អន្តរជាតិ
អ៊ីស្រាអែល​ទម្លាក់​គ្រាប់​ជាថ្មី​នៅ​កា​ហ្សា​ ក្រោយ​មាន​គ្រាប់​ផ្លោងចូល​អ៊ីស្រាអែល
04, Jun 2015 , 12:19 pm        
រូបភាព
កងទ័ព​អ៊ីស្រាអែល​ចាប់ផ្តើម​ប្រើ​យន្តហោះ​ទម្លាក់​គ្រាប់បែក​សារជាថ្មី​នៅ​តំបន់​កា​ហ្សា​កា​កណ្តាលអធ្រាត្រ​ម្សិលមិញ ក្រោយពេល​ដែលមាន​គ្រាប់​រ៉ុ​ក​កែ​ត​ពីរ​គ្រាប់​ត្រូវបាន​គេ​បាញ់​ចេញពី​កា​ហ្សា​ចូលក្នុង​ទឹកដី​អ៊ីស្រាអែល។ គេ​ឃើញ​យន្តហោះ​អ៊ីស្រាអែល F-16 ជាច្រើន​គ្រឿង​ហោះហើរ​លើ​តំបន់​កា​ហ្សា ដើម្បី​ប្រមាញ់​ក្រុម​ហា​ម៉ាស ប៉ុន្តែ​គេ​មិនដឹងថា​មាន​មនុស្ស​របួស​ឬ​ស្លាប់​ដោយ​ការទម្លាក់​គ្រាប់​នេះ​ឬ​អត់​ទេ។



អាវុធ​ចាប់ផ្តើម​ផ្ទុះ​ជាថ្មីទៀត​នៅក្នុង​ទឹកដី​កា​ហ្សា​កណ្តាលអធ្រាត្រ​ម្សិលមិញ​នេះ ដោយមាន​ការបាញ់​គ្រាប់ផ្លោង​ចេញពី​កា​ហ្សា​ចូលក្នុង​ទឹកដី អ៊ីស្រាអែល។ គ្រាប់ផ្លោង​ប្រហែល ២គ្រាប់ ត្រូវគេ​បាញ់​ធ្លាក់ចូល​ក្នុង​ដី​អ៊ីស្រាអែល ប៉ុន្មាន​មិនបាន​បំផ្លិចបំផ្លាញ​អ្វី​ទេ។ ការវាយប្រហារ​តបត​គ្នា​ជាថ្មី​នេះ មិន​ធ្លាប់មាន​ឡើយ​ចាប់តាំងពី​មាន​កិច្ចព្រមព្រៀង​បញ្ចប់សង្គ្រាម​ផ្លូវអាកាស ៥០ថ្ងៃ​កាលពី​ខែកក្កដា​ឆ្នាំមុន។ យ៉ាងណាក៏ដោយ​គ្រាន់​តែមាន​គ្រាប់ផ្លោង​បាញ់​ចេញពី​កា​ហ្សា​ភ្លាម កងទ័ព​អ៊ីស្រាអែល​ចាប់ផ្តើម​ប្រតិបត្តិ​ការតបត​វិញភ្លាមៗ ដោយ​ប្រើប្រាស់​យន្តហោះ​ចម្បាំង​ជាច្រើន​គ្រឿង​ទម្លាក់​គ្រាប់​នៅ​កា​ហ្សា។

យន្តហោះ F-16 ជាច្រើន​គ្រោះ​ហោះហើរ​លើទឹក​ដីកា​ហ្សា ដើម្បី​សងសឹក​ដោយ​តាម​ប្រមាញ់​គោលដៅ​របស់ខ្លួន​គឺ​ក្រុម​ហា​ម៉ាស។ បើតាម​ប្រជាជន​មូលដ្ឋាន ការទម្លាក់​គ្រាប់បែក​នេះ​ចាប់​ផ្តើមឡើង​នៅ​ភាគ​ខាងលិច​តំបន់​កា​ហ្សា ហើយ​ទីតាំង​យោធា​របស់​ក្រុម​ហា​ម៉ាស​ក្លាយជា​គោលដៅ​វាយប្រហារ​របស់​កងទ័ព​អ៊ីស្រាអែល។ ជុំវិញ​ការទម្លាក់​គ្រាប់បែក​របស់​កងទ័ព​អាកាស​អ៊ីស្រាអែល​ជាថ្មី​នេះ  កាលពី​ម្សិលមិញ​ពិតជា​មានការ​បាញ់​ផ្លោង​គ្រាប់​ពី​គ្រាប់​ចេញពី​កា​ហ្សា​ពិតមែន ប៉ុន្តែ​មិនមែន​ក្រុម​ហា​ម៉ាស​ជា​អ្នកទទួលខុសត្រូវ​ក្នុង​ការបាញ់​គ្រាប់​នេះ​ទេ។ ក្រោយ​បាញ់​គ្រាប់​ផ្លោងចូល​អ៊ីស្រាអែល ក្រុម​ជី​ហាត​ដែល​ស្ម័គ្រស្មោះ​ចំពោះ​ក្រុម​រដ្ឋ​ឥស្លាម Salafistបានចេញ​មុខ​ទទួលខុសត្រូវ​ចំពោះ​ការវាយប្រហារ ហើយ​ពួកគេ​បាន​សង្កត់ធ្ងន់ថា ពួកគេ​សងសឹក​ក្រុម​ជនជាតិ​ជ្វី​វ ជំនួស​ឲ្យ​ប្រជាជន​កា​ហ្សា​ដែល​រងទុក្ខវេទនា និង​ស្លាប់បាត់​បង់ជីវិត​កាលពី​ឆ្នាំមុន​ផង។

អ្វីដែល​គួរ​ឲ្យ​បារម្ភ​ក្រុម​នេះ​បាន​ប្តេជ្ញា​ថា នឹង​បន្ត​ការសង​សឹង​ប្រជាជន​ជ្វី​វ​បន្តទៀត ទោះ​ក្នុង​កាលៈទេសៈ​ណាក៏ដោយ ដើម្បី​រក​យុត្តិធម៌​ដល់​ប្រជាជន​កា​ហ្សា ទោះជា​ប្រឈមមុខ​នឹង​បញ្ហា​អ្វី​ក៏ដោយ។ នេះ​ជា​សារ​ទៅកាន់​អ៊ីស្រាអែល ដែល​បញ្ជាក់ថា ក្រុម​សកម្មប្រយុទ្ធ​នេះ​នឹង​បន្ត​វាយប្រហារ​កងទ័ព​និង​ប្រជាជន​អ៊ីស្រាអែល​នៅពេល​ខាងមុខ។

ចំណែក​កងទ័ព​អ៊ីស្រាអែល​បានទទួល​ស្គាល់​ផងដែរ​ថា កាលពី​ម្សិលមិញ​ពួកគេ​ពិតជា​បានចាប់ផ្តើម​ទម្លាក់​គ្រាប់បែក​នៅ​កា​ហ្សា​មែន ដើម្បី​សងសឹក​ការបាញ់​ផ្លោងចូល​ក្នុង​ទឹកដី​អ៊ីស្រាអែល​ប៉ុណ្ណោះ។  កងទ័ព​អ៊ីស្រាអែល​រក្សា​សិទ្ធិ​ក្នុងការ​ប្រើប្រាស់​ការទម្លាក់​គ្រាប់បែក​ដើម្បី​ប្រឆាំង​ការគំរាមកំហែង​ពី​ខាងក្រៅ ជាពិសេស​ការកើនឡើង​នៃ​ចលនា​ក្រុម​ជី​ហាត​និង​ជា​ក្រុម​អាសាស្ម័គ្រ​របស់​ក្រុម​រដ្ឋ​ឥស្លាម​ផង៕



© រក្សាសិទ្ធិដោយ thmeythmey.com