អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ក្រុម​ឧទ្ទាម​ម៉ៅ​និយម​នៅ​ឥណ្ឌា​ចាប់​អ្នកភូមិ​រាប់រយ​នាក់
10, May 2015 , 7:30 pm        
រូបភាព
ដោយ:

អាជ្ញាធរ​ឥណ្ឌា​បានផ្តល់​ព័ត៌មាន​នៅ​ថ្ងៃ​សៅរ៍​ម្សិលមិញ​ថា ក្រុម​ឧទ្ទាម​ម៉ៅ​និយម​បាន​ចូលទៅ​ចាប់​មនុស្ស​សន្ធឹកសន្ធាប់​ដល់​ទៅ២៥០នាក់ នៅ​ភូមិ​មួយ​ឈ្មោះថា​Morenga ស្ថិតក្នុង​រដ្ឋ​Chhattisgarh ភាគ​កណ្តាល​ប្រទេស។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ល្ងាច​ថ្ងៃ​សុក្រ តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ មុន​ទស្សនកិច្ច​របស់​នាយករដ្ឋមន្ត្រី​ណារិន​ដ្រា ម៉ូ​ឌី នៅ​រដ្ឋ​ភាគ​កណ្តាល​នេះ។ ក្រុម​ឧទ្ទាម​ជំទាស់​នឹង​ការសាងសង់​ស្ពាន​មួយកន្លែង លើ​ទន្លេ ដោយសារ​យល់ថា ស្ពាន​នេះ​ងាយ​អោយ​កងទ័ព​ឥណ្ឌា​ចូលទៅ​រក​ចាប់​ក្រុម​ខ្លួន​បាន​យ៉ាង​ស្រួល។



ហេតុការណ៍​ចាប់ជំរិត​អ្នកភូមិ បានកើត​ឡើង​នៅ​សង្កាត់​Sukma ចំងាយ​តែ៨០គីឡូម៉ែត្រ​ប៉ុណ្ណោះ ពី​កន្លែង​ដែល​នាយករដ្ឋមន្ត្រី​ឥណ្ឌា ត្រូវធ្វើ​សន្ទរកថា។ តំណាងរាស្ត្រ​ម្នាក់​បាន​ប្រាប់ថា ក្រុម​ឧទ្ទាម​បាន​នាំ​អ្នកភូមិ​ឆ្លងកាត់​ព្រៃ ធ្វើដំណើរ​រហូតដល់​ភ្នំ​តូច​មួយ​នៅ​ជិត​នោះ។ មេដឹកនាំ​រដ្ឋ​Chhattisgarh បាន​សន្យា​ធ្វើ​គ្រប់យ៉ាង​ដើម្បី​ទទួលបាន​ការដោះលែង​អ្នកភូមិ​មកវិញ។ អាជ្ញាធរ​ប្រាប់ថា បាន​បញ្ជូន​មនុស្ស​ទៅ​ចរចា​ជាមួយ​ក្រុម​ឧទ្ទាម​រួចហើយ។

នៅ​ឥណ្ឌា ក្រុម​ឧទ្ទាម​ម៉ៅ​និយម​ឧស្សាហ៍​ចាប់ជំរិត​មនុស្ស​ណាស់។ ប៉ុន្តែ មិន​ធ្លាប់​ចាប់យក​មនុស្ស​សន្ធឹកសន្ធាប់​ដូច​ពេលនេះ​ទេ។ ជាទូទៅ ចំណាប់ខ្មាំង​ជាច្រើន​តែង​ត្រូវបាន​ដោះលែង​មកវិញ។ ក្រុម​បះបោរ​ម៉ៅ​និយម​មាន​វត្តមាន​តាម​រដ្ឋ​ប្រមាណ​ជាង២។ ពួកគេ​តស៊ូ​ដើម្បី​សិទ្ធិ​ជនជាតិភាគតិច និង​ប្រជាកសិករ​ដែល​គ្មាន​ដីធ្លី​នឹង​គេ។ មាន​មនុស្ស​រាប់ពាន់នាក់​បាន​ស្លាប់ ដោយសារ​ការបះបោរ ចាប់ពី​ឆ្នាំ១៩៦៧មក៕
 


© រក្សាសិទ្ធិដោយ thmeythmey.com