អន្តរជាតិ
២៦ឆ្នាំ អាជ្ញាធរ​ចិន​នៅតែ​មិន​ទទួលស្គាល់​បទឧ​ក្រិ​ដ្ឋ​នៅ​ធាន​អាន​មេន
04, Jun 2015 , 3:40 pm        
រូបភាព
ទោះ​រយៈពេល ២៦ឆ្នាំ ក្រោយ​ព្រឹត្តិការណ៍​តក់ស្លុត​សម្លាប់​រង្គាល​ក្រុមបាតុករ​នៅក្នុង​ទីលាន​ធាន​អាន​មេន​ក៏ដោយ សម្រាប់​ចិន​បញ្ហា​បង្ក្រាប​បាតុករ​នេះ​នៅតែ​ជា​រឿងរ​ស៊ើប​សម្រាប់​មេដឹកនាំ​ចិន។ រដ្ឋាភិបាល​និង​បក្ស​ក​ម្មុយ​នី​ស្ត​ចិន​ប្រាកដ​ណាស់ មិន​ចង់​លឺ​ការលើកឡើង​បញ្ហា​សម្លាប់​រង្គាល​នៅ​ធាន​អាន​មេន​ឡើយ ហើយ​រាល់​ឆ្នាំ​គ្មាន​ប្រជាជន​ណា​អាច​ប្រារព្ធ​ខួប​រំលឹក​ឬ​កាន់ទុក្ខ​ចំពោះ​អ្នកស្លាប់​ដែរ។ រដ្ឋាភិបាល ចិន​ព្យាយាម​ធ្វើ​សព្វគ្រប់​ដើម្បី​លុបបំបាត់​ការយល់ឃើញថា​ចិន​អនុវត្ត​គោលនយោបាយ​ព្រៃផ្សៃ​ប្រឆាំង​ប្រជាជន​ខ្លួន និង​បំបាត់ចោល​ប្រវត្តិសាស្ត្រ​អាក្រក់​នេះ​មិន​ឲ្យ​ក្មេងជំនាន់ក្រោយ​ដឹងលឺ​ឡើយ។ យ៉ាងណាក៏ដោយ ពិភពលោក និង​ប្រជាជន​ចិន​មួយចំនួន ដែល​បាត់បង់​ក្រុមគ្រួសារ​នៅតែ​បន្ត​ទាមទារ​ឲ្យ​មានការ​បញ្ចប់​និ​ទណ្ឌ​ភាព និង​មាន​ទទួលខុសត្រូវ​ចំពោះ​ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​នេះ​ដ​ដែរ។



សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ ផល​និស្ស័យ៖



ឲ្យ​តែ​ជិត​ដល់​ថ្ងៃ​រំលឹក​ខួប​នៃ​ការសម្លាប់​រង្គាល​ក្រុមបាតុករ​នៅ​ទីលាន​ធាន​អាន​មេន​ឆ្នាំ ១៩៨៩ ក្រុម​សកម្មជន​សិទ្ធិមនុស្ស បញ្ញា​វ័​ន្ត​ក្រៅ​ស្រុក តំណាង​ប្រជាជន​ចាប់ផ្តើម​ធ្វើ​សកម្មភាព​ដើម្បី​រំលឹក​ដល់​ការស្លាប់​របស់​ក្រុមបាតុករ​គាំទ្រ​ប្រជាធិបតេយ្យ និង​ទាមទារ​ឲ្យ​មានការ​ទទួលខុសត្រូវ​ចំពោះ​ការសម្លាប់​ប្រជាជន​ខ្លួន​កន្លងមក​នោះ។ យ៉ាងណាក៏ដោយ អាជ្ញាធរ​ចិន​ក៏​មិន​ព្រងើយកន្តើយ​ដែរ រៀងរាល់ឆ្នាំ​ឲ្យ​តែ​ជិត​ដល់​ថ្ងៃ​ខួប ៣ និង៤ មិថុនា ពួកគេ​ចាប់​ផ្តើមចេញ​ប្រតិបត្តិ​ការចាប់ខ្លួន និង​ហាមឃាត់​រាល់​ការជួប​ជុំគ្នា​ជា​សាធារណ​ដើម្បី​រំលឹក​ថ្ងៃ​សម្លាប់​រង្គាល​នេះដែរ។ ប៉ុន្មាន​ថ្ងៃមុន ក្រុម​សកម្មជន​សិទ្ធិមនុស្ស​ជាច្រើន​នាក់​ត្រូវបាន​អាជ្ញាធរ​ចិន​កោះហៅ និង​ឃុំខ្លួន​ផង ហើយ​អាជ្ញាធរ​បានដាក់​បម្រាម​ចំពោះ​ការ​ប្រារព្ធ​ខួប​ធាន​អាន​មេន​ជា​សាធារណ​ផងដែរ។យ៉ាងណាក៏ដោយ ២៦ឆ្នាំ​កន្លងផុតទៅ​ហើយក៏​ពិតមែន ការបាញ់ប្រហារ​និង​ជាន់​សម្លាប់​មនុស្សស្រស់ៗគ្មាន​ញញើត​របស់​កងទ័ព​ចិន​ស្ថិតក្រោម​ការបញ្ជា​របស់​បក្ស​កុម្មុយនីស្ត នៅតែ​ដក់​ជាប់​ក្នុង​ខួរក្បាល​ប្រជាជន​ចិន ជាពិសេសចាស់ៗដែលមាន​កូន ក្មួយ ឬ​បងប្អូន​ស្លាប់បាត់​បង់ជីវិត​ក្នុង​ចលនា​បាតុកម្ម​នោះ​បន្ត​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ចិន​បច្ចុប្បន្ន​ទទួលខុសត្រូវ​ចំពោះ​បញ្ហា​ឧក្រិដ្ឋ​កម្មនេះ។

១. ប្រជាជន​ចិន​ទាមទារ​រក​យុត្តិធម៌​កណ្តាល​ទឹកដី​និ​ទណ្ឌ​ភាព
ប្រជាជន​ចិន​មួយចំនួន​បាន​តស៊ូ​រាប់​ឆ្នាំ ដើម្បី​ដាក់​សម្ពាធ​ឲ្យ​អាជ្ញាធរ​ចិន​ទទួល​សុខ​ត្រូវ​ទង្វើ​អាក្រក់​របស់ខ្លួន។ បើទោះជា​ក្តីសង្ឃឹម​មាន​តិចតួច និង​ប្រឈម​គ្រោះថ្នាក់​ក្តី ក៏​ពួកគេ​នៅតែ​បន្តសកម្មភាព​របស់ខ្លួន និង​ព្យាយាម​រំលឹក​រឿងរ៉ាវ​នេះ​ឲ្យ​ប្រជាជន​ជំនាន់​ក្រោយ​បានដឹង​ដដែល។ អ្វីដែល​គួរ​ឲ្យ​ភ្ងា​ក់​ផ្អើល កាលពីដើម​សប្តាហ៍​នេះ ស្ត្រី​វ័យ​ចំណាស់​ម្នាក់​បាន​បញ្ជាក់ថា គាត់​បាន​តស៊ូ ២៦ឆ្នាំ​មកហើយ​ដើម្បី​រក​យុត្តិធម៌។ ស្ត្រី​រូបនេះ​បន្តធ្វើ​យុទ្ធនាការ​ជាមួយ​ប្រជាជន​និង​សកម្មជន​ដទៃទៀត​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ទទួលកំហុស​របស់ខ្លួន​ដែល​សម្លាប់​រង្គាល​ប្រជាជន​ខ្លួនឯង ដូចដែល​ជប៉ុន​ត្រូវ​ទទួលខុសត្រូវ​ទង្វើ​ព្រៃផ្សៃ​របស់ខ្លួន​ប្រព្រឹត្ត​កន្លងមក​ក្នុងសម័យ​សង្គ្រាមលោក។   

យ៉ាងណាក៏ដោយ បញ្ហា​និ​ទណ្ឌ​ភាព​គ្រប់​ទីកន្លែង​កើតឡើង​នៅលើ​ទឹកដី​មហាអំណាច​សេដ្ឋកិច្ច​លំដាប់​លេ​ខឹ២ចិន​នេះ ហើយ​គ្មាន​ឡើយ​ការទទួលខុសត្រូវ​ចំពោះ​អ្នកស្លាប់​ក្រោម​បុព្វហេតុ​ប្រជាធិបតេយ្យ​នេះ។ គេ​មិនមាន​សង្ឃឹម​ទាល់តែសោះ​ថា ចិន​នឹង​ស្ម័គ្រ​ចិន​ទទួលខុសត្រូវ ចំពោះ​រឿងអាស្រូវ​ដែល​ធ្វើ​ឲ្យ​ចិន​ស្អុយឈ្មោះ​ពេញ​ពិភពលោក​ឡើយ។

២.ចិន​ប្រឹងប្រែង​លុបបំបាត់​ទង្វើ​ឧក្រិដ្ឋ​នៅ​ធាន​អាន​មេន
សហគមន៍​អន្តរជាតិ​ទាំងមូល​បាន​ថ្កោលទោស​លើ​រដ្ឋាភិបាល​ចិន ដែល​បានសម្រេច​ប្រើប្រាស់​អំពើហិង្សា​យ៉ាង​សាហាវឃោរឃៅ​ប្រឆាំងនឹង​ប្រជាជន​ខ្លួន ។ បណ្តា​ប្រទេស​លោកខាងលិច មាន​អឺរ៉ុប និង​អាមេរិក រួមទាំង​បណ្តា​ប្រទេស​នៅ​អាស៊ី នាំគ្នា​រិះគន់​លើ​ប្រទេស​ចិន​ដូចគ្នា ហើយ​មាន​ប្រទេស​ខ្លះ​ដូចជា​អាមេរិក​បានសម្រេច​ដាក់ទណ្ឌកម្ម​ប្រឆាំង​ចិន​ផងដែរ។ ជានិច្ច​ជា​កាល​រដ្ឋាភិបាល​ចិន​បញ្ជាក់ថា ការធ្វើ​បែបនេះ​គឺ​ដើម្បី​រក្សា​ស្ថេរភាព  និង​វិបុលភាព​ប្រទេសជាតិ ជាពិសេស​គឺ​ប្រឆាំងនឹង​លោកខាងលិច​ដែល​ព្យាយាម​រៀបចំ​ធ្វើអោយ​ប្រទេស​ចិន​ចុះខ្សោយ និង​បែកបាក់​គ្នា​នោះ។ ចិន​ចោទ​ភ្នាក់ងារ CIA អាមេរិក​ថា​ជា​អ្នក​ជួយ​គាំទ្រ និង​ជ្រោមជ្រែង​ចលនា​បាតុកម្ម។

តាំងពី​កើតរឿង​ដល់​បច្ចុប្បន្ន​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ព្យាយាម​កែប្រែ​ស្ថានការណ៍ និង​ធ្វើ​យ៉ាង​ការពារ​កុំអោយ​មានការ​បាត់បង់​ជំនឿ​ចិត្ត​លើ​បក្ស​កុម្មុយនីស្ត។ ចិន ព្យាយាម​ធ្វើកំណែទម្រង់ កំចាត់​អំពើពុករលួយ រក្សា​កំណើនសេដ្ឋកិច្ច​ដើម្បី​ធ្វើអោយ​ជីវភាព​រស់នៅ​របស់​ប្រជាជន​កាន់តែ​ល្អប្រសើរ ផ្តល់​សេរីភាព​ឯកជន តែ​ហាម​ដាច់ខាត​រិះគន់​បក្ស។ ដើម្បី​លុប​ការចងចាំ​ទាំងឡាយណា​ជុំវិញ​ឧក្រិដ្ឋ​កម្មនេះ ចិន​បាន​រឹតត្បិត​សេរីភាព​សារព័ត៌មាន សេរីភាព​បញ្ចេញមតិ តាម​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម ហាម​មិនអោយ​មានការ​ជជែក​ពី​ភា​ក្សា​ពី​ព្រឹត្តិការណ៍ ថ្ងៃ ៤ មិថុនា ឬ​ប្រារព្ធ​ទិវា​រំលឹក​ខួប​ជាដើម​នោះ។

៣. តើ​ការសម្លាប់​រង្គាល​ធាន​អាន​មេន​កើតឡើង​ដូចម្តេច? 

ថ្ងៃ​សម្លាប់​រង្គាល​នៃ​ទីលាន Tiananmen  ដោយ​អាជ្ញាធរ​ចិន​កើតមានឡើង បន្ទាប់ពី​មាន​ចលនា​គាំទ្រ​របប​ប្រជាធិបតេយ្យ​ចេញ​ផុសផុល​ក្នុង​ទីក្រុង​ប៉េកាំង និង​បណ្តា​ទីក្រុង​ជាច្រើន​ទូទាំងប្រទេស​ចិន។ ដឹង​ស្រាប់​ហើយ​ឆ្នាំ ១៩៨៩ ចលនា​បាតុកម្ម​ប្រឆាំងនឹង​របប​កុម្មុយនីស្ត និង​ការដឹកនាំ​ដោយ​បក្ស​កុម្មុយនីស្ត​មួយ​នោះ កើតឡើង​ក៏ដោយ​សារ​តែមាន​ការជះឥទ្ធិពល​ពី​ការចុះ​ខ្សោយ​រៀបនឹង​ដួលរលំ​នៃ​របប​កុម្មុយនីស្ត​នៅ​តំបន់​អឺរ៉ុប ការដួលរលំ​នៃ​ជញ្ជាំង​ប៊ែ​កឡាំង ហើយ​មាន​សហភាពសូវៀត​ចុះខ្សោយទៅៗទៀត​នោះ។ ចលនា​បាតុកម្ម​នេះ​មុនដំបូង​ឡើយ​គឺ​កើតឡើង​នៅ​ខែឧសភា ហើយ​មាន​អ្នកចូលរួម​រហូតដល់​ជិត ១លាន​នាក់ បន្តធ្វើ​បាតុកម្ម នៅតាម​ដង​វិថី​នានា ដែល​អូសបន្លាយ​រយៈពេល​ជាង​បី​សប្តាហ៍។គោលដៅ​នៃ​បាតុកម្ម​គឺ​ដើម្បី​ដាក់​សម្ពាធ​អោយ​មេដឹកនាំ​គណបក្ស​កុម្មុយនីស្ត​ចិន​លាលែង​ពី​តំណែង និង​ធ្វើកំណែទម្រង់​នយោបាយ​ទទួលយក​លទ្ធិប្រជាធិបតេយ្យ​វិញ។

ឆ្លើយតប​បញ្ហា​នេះ មេដឹកនាំ​ចិន​កាលនោះ​លោក តេង ស៊ា​វ​ពីង បានប្រកាស​ដាក់​ប្រទេស​ស្ថិតក្រោម​ច្បាប់អាជ្ញាសឹក និង​ពង្រាយ​ទ័ព​ចន្លោះ២សែន ទៅ៣សែន​នាក់​នៅក្នុង​ទីក្រុង រួមមាន​ទាំង​រថក្រោះ និង​ឧទ្ធម្ភាគចក្រ​ជាច្រើន​គ្រឿង​ថែម​ទៀតផង។ ក្រោយមក​នៅ​ល្ងាច​ថ្ងៃ ៣មិថុនា ក្រុម​ទាហាន​សម្រេច​ប្រើ​អាវុធ​បាញ់​លើ​ក្រុមបាតុករ​ដែល​គ្មាន​អាវុធ និង​ប្រើ​រថក្រោះ​ជាន់​កម្ទេច​លើ​តង់​ដែល​សិស្ស​និស្សិត​ដែលជា​បាតុករ​កំពុង​សម្រាក​នៅ​ក្នុងនោះ។ នៅពេល​ព្រឹក​ថ្ងៃ ៤ ឳ​ពុក​ម្តាយ​ជនរងគ្រោះ​ក៏​ទទួលរង​ការវាយប្រហារ​ពី​ក្រុម​ទាហាន​ទៀត​ខណៈ​ពួកគេ​កំពុង​ដើរ​តាម​ដងផ្លូវ​រកមើល​កូន​ខ្លួន​ដែល​រងរបួស ឬ​ស្លាប់​នោះ។ គួររំលឹកថា ក្រោយ​មាន​ព្រឹត្តិការណ៍​នេះ ខាង​កាកបាទក្រហម​អន្ត​ជាតិចិន​បញ្ជាក់ថា​មាន​មនុស្ស យ៉ាងហោចណាស់១០០០នាក់​បាន​ស្លាប់ និង​ប្រមាណ ១ម៉ឺន​នាក់​ត្រូវបាន​ចាប់ខ្លួន៕



© រក្សាសិទ្ធិដោយ thmeythmey.com