ជាតិ
សង្គមជាតិ
អ្នកនាំពាក្យ៖ ជំនួយឥតសំណង​ជប៉ុន​ប្រមាណ ៣ពាន់​លាន​យ៉េនមិន​ត្រូវបាន​លុបចោល​ទេ
10, May 2015 , 3:30 pm        
រូបភាព
ដោយ:

ភ្នំពេញ៖ លោក កុយ គួ​ង បាន​ឲ្យ​ដឹងថា គម្រោង​នៃ​ការចុះ ហត្ថលេខា​លើ​លិខិត​ប្តូរ​សារ និង​កំណត់ហេតុ​ពិភាក្សា ស្តីពី​ការ​ផ្តល់ជំនួយ ឥត​សំណង ដែលមាន​ទឹកប្រាក់ ៣.២៨៤ លាន​យ៉េន​របស់​រដ្ឋាភិបាល​ជប៉ុន ដល់​រដ្ឋាភិបាល​កម្ពុជា ត្រូវបាន​លើក​ទៅ​ពេល​ក្រោយ។ ប៉ុន្តែ លោក​មិនទាន់​អាច​បញ្ជាក់​ច្បាស់លាស់ អំពី​ការ​បរិច្ឆេទ​នៃ​ពិធី​ចុះហត្ថលេខា​នេះ​ថា ធ្វើ​នៅ​ថ្ងៃ​ណា​នោះទេ។



អ្នកនាំពាក្យ​ក្រសួងការបរទេស បាន​និយាយថា បើតាម​គម្រោង ពិធី​ចុះហត្ថលេខា​នេះ នឹងត្រូវ​ប្រព្រឹត្តទៅ​នៅ​ព្រឹក​ថ្ងៃទី១១ ខែឧសភា ស្អែក​នេះ ប៉ុន្តែ​លោក​ថា ដោយសារ​មាន​បញ្ហា​ត្រូវធ្វើ​បន្ថែម​មួយចំនួន​នោះ ពិធី​ត្រូវ​លើក​ពេល​វិញ។

ទោះជា​យ៉ាងណា លោក​មិនអាច​បញ្ជាក់​ពី​មូលហេតុ និង​កាល​បរិ​ចេ្ឆ​ទ​ជាក់លាក់ នៃ​ពិធី​ចុះហត្ថលេខា​ជាថ្មី​នោះទេ«យើង​មាន​បញ្ហា​ត្រូវ​បន្ថែម​មួយចំនួន ដូចនេះ​យើង​សម្រេច​ពន្យា​ពេល​សិន ប៉ុន្តែ​មិនមែន​លុបចោល​នោះទេ»។ នេះ​ជាការ​បញ្ជាក់ របស់លោក កុយ គួ​ង។

សូមបញ្ជាក់ថា កាលពី​ថ្ងៃទី៧ ខែឧសភា កន្លងមក ក្រសួងការបរទេស​បាន​ចេញប្រកាស ព័ត៌មាន​ថា នៅវេលា​ម៉ោង៩ព្រឹក​ថ្ងៃទី១១ ខែឧសភា លោក ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស និង​ឯកអគ្គរដ្ឋទូត​ជប៉ុន​ប្រចាំ​កម្ពុជា លោក យូ​ជី គូ​ម៉ា​ម៉ា​រូ នឹង​ចុះហត្ថលេខា​លើ​លិខិត​ប្តូរ​សារ និង​កំណត់ហេតុ​ពិភាក្សា​ស្តីពី​ការផ្តល់​ជំនួយឥតសំណង ដែលមាន​ទឹកប្រាក់​សរុប ៣.២៨៤លាន​យ៉េន សម្រាប់​អនុវត្ត​លើ​គម្រោង​ចំនួន។ ក្នុងនោះ រួមមាន គម្រោង​ទី១ គឺ​ពង្រីក​ប្រព័ន្ធ​ផ្គត់ផ្គង់ ទឹកស្អាត​នៅ​ខេត្តកំពត មាន​ទឹកប្រាក់​ចំនួន ២.៩៨៥ លាន​យ៉េន និង​គម្រោង​ទី២ ផ្នែក​អាហារូបករណ៍ អភិវឌ្ឍន៍​ធនធានមនុស្ស មាន​ទឹកប្រាក់​ចំនួន ២៩៩លាន​យ៉េន៕


© រក្សាសិទ្ធិដោយ thmeythmey.com