បោះឆ្នោត Comfrel បាន​អត្ថាធិប្បាយ​ថា មេដឹកនាំ​បក្ស​នៅក្នុង​ប្រទេស​អង់គ្លេស​មាន​ភាពចាស់ទុំ​ផែ្ន​ក​នយោបាយ និង​បង្ហាញ​ពី​ការទទួលខុសត្រូវ​រប​ស់​ខ្លួន​ក្នុងនាម​ជា​មេដឹកនាំ។ បើ​យោងតាម​លោក គល់ បញ្ញា មិនចាំបាច់​និយាយ​រឿង​ចាញ់ឆ្នោត​ផង សូម្បីតែ​បាត់បង់​ចំនួន​កៅអី ក៏​មេដឹកនាំ​ពិចារណា ឬ​សម្រេចចិត្ត​ចុះ​ចេញពី​តំណែង​ទៅហើយ​នៅក្នុង​ប្រទេស​អង់គ្លេស។ ស្ថានភាព​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​បាត់បង់​កៅអី ហើយ​បើ​ស្ថិតនៅ​ក្នុងប្រទេស​អង់គ្លេស​វិញ តំណែង​មេដឹកនាំ​ក៏ត្រូវ​បាន​គេ​លើកយក​មិន​ពិចារណា​ដែរ៕


© រក្សាសិទ្ធិដោយ thmeythmey.com