សង្គមអន្តរជាតិ
អន្តរជាតិ
បុគ្គលិកដឹកជញ្ជូនភីហ្សាម្នាក់ត្រូវចោរប្លន់និងចាក់របួស ប៉ុន្តែភីហ្សានៅតែទៅដល់ដៃអតិថិជន
បុគ្គលិកផ្នែកដឹកជញ្ជូនភីហ្សាម្នាក់ ត្រូវបានចោរមួយក្រុម ប្លន់និងចាក់ខ្នងមួយកាំបិត ធ្វើឲ្យរូបគេមានរបួសធ្ងន់ ប៉ុន្តែបុគ្គលិករូបនេះនៅតែអាចបំពេញការងារ យកភីហ្សាទៅឲ្យអតិថិជនតាមការកុម្មង់ មុនពេលដែលរូបគេដួលសន្លប់នៅមុខវេជ្ជបណ្ឌិត។ នេះបើយោងតាមកាសែត telegraph ។
កាសែតដ៏ល្បីរបស់អង់គ្លេសនេះ បានផ្សាយឲ្យដឹងថា លោក Josh Lewis ជាបុគ្គលិកផ្នែកដឹកជញ្ជូនភីហ្សា នៅហាង Spinelli's Pizzeria ត្រូវបានក្រុមចោរវាយប្រហារដោយចាក់ខ្នង និងលួចរថយន្ត Jeep Cherokee ពណ៌ខ្មៅរបស់គាត់ ក្នុងពេលដែលគាត់ ត្រូវដឹកភីហ្សាទៅកាន់មន្ទីរពេទ្យមួយក្នុងទីក្រុង Louisville រដ្ឋ Kentucky ។
ក្រោយពេលកើតហេតុ ថា លោក Josh បានហៅទូរសព្ទទៅកាន់អ្នករួមការងារ ក្នុងពេលដែលលោកកំពុងទទួលការព្យាបាល នៅក្នុងបន្ទប់សង្គ្រោះបន្ទាន់មន្ទីរពេទ្យនោះ ដើម្បីធ្វើឱ្យប្រាកដថា ភីហ្សាថ្មីៗត្រូវបានបញ្ជូនទៅដល់ដៃអតិថិជនរបស់គាត់តាមការកុម្មង់។ ក្រុមអាជ្ញាធរក្នុងតំបន់ ក៏បាននិងកំពុងស្វែងរកជនសង្ស័យក្នុងករណីប្លន់នេះ ប៉ុន្តែមិនទាន់រកឃើញក្រុមជនល្មើសដែលលួចរថយន្តនោះទេ។
លោក Willow Rouben នាយកប្រចាំតំបន់របស់ហាង Spinelli នោះបានប្រាប់កាសែតក្នុងស្រុកថា ជឿឬមិនជឿអតិថិជនបានទទួលភីហ្សាក្ដៅៗតាមការកុម្មង់របស់ពួកគេ បើទោះបីជាបុគ្គលិករបសើយើង ត្រូវចូលបន្ទប់សង្គ្រោះបន្ទាន់ក៏ដោយ។
ហាង Spinelli pizzeria បានរៀបចំកម្មវិធីរៃអង្គាសថវិកាជាពិសេសមួយ សម្រាប់ជួយដល់បុគ្គលិកក្រៅម៉ោងរបស់ពួកគេ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយបានផ្ដល់ប្រាក់ ៥០ ភាគរយបានមកពីការលក់ទាំងអស់សម្រាប់ថ្ងៃនោះ ទៅឲ្យលោក Josh និងគ្រួសាររបស់គាត់។លើសពីនេះ ថវិកាជាង ២ ពាន់ដុល្លារក៏ត្រូវបានគេរ៉ៃអង្គាសបាន ដើម្បីជួយដល់ការចំណាយលើថ្នាំពេទ្យ និងការព្យាបាលបុគ្គលិកដ៏អស្ចារ្យម្នាក់នេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com