អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក Mugabe បុរស​ខ្លាំង​ហ្ស៊ី​ម​បាប​វ៉េ​រិះគន់​លោកខាងលិច​ពេល​ជួប​លោកពូ​ទីន
11, May 2015 , 3:31 pm        
រូបភាព
ដោយ: ថ្មីៗ
មេដឹកនាំ​ដែល​កាន់តំណែង​យូរ​ជាងគេ​ម្នាក់​ប្រចាំ​តំបន់​អាហ្វ្រិក បានបង្ហាញ​វត្តមាន​នៅក្នុង​កម្មវិធី​ខួប​លើក​ទី៧០ នៃ​ជ័យជម្នះ​សង្គ្រាមលោកលើកទី២ នៅក្នុង​ទីក្រុង​ម៉ូស្គូ។ មេដឹកនាំ​វ័យ ៩១ឆ្នាំនេះ បាន​ជួបពិភាក្សា​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ផងដែរ ដើម្បី​ពិភាក្សា​ពី​ការពង្រឹង​ចំណងមិត្តភាព​រវាងរ​ដ្ឋ​ទាំងពីរ ខណៈដែល​លោក​ជា​ប្រធាន​សហភាព​អាហ្វ្រិក។ កាលពី​ឆ្នាំមុន​មេដឹកនាំ​វ័យ​ជរា​ម្នាក់នេះ បាន​ថ្កោលទោស​លោកខាងលិច​ដែល​ហ៊ាន​ដាក់ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី​ផងដែរ។





ក្រោយ​បញ្ចប់​កម្មវិធី​រំលឹក​ខួប​លើក​ទី៧០ នៃ​ជ័យជម្នះ​សង្គ្រាមលោកលើកទី២ មេដឹកនាំ​ហ្ស៊ី​ម​បាប​វ៉េ លោក Robert Mugabe បាន​ចូលជួប​ពិភាក្សា​ជា​លក្ខណៈ​ទ្វេភាគី​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី​នៅ​វិមាន​ក្រេ​ម​ឡាំង ដើម្បី​ត្រួស​ត្រាយផ្លូវ​ឈានទៅ​ពង្រឹង​ចំណងមិត្តភាព​រវាងរ​ដ្ឋ​ទាំងពីរ​អោយ​កាន់តែ​រឹងមាំ។ កិច្ចព្រមព្រៀងទ្វេភាគី​ជាច្រើន​ត្រូវបាន​ចុះហត្ថលេខា​ដោយ​មេដឹកនាំ​ទាំងពីរ​នាក់​ក្នុងឱកាស​ជួបពិភាក្សា​គ្នា​នេះដែរ។

កិច្ចព្រមព្រៀង​វិនិយោគ​ដែល​មេដឹកនាំ​ប្រទេស​ទាំងពីរ​សម្រេច​ចុះហត្ថលេខា​នោះ​មាន​ជា​គម្រោង​រួម​ក្នុងការ​បូម​យក​រ៉ែ ដែលមាន​ទំហំ​ទឹកប្រាក់ ៤ពាន់​លាន​ដុល្លារ​អាមេរិក។

ចំណងមិត្តភាព​រវាង​ប្រទេស​ហ្ស៊ី​ម​បាប​វ៉េ និង​សហព័ន្ធរុស្ស៊ី​កាន់តែ​ស្អិតល្មួត​ឡើង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ហើយ​រុស្ស៊ី​សំឡឹង​ឃើញ​ភាព​វិជ្ជមាន​នៃ​ការពង្រឹង​ចំណងមិត្តភាព​ជាមួយរ​ដ្ឋា​ភិ​បាល​លោក Mugabeផង។ ប្រមុខរដ្ឋ​រុស្ស៊ី​ក៏បាន​កោតសរសើរ​លោក Mugabe ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង ហើយ​លោក​បាន​អបអរសាទរ​ចំពោះ​មេដឹកនាំ​រូបនេះ​ដែល​បាន​ឡើងកាន់តំណែង​ជា​ប្រធាន​សហភាព​អាហ្វ្រិក​កាលពីពេល​កន្លងទៅ​ដែរ។ ការបង្កើន​ចំណងមិត្តភាព​ជាមួយ​ហ្ស៊ី​ម​បាប​វ៉េ​នឹង​ត្រួសត្រាយ​ផ្លូវ​សម្រាប់​រដ្ឋាភិបាល​ក្រេ​ម​ឡាំង​ក្នុង​ការពង្រីក​ឥទ្ធិ​ល​ពល​របស់ខ្លួន​នៅ​ទ្វីបអាហ្វ្រិក​ទាំងមូល។

ក្នុងជំនួប​ពិភាក្សាគ្នា​ពី​ម្សិលមិញ​នេះដែរ មេដឹកនាំ​ទាំងពីរ​ក៏​ឆ្លៀតឱកាស​វាយប្រហារ​លោក​ខាងលិច ជាពិសេស​សហរដ្ឋអាមេរិក​ដែល​ព្យាយាម​ក្តោប​ក្តាប់​ពិភពលោក​ម្នាក់ឯង​នោះ។ សូម​រំលឹក​បន្តិច​ថា កាលពី​ឆ្នាំមុន​ក្រោយពេល​រុស្ស៊ី​ក្រសោប​យក​ទឹកដី Crimea ពី​អ៊ុយ​ក្រែ​ន និង​រង​ទណ្ឌកម្ម​លោកខាងលិច មេដឹកនាំ​ហ្ស៊ី​ម​បា​វ៉េ​ខាងលើ​បានបង្ហាញ​ជំហរ​គាំទ្រ​រដ្ឋាភិបាល​លោកពូ​ទីន និង​ថ្កោលទោស​ទណ្ឌកម្ម​លោកខាងលិច​ថែមទៀត​ផង។  

លោក Mugabe បាន​ហៅ​សហរដ្ឋអាមេរិក​ថា​ជា​ប្រទេស​ចក្រពត្តិ ហើយ​លោក​បាន​រិះគន់​លោកខាងលិច​នេះ​ដែល​អនុ​វត្ត​គោលនយោបាយ​ស្តង់ដា​ពីរ​ជាន់​ក្នុង​នយោបាយ។ មេដឹកនាំ​ដែល​កាន់តំណែង​យូរ​ជាងគេ​ម្នាក់នេះ​បាន​ថ្លែង​បែប​កំប្លែង​ទៅកាន់​លោក ពូ​ទីន ផងដែរ​ថា៖« ប្រទេស​លោក​រង​ទណ្ឌកម្ម  ប្រទេស​ខ្ញុំ​ក៏​រង​ទណ្ឌកម្ម។ យើង​រង​ទណ្ឌកម្ម​លោកខាងលិច​ដូចគ្នា»។  នេះ​មិនមែនជា​រឿង​ចម្លែក​ទេ មេដឹកនាំ​វ័យ ៩១ឆ្នាំ​របស់​ហ្ស៊ី​ម​បាប​វ៉េ ប្រឹង​ជំ​ទាល​រិះគន់​លោកខាងលិច ព្រោះ​លោកខាងលិច​កាត់​ផ្តាច់ជំនួយ ដោយ​ប្រទេស​ទាំងនោះ​ចោទប្រកាន់​លោក Mugabe ថា​ព្យាយាម​កេង​បន្លំ​សន្លឹកឆ្នោត​និង​ធ្វើ​គ្រប់យ៉ាង​ដើម្បី​រក្សា​អំណាច​ដែល​ផ្ទុយ​គោលការណ៍​ប្រជាធិបតេយ្យ​ផង។

សូមបញ្ជាក់ថា លោក Mugabe បាន​កាន់តំណែង​ជាង ៣ទសវត្ស​មកហើយ ពោលគឺ​លោក​បាន​ឡើងកាន់តំណែង​តាំងពី​ឆ្នាំ ១៩៨០ ក្រោយ​លោក​ដឹកនាំ​កម្លាំង​ទាមទារ​ឯករាជ្យ​ពី​ម្ចាស់​អាណានិគម​អង់គ្លេស៕




© រក្សាសិទ្ធិដោយ thmeythmey.com