អន្តរជាតិ
ជម្លោះ​ប្រដាប់អាវុធ​ធ្ងន់ធ្ងរ​ខ្លាំង​នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​គំរាមកំហែង​កិច្ចព្រមព្រៀង​សន្តិភាព
04, Jun 2015 , 9:20 pm        
រូបភាព
ដោយ: ថ្មីៗ
កងទ័ព​រដ្ឋាភិបាល និង​ក្រុម​ឧទ្ទាម​អ៊ុយ​ក្រែ​ន​ចាប់ផ្តើម​បាញ់​ផ្លោង​ដាក់គ្នា​កាន់តែខ្លាំង​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ ក្រោយ​មានការ​ចោទប្រកាន់​ពី​សំណាក់​កងទ័ព​អ៊ុយ​ក្រែ​ន​ថា​ក្រុម​ឧទ្ទាម​បាញ់​ផ្លោង​ដាក់​ពួកគេ​មុន។ នេះ​ប្រហែលជា​ការប្រយុទ្ធ​ទ្រង់ទ្រាយ​ធំ​បំផុត ចាប់តាំងពី​ភាគី​ទាំងពីរ​សម្រេច​ផ្អាក​ការប្រយុទ្ធ​ដោយ​គោរព​តាម​កិច្ចព្រមព្រៀង​ទីក្រុង Minsk ទី២ បង្កើត​ដោយ​បារាំង អាឡឺម៉ង់ និង​រុស្ស៊ី​កាលពី​ខែកុម្ភៈ។



ស្តាប់សំឡេង



រយៈពេល​ជាង ១ឆ្នាំ​ហើយ ជម្លោះ​នៅ​ភាគ​ខាងកើត​ប្រទេស​អ៊ុយ​ក្រែ​ន​មិនទាន់​អា​ចរក​ផ្លូវ​បញ្ចប់​ឃើញ​ឡើយ។ ម្សិលមិញ​នេះ​ជម្លោះ​ប្រដាប់អាវុធ​ចាប់ផ្តើម​កើនឡើង​ខ្លាំង និង​ធ្ងន់ធ្ងរ​មិន​ធ្លាប់មាន ចាប់តាំងពី​ភាគី​ព្រមព្រៀងគ្នា​ផ្អាក​ការប្រយុទ្ធ​ដោយ​គោរព​តាម​កិច្ចព្រមព្រៀង Minsk ទី២ ដែល​រៀបចំ​ដោយ បារាំង អាឡឺម៉ង់ និង​រុស្ស៊ី។
ការចោទប្រកាន់​គ្នា​ទៅវិញទៅមក​រវាង​ភាគី​ទាំងពីរ ជាដើម​ចម​នៃ​ការប្រយុទ្ធ​គ្នា​ឡើងវិញ​កាន់តែខ្លាំង​នេះ ហើយ​រហូត​បង្ក​ឲ្យ​មាន​ជន​ស៊ីវិល​ស្លាប់​ផង។ ក្រុម​ឧទ្ទាម​គាំទ្រ​រុស្ស៊ី​បាន​ចោទប្រកាន់ថា ក្រុម​កងទ័ព​រដ្ឋាភិបាល​រំលោភ​កិច្ចព្រមព្រៀង និង​បើក​ការវាយប្រហារ​លើ​ខ្លួន​មុន ខណៈ​ទាហាន​រដ្ឋាភិបាល​ថ្លែង​ការពារ​ខ្លួន​ដោយ​ចោទថា​ក្រុម​ឧទ្ទាម​ថា​ជា​អ្នក​ចាប់ផ្តើម​មុន។

បើតាម​ការ​ឲ្យ​ដឹង​ពី​សំណាក់​កងកម្លាំង​រដ្ឋាភិបាល​ក្រុង​គៀវ ក្រុម​ឧទ្ទាម​បាន​បើក​ការវាយប្រហារ​លើក​ងក​ម្លាំ​ង​រដ្ឋាភិបាល​ដោយ​ប្រើប្រាស់​អាវុធ​ធុន​ធ្ងន់​មាន​កាំភ្លើង​ធំ និង​រថក្រោះ។ ដើម្បី​រក្សា​ស្ថានការណ៍ ទាហាន​រដ្ឋាភិបាល​ក៏បាន​វាយប្រហារ​តបត​វិញ។

ចំណែក​ខាង​ក្រុម​ឧទ្ទាម​បាន​អះអាងថា ទាហាន​របស់​រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន​គឺជា​អ្នក​វាយប្រហារ​លើ​តំបន់​ដែល​គេ​កំពុងកាន់​កាប់​មុន ដែល​បង្ខំ​ឲ្យ​ពួកគេ​ត្រូវ​វាយប្រហារ​តបត​វិញ។ បច្ចុប្បន្ននេះ​តំបន់​សំខាន់​ពីរ​មាន Mariinkaនិង​Georgiivka ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ខេត្ត Donetsk នោះ​កំពុង​ក្លាយជា​ទីលានប្រយុទ្ធ​បង្ហូរឈាម​គ្នា​រវាង​កម្លាំង​ទាំងពីរ។ ប៉ុន្តែ​យ៉ាងណាក៏ដោយ​ការប្រយុទ្ធ​គ្នា​នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន កើនឡើង​ខ្លាំង​ពីរ​បី​សប្តាហ៍​មកហើយ ហើយ​មនុស្ស​យ៉ាងហោចណាស់១៥នាក់​រួមទាំង​ជន​ស៊ីវិល​ផង​បាន​ស្លាប់​ដោយសារ​ការបាញ់​ផ្លោង​ដាក់គ្នា​នេះ។

ការវាយប្រហារ​នេះ ក៏បាន​បង្ក​គ្រោះថ្នាក់​ដល់​ក្រុមកម្មករ​បូម​រ៉ែ​នៅក្នុង​តំបន់​ក្បែរ​នោះ​ផងដែរ​ពោលគឺ ក្រុមកម្មករ​បានជា​ប់​គាំង​ក្នុង​អណ្តូង។ អាជ្ញាធរ​កំពុង​ចាត់វិធានការ​ដើម្បី​ជួយសង្គ្រោះ​ក្រុមកម្មករ​ដែល​ជាប់គាំង​នៅក្នុង​អណ្តូង ដើម្បី​ធានាថា​គ្មាន​អ្នករបួស​ឬ​ស្លាប់​ឡើយ។

គេ​មិនអាច​វាយតម្លៃ​បានទេ ថា​ជម្លោះ​ប្រដាប់អាវុធ​នេះ នឹង​កាន់តែ​រីក​ធំ​និង​ធ្ងន់ធ្ងរ​ខ្លាំង​នៅពេល​ខាងមុខ​ទៀត​ដែរ​ឬ​អត់​ទេ ប៉ុន្តែ​ការប្រយុទ្ធ​គ្នា​នេះ​កំពុង​គំរាមកំហែង​កិច្ចព្រមព្រៀង​សន្តិភាព​ដែលមាន​ស្រាប់។ បើសិន​គ្មាន​វិធាន​ការជំរុញ​ការផ្អាក​ការប្រយុទ្ធ​ទេនោះ វា​ប្រាកដ​ណាស់​ថា ជម្លោះ​កាន់តែ​ធ្ងន់ ហើយ​កិច្ចព្រមព្រៀង​សន្តិភាព​របស់លោក​ខាងលិច​នឹង​ត្រូវគេ​រំលាយចោល​ចៀស​មិន​ផុត។

គួរ​បញ្ជាក់ថា ក្រោយពេល​រុស្ស៊ី​ក្រសោប​យក​ទឹកដី Crimeaប្រជាជន​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​ចាប់ផ្តើម​ក្រោកឈរ​ទាមទារ​ផ្តាច់ខ្លួន​ពី​អ៊ុយ​ក្រែ​ន ប៉ុន្តែ​រដ្ឋាភិបាល​បាន​ចាត់វិធានការ​ក្តៅ​ដោយ​ប្រើប្រាស់​កងទ័ព​ដើ​ម្ប​ទប់ស្កាត់​ការទាមទារ​បំបែក​រដ្ឋ។ ចាប់តាំងពី​ពេលនោះ​មក​ការប្រយុទ្ធ​នៅតែ​បន្ត ហើយ​ជម្លោះ​ប្រដាប់អាវុធ​នេះ​សម្លាប់​មនុស្ស​ច្រើន​ជា ៦ពាន់​នាក់ និង​បង្ក​ឲ្យ​មនុស្ស​ជាង ១លាន​នាក់​បាត់បង់​ជំរក៕



© រក្សាសិទ្ធិដោយ thmeythmey.com