សង្គមអន្តរជាតិ​
អន្តរជាតិ
កូនភ្លោះ​មួយគូ​នៅ​សហរដ្ឋអាមេរិក​មានកំ​ណើ​ត​ពី​ឪពុក​ពីរ​នាក់​ខុសគ្នា
03, Jun 2015 , 5:02 pm        
រូបភាព
ដោយ: ធីតា
ការបង្ក​កំណើត​នៅពេលដែល​ស្ត្រី​កំពុងមាន​ផ្ទៃពោះ​ស្រាប់​ទៅហើយនោះ គឺជា​រឿង​ដែល​អាច​កើតមាន តែ​វា​ជា​ករណី​ដ៏​កម្រ​បំផុត។ ស្រី្ត​ជនជាតិ​អាមេរិកាំង​ម្នាក់​ទើបតែ​ដឹងខ្លួន​ថា កូនភ្លោះ​ស្រី​ពីរ​នាក់​របស់​នាង​មាន​ឪពុក​ពីរ​ផ្សេងគ្នា។



ស្ត្រី​វ័យក្មេង​មិនទាន់​រៀបការ​រូបនេះ​បានដាក់​ពាក្យបណ្តឹង​ទៅ​តុលាការ​ទាមទារ​ប្រាក់​អាហារកិច្ច​ពី​បុរស​ម្នាក់​ដែល​មិនមែនជា​អតីត​ដៃគូ​ស្នេហ៍​របស់ខ្លួន ហើយ​ដែលជា​ឪពុក​របស់​កូន​នាង​ម្នាក់។ តុលាការ​នៅ​សហរដ្ឋអាមេរិក​បា​នប​ញ្ជា​ឲ្យ​ធ្វើតេស្ត​DNA លើ​កូនភ្លោះ​ទាំងពីរ​ដែល​បានចាប់កំណើត​កាលពី​ខែ មករា ឆ្នាំ២០១៣។ លទ្ធផល​តេស្ត DNA នោះ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ណាស់ ក្មេងស្រី​ទាំងពីរ​មិនមែន​កើត​ពី​ឪពុក​តែ​ម្នាក់​នោះទេ។បើតាម​ច្បាប់ បុរស​ដែល​ស្ត្រី​ជា​ម្តាយកូន​ភ្លោះ​ទាមទារ​ថ្លៃ​អាហារកិច្ច​នេះ ត្រូវ​ទទួលខុស​ត្រូវតែ​ចំពោះ​កូន​របស់ខ្លួន​ម្នាក់​ប៉ុណ្ណោះ។

ចំពោះ​ករណី​ដ៏​កម្រ​នេះ​ស្ត្រី​ជា​ម្តាយកូន​ភ្លោះ​បាន​សារភាពថា​នាង​បាន​រួមភេទ​ពីរដង​ក្នុង​សប្តាហ៍​តែមួយ ជាមួយនឹង​អតីត​ដៃគូ​សេ្ន​ហ៍​របស់​នាង និង​ជាមួយ​បុរស​ម្នាក់ទៀត។មានន័យថា នៅក្នុង​អំឡុងពេល​នៃ​វដ្ត​រដូវ​របស់​នាង ខ្លួនប្រាណ​នាង​ផលិត​បាន​អូ​វ៉ុល​ពីរ ដែល​បាន​ជួប​ជាមួយ​ស្បែរ​ម៉ា​តូ​សូ​អ៊ី​ត​ពីរ​ផ្សេងគ្នា។

អ្នកឯកទេស​ផ្នែក​រោគ​ស្ត្រី​មួយរូប​ដែល​ត្រូវបាន​ដកស្រង់​សម្តី​ដោយ​កាសែត​អាមេរិក​ប្រចាំថ្ងៃ​The New York Timesបាន​ហៅ​ករណីនេះ​ថា «ជាការ​បង្ក​កំណើត​ដ៏​អស្ចារ្យ»។ បើតាម​អ្នកឯកទេស​រូប​នះ លទ្ធភាព​ដែល​កូនភ្លោះ​អាចមាន​ឪពុក​ពីរ​ផ្សេងគ្នា​នេះ​គឺ​កើតមាន១/១៣ ០០០ ប៉ុណ្ណោះ៕




© រក្សាសិទ្ធិដោយ thmeythmey.com