សង្គមអន្តរជាតិ​
អន្តរជាតិ
កម្មវិធី​ទូរស័ព្ទ​មួយ​ភ្ជាប់​ចំណង​ស្នេហ៍​សម្រាប់​អ្នក​ដែល​ស្រឡាញ់​ឆ្កែ​ដូចគ្នា
03, Jun 2015 , 9:20 pm        
រូបភាព
ដោយ: ធីតា
គេ​អាច​រកឃើញ​គូស្នេហ៍ ដោយ​បណ្តើរ​សត្វ​ឆ្កែ​ដើរលេង ដូចជា​នៅក្នុង​ភាពយន្ត​រឿង«ឆ្កែ ១០១» ដែរ។កាលពីពេលថ្មីៗនេះ លោក​Julien Mullerស្ថាបនិក​វ៉ិ​ប​សាយ​សត្វ​ចិញ្ចឹម​startupHolidogបាន​បង្កើត​កម្មវិធី​មួយ​មាន​ឈ្មោះថា​Tindog ដោយ​យក​លំនាំ​តាម​កម្មវិធី​ទូរស័ព្ទ​Tinder ។ ប៉ុន្តែ កម្មវិធី​នេះ​ជា​កម្មវិធី​ណាត់ជួប​ថ្មី​ដំបូង​មួយ​ដែល​ផ្តោតជាសំខាន់​ទៅលើ«សត្វ​ឆ្កែ និង​ភាព​ស៊ីគ្នា​រវាង​ម្ចាស់​ឆ្កែ»។



ស្ថាបនិក​កម្មវិធី​នេះ​បាន​និយាយថា៖ «ខ្ញុំ​កើតមាន​គំនិត​នេះ ព្រោះ​ខ្ញុំ​យល់​ថាបើ​យើង​ស្រឡាញ់​សត្វ​គួរតែ​ជួប​អ្នក​ដែល​ស្រឡាញ់​សត្វ​ដូចគ្នា ទើប​យើង​អាច​រស់នៅ​ជាមួយ​វា​ដោយ​គ្មាន​ការជំទាស់។ កម្មវិធី​ដូចជា​កម្មវិធី​Tinder ដែរ ប៉ុន្តែ​អ្វីដែល​ខុសគ្នា គឺ​យើង​ផ្តោត​តែ​ទៅលើ​ម្ចាស់​សត្វ​ឆ្កែ​ប៉ុណ្ណោះ»។

ដោយ​ពឹង​ផ្អែកលើ​ប្រព័ន្ធ​កំណត់​ទីតាំង​កម្មវិធី​Tindogធ្វើ​ការណែនាំ​ប្រវត្តិ​សត្វ​ឆ្កែ និង​ម្ចាស់​ដែល​រស់នៅ​ជិត​អ្នក បន្ទាប់មក​អ្នក​គ្រាន់តែ​ធ្វើការ​ជ្រើសរើស​ប៉ុណ្ណោះ។ បើសិនជា​អ្នក​ចុច Like គ្នា​ទៅវិញទៅមក​នោះ​អ្នកនឹង​អាច​ចូល​ទៅកាន់​កម្មវិធី​ជជែក​គ្នា​បាន ឬក៏​អាចឈាន​ទៅដល់​ការ​ណាត់ជួប​ដើរលេង​ទៀតផង។

ត្រឹមតែ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​ការបង្កើត​សោះ​មាន​អ្នក​ទាញយក​កម្មវិធី​នេះ​ប្រើប្រាស់​លើសពី១ម៉ឺន​នាក់​ទៅហើយ។ នេះ​គ្រាន់តែ​ចំពោះ​អ្នកប្រើប្រាស់​ប្រភេទ​កម្មវិធី​ទូរស័ព្ទ​Android ប៉ុណ្ណោះ។ គួរ​បញ្ជាក់ថា មាន​សត្វ​ឆ្កែ​នៅក្នុង ៤៤ ប្រទេស​ត្រូវបាន​ចុះឈ្មោះ​ក្នុង​កម្មវិធី​ដែល៦០%នៅ​ប្រទេស​បារាំង។

ទន្ទឹមនឹងនេះ​បណ្តាញ​សង្គម​មួយទៀត​របស់​សហគម​ន៍​សត្វ​ឆ្កែ​www.dogfidelity.comត្រូវបាន​ដាក់​ឲ្យ​ដំណើរការ​ហើយ​កាលពី​ថ្ងៃ​អង្គារ​នេះ។ វ៉ិ​ប​សាយ​នេះ​ផ្តោតទៅលើ​ម្ចាស់​ឆ្កែ អ្នក​ប្រកប​អាជីព​ជាមួយ​សត្វ​ឆ្កែ និង​ក្រុម​អ្នក​ស្រឡាញ់​សត្វ​ចិញ្ចឹម​នេះ។អ្វីដែល​ពិសេស គឺ​វ៉ិ​ប​សាយ​នេះ​អនុញ្ញាត​ឲ្យ​អ្នកប្រើប្រាស់​បង្កើត​accountដោយ​បញ្ចូល​ប្រវត្តិរូប​សត្វ​ឆ្កែ​ជាច្រើន ទោះជា​ពូជ​អ្វី​ក៏ដោយ រួមទាំង​ប្រវត្តិ​របស់​ម្ចាស់​ផងដែរ​នៅលើ​account តែមួយ។Dogfidelityមិនមែនជា​វ៉ិ​ប​សាយ​ណាត់ជួប​គូ​សេ្ន​ហ៍ម​នុស្ស​ទេ​តែ​ទោះជា​យ៉ាងណា​សត្វ​ឆ្កែ​អាចជា​ធ្នាក់​មួយ​នៃ​ការ​ណាត់ជួប​របស់​មនុស្ស។

ប្រទេស​បារាំង​មាន​សត្វ​ឆ្កែ​ចំនួន ៨ លាន​ក្បាល ហើយ​ជាទី​ផ្សារ​សត្វ​ចិញ្ចឹម​ទី​ពីរ​នៅ​អឺរ៉ុប បន្ទាប់ពី​អង់គ្លេស៕



© រក្សាសិទ្ធិដោយ thmeythmey.com