សង្គមអន្តរជាតិ
អន្តរជាតិ
បុរសវ័យ ៨៩ ឆ្នាំម្នាក់រស់នៅរដ្ឋ Texas បានស្លាប់ក្រោយពីឃ្មុំទិចជាង ៤០០០មេ
×
បុរសវ័យ ៨៩ ឆ្នាំម្នាក់រស់នៅរដ្ឋ Texas សហរដ្ឋអាមេរិក បានស្លាប់នៅពេលបញ្ជូនទៅដល់មន្ទីរពេទ ក្រោយពេលដែលគាត់ត្រូវបានសត្វឃ្មុំមួយសំបុក ទិចដោយចៃដន្យ។ បើតាមការព្យាករណ៍របស់ប៉ូលីស មានឃ្មុំប្រហែល ៤០០០ មេបានទិចបុរសវ័យចំណាស់នេះ ទើបធ្វើឲ្យគាត់ស្លាប់យ៉ាងដូច្នេះ។ នេះបើយោងតាមកាសែត new york daily new ។
ការិយាល័យប៉ូលីសក្នុងតំបន់ Coryell County Sheriff ហេតុការណ៍មួយនេះបានកើតឡើង នៅជិតផ្លូវជាតិក្បែរព្រំដែនទីក្រុង Gatesville នៅក្រោយពេលដែលសាក្សីដែលបានឃើញហេតុការណ៍នោះបានឱ្យដឹងថា គាត់បានឃើញសត្វឃ្មុំមួយសំបុក បានមករោមជិតបុរសចំណាស់ម្នាក់។ ប៉ុន្តែសាក្សីនោះ មានជំងឺប្រតិកម្មជាមួយសត្វឃ្មុំ ទើបគាត់មិនអាចជួយបុរសវ័យចំណាស់ម្នាក់នោះបាន។
ប៉ុន្តែក្រោយមកមានបុរសជនជាតិសាម៉ារីម្នាក់ ព្យាយាមចូលទៅជិតដើម្បីជួយជនរងគ្រោះ ដោយបានយកភួយដណ្តប់លើខ្លួនបុរសវ័យចំណាស់នោះ។ ប៉ុន្តែដោយសារឃ្មុំជាច្រើនមេបានទិចគាត់មុនពេលការជួយសង្គ្រោះ ទើបធ្វើឲ្យជនរងគ្រោះស្លាប់នៅពេលដឹកទៅដល់មន្ទីរពេទ្យ ។
ជនរងគ្រោះដោយសារឃ្មុំទិចនោះ គឺលោក Jiggs Marshall គឺជាកម្មករកាត់ស្មៅ ដែលលោកកំពុងតែកាត់ស្មៅនៅម្ដុំនោះ ដោយមិនបានដឹងថានៅតំបន់នោះ មានសត្វឃ្មុំដ៏ច្រើនដូច្នេះទេ។ បើតាមការឲ្យដឹងពីប៉ូលីស បុរសជាអ្នកកាត់ស្មៅវ័យចំណាស់នោះ បានឃើញសំបុកសត្វឃ្មុំ ហើយលោកក៏បានវាយប្រហារជម្រករបស់ពួកវា ទើបសត្វឃ្មុំឆ្លើយតបវិញដោយកំហឹងយ៉ាងដូច្នេះ។
លោក Billy Vaden ប្រធានផ្នែកអគ្គីភ័យនៅក្នុងតំបន់ Gatesville បានប៉ាន់ប្រមាណទៅលើចំនួនទ្រនិចសត្វឃ្មុំថា លោក Marshall ត្រូវបានឃ្មុំប្រហែល ៤០០០ ក្បាលបានទិចរាងកាយរបស់គាត់។ ក្រុមអ្នកពន្លត់អគ្គិភ័យ បានព្យាយាមបាញ់សត្វល្អិតនោះចេញពីខ្លួនជនរងគ្រោះ ប៉ុន្តែដោយសារឃ្មុំគ្របដណ្តប់លើរាងកាយរបស់ជនរងគ្រោះយ៉ាងក្រាស់ ទើបធ្វើឲ្យពួកគេពិបាកជួយជនរងគ្រោះ៕
© រក្សាសិទ្ធិដោយ thmeythmey.com