សង្គមអន្តរជាតិ​
អន្តរជាតិ
គ្មាន​អ្នកណា​អាច​ទាញ​ក្រិ​ក​ចេញពី​តំបន់​ចាយលុយ​អឺរ៉ូ​ឡើយ
03, Jun 2015 , 11:00 pm        
រូបភាព
ដោយ: ថ្មីៗ
មេដឹកនាំ​អឺរ៉ុប មានបារាំង និង​អាឡឺម៉ង់​កំពុង​មរ​មា​ញឹក​ជជែក​ពិភាក្សាគ្នា​រក​ដំណោះស្រាយ​បញ្ហា​បំណុល​របស់​ក្រិ​ក។ ប្រធានាធិបតី​បារាំង អធិការបតី​អាឡឺម៉ង់ ប្រធាន​គណកម្មការ​អឺរ៉ុប ប្រធាន​ធនាគារកណ្តាល​អឺរ៉ុប​និង​នាយិកា​មូលនិធិ​អន្តរជាតិ​បាន​ជួបពិភាក្សា​គ្នា​នៅ​ប៊ែ​កឡាំង។គេ​ជឿជាក់ថា​ការជួយ​ដោះបំណុល​ក្រិ​ក នឹង​អាចជួយ​ក្រិ​ក​មិន​ឲ្យ​ចាក​ចេញពី​តំបន់​ចាយលុយ​អឺរ៉ូ។



រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ បញ្ហា​ក្រិ​ក គ្មាន​លទ្ធភាព​សងលុយ​ម្ចាស់បំណុល បានធ្វើ​ឲ្យ​សហភាព​អឺរ៉ុប​ឈឺក្បាល​វិលមុខ​កាន់តែខ្លាំង។ ថ្វីត្បិតតែ​បញ្ហា​នេះ​ស្មុ​គ្រ​ស្មាញ​ក៏ដោយចុះ មេដឹកនាំ​សហភាព​អឺរ៉ុប​ដូចជា​បារាំង​និង​អាឡឺម៉ង់​ផង​នោះ កំពុង​ឆ្ការដៃឆ្ការជើង​រក​ដំណោះស្រាយ​ដើម្បី​ជួយ​បន្តក់​សាច់ប្រាក់​ខ្លះ​ដល់​រដ្ឋាភិបាល​ក្រិ​ក​ដើម្បី​សងបំណុល​គេ។

កាលពី​ថ្ងៃ​ចន្ទ​កន្លងទៅ ប្រធានាធិបតី​បារាំង​លោក ហ្វ្រ​ង់​ស្វ័​រ ហូ​ឡង់ និង​លោកស្រី​អធិការបតី​អាឡឺម៉ង់ អែន​ជេ​ឡា ម៉ា​ហ្កែ​ល បាន​ជួប​ពិភាក្សាគ្នា​ក្នុង​កិច្ចប្រជុំ​បន្ទាន់​មួយ​ហើយ​កិច្ចប្រជុំ​នេះ​មានការ​ចូលរួម​ពី​ប្រធាន​គណកម្មការ​អឺរ៉ុប និង​ម្ចាស់បំណុល​ក្រិ​កមាន​ប្រធាន​ធនាគារកណ្តាល​អឺរ៉ុប និង​នាយិការ​មូលនិធិ​រូបី​យ​វត្ថុ​អន្តរជាតិ​ផងដែរ។ ជុំវិញ​ការប្រជុំ​រក​ដំណោះស្រាយ​ជួយ​ក្រិ​ក​នេះដែរ​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​អាឡឺម៉ង់​លោក Sigmar Gabriel បាន​សង្កត់ធ្ងន់ថា វា​ជា​រឿង​ត្រឹមត្រូវ​បំផុត​ដែល​មេដឹកនាំ​អឺរ៉ុប​មានបារាំង និង​អាឡឺម៉ង់ ចាំបាច់​ត្រូវ​ដោះស្រាយ​បញ្ហា​បំណុល​ក្រិ​ក ព្រោះ​បើសិន​ក្រិ​ក​ក្ស័យធន​មិនអាច​សងបំណុល​គេ​បាន វា​ប្រាកដ​ណាស់​ថា​នឹងធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​តំបន់​អឺរ៉ូ​ទាំងមូល។

ថ្មីៗនេះ រដ្ឋាភិបាល​ក្រិ​កបាន​បញ្ជូន​សេចក្តីព្រាង​ចំណុច​សំខាន់​មួយចំនួន​ជុំវិញ​ការចរចា​បង្កើត​កិច្ចព្រមព្រៀង​ដោះស្រាយ​បំណុល​ក្រិ​ក ទៅ​ម្ចាស់បំណុល​រួចរាល់​ហើយ។ យ៉ាងណាក៏ដោយ​ម្ចាស់បំណុល​បាន​បញ្ជាក់ថា​ចំណុច​ដែល​ក្រិ​ក​ដាក់​ចេញមក​ក្នុង​សំណើរ​ចុង​ក្រោយនេះ​មិនទាន់​គ្រប់គ្រាន់​ឡើយ។ ក្រិ​ក​នៅមាន​បញ្ហា​ច្រើន​ទៀត​ដែល​ត្រូវ​ដោះស្រាយ។

 រដ្ឋាភិបាល​លោក Alexis Tsiprasចាំបាច់​ត្រូវ​កែទម្រង់​ចំណុច​សំខាន់​មួយចំនួន​ដែល​អឺរ៉ុប​ចង់បាន​សិន មុន​អឺរ៉ុប​ទម្លាក់​សាច់ប្រាក់​ឲ្យ​ដើម្បី​ដោះស្រាយ​បំណុល។  បញ្ហាសំខាន់​ដែល​អឺរ៉ុប​ទាមទារ​ឲ្យ​ក្រិ​ក​កែប្រែ ហើយ​ក្រិ​ក​នៅតែ​ប្រឆាំង​គោលនយោបាយ​ត្បិតត្បៀត និង​បដិសេធ​កែប​ទម្រង់​បញ្ហា​ប្រាក់​សោធន​និវត្តន៍ និង​បញ្ហា​ទីផ្សា​កម្លាំង​ពលកម្ម​ជាដើម។

បញ្ហាសំខាន់​ដែល​មេដឹកនាំ​អឺរ៉ុប​ទាំងនេះ​ចាំបាច់​ត្រូវ​ប្រឹងប្រែង​ដើម្បី​ជួយ​ក្រិ​ក ដោះស្រាយ​រឿង​សងលុយ​ម្ចាស់បំណុល​អន្តរជាតិ​នេះ គឺ​ដោយសារ​ពួកគេ​មិន​ចង់​ឲ្យ​ក្រិ​ក​ដើរ​ចេញពី​តំបន់​អឺរ៉ូ ឬ​ចេញពី​សហភាព​អឺរ៉ុប​នៅពេល​ណាមួយ​ខាងមុខ។ បើសិន​បើ​ក្រិ​ក​គ្មាន​លុយ​សង​គេ ហើយ​ក្ស័យធន វា​ច្បាស់​ណាស់​ថា​ក្រិ​ក​នឹង​ចាកចេញ។  ម្យ៉ាង​ប្រទេស​មហាអំណាច​មួយចំនួន​ដូចជា​រុស្ស៊ី និង​ចិន កំពុង​ព្យាយាម​ចែរ​ចូ​វប្រ​ទេស​ក្រិ​ក​ផង និង​សន្យា​ជួយ​ក្រិ​ក​ប្រសិនបើ​ក្រិ​កមាន​បញ្ហា​ប្រឈម​នោះ។

យ៉ាងណាក៏ដោយ ស្រប​ពេលដែល​មេដឹកនាំ​អឺរ៉ុប​ស្វះ​ស្វែងរក​ដំណោះស្រាយ អ្នកវិភាគ​ជឿជាក់ថា អឺរ៉ុប​អាច​ចនឹង​រក​ដំណោះស្រាយ​សមរម្យ​មួយ​សម្រាប់​ជួយ​ក្រិ​ក​មុន​ថ្ងៃ ៣០ខែមិថុនា​នេះ ដើម្បី​ធានាថា​ក្រិ​ក​នឹងមិន​ប្រឈម​បញ្ហា​ក្ស័យធន​ឡើយ។ចំណែក​ប្រមុខ​ធនាគារកណ្តាល​ក្រិ​កនៅ​ជឿជាក់ថា គ្មាន​អ្នក​ណាមួយ​អាច​ទាញ​ក្រិ​ក​ចេញពី​តំបន់​ចាយលុយ​អឺរ៉ូ​បានឡើយ ហើយ​ក្រិ​ក​នឹង​នៅ​បន្ត​ស្នាក់នៅ​ក្នុង​តំបន់​ចាយលុយ​អឺរ៉ូ​ទៅមុខទៀត៕



© រក្សាសិទ្ធិដោយ thmeythmey.com