អន្តរជាតិ
ក្រុម​ប្រទេស​សម្ព័ន្ធ​មិត្ត​បាញ់​កំទេច​រោង​ចក្រ​ផលិត​រថយន្ត​អត្តឃាត​របស់​ក្រុម​ជីហាត​នៅ​អ៊ីរ៉ាក់​
04, Jun 2015 , 11:40 pm        
រូបភាព
នៅ​អ៊ីរ៉ាក់ ថ្ងៃ​ពុធ​ម្សិលមិញ រោងចក្រ​ផលិត​រថយន្ត​អត្តឃាត​ដ៏​ធំ​មួយ​របស់​ក្រុម​ជី​ហាត​រដ្ឋ​អ៊ីស្លាម ត្រូវបាន​កំទេច​ខ្ទេច​ម៉ត់ ក្នុងការ​បាញ់ប្រហារ​តាមផ្លូវ​អាកាស​ពី​សំណាក់​ក្រុម​ប្រទេស​សម្ព័ន្ធមិត្ត។ ការវាយប្រហារ​នេះ​បានសម្លាប់​សកម្មជន​ជី​ហាត​ជាច្រើន​នាក់ តែ​ក៏​សម្លាប់​ជន​ស៊ីវិល​ច្រើន​នាក់​ដែរ។



រោងចក្រ​ដែល​ខូច​ខ្ទេចខ្ទី​នេះ ស្ថិតនៅ​ច្រកចូល​ក្រុង​Hawijaនៅ​ភាគ​ឥសាន​ក្រុង​បា​កដាត។ ទាហាន​អ៊ីរ៉ាក់​ប្រាប់ថា វាទី​តាំង​ជាសំខាន់​បំផុត​សម្រាប់​ក្រុម​ជី​ហាត នៅ​អ៊ីរ៉ាក់​និង​ស៊ី​រី។ ផ្នែក​បញ្ជាការដ្ឋាន​រប​ស់​ប្រទេស​សម្ព័ន្ធមិត្ត​អន្តរជាតិ​បានធ្វើ​របាយការណ៍​ប្រចាំ​ថ្ងៃមួយ ប្រាប់​ដែរ​ថា បាន​វាយប្រហារ​ទីតាំង​មួយកន្លែង​របស់​ក្រុម​ជី​ហាត​រដ្ឋ​អ៊ីស្លាម នៅ​ជិត​ក្រុង​Hawijaគឺជា​ទីតាំង​ដែល​គេ​ប្រើ​ដើម្បី​បញ្ចូល​គ្រាប់បែក​ក្នុង​រថយន្ត។ ប៉ុន្តែ គេ​មិនដឹង​ច្បាស់​ថា តើ​វា​ជាទី​តាំង​តែមួយ​ដូចដែល​ទាហាន​អ៊ីរ៉ាក់​បាន​ប្រាប់​ខាងដើម​នេះ​រឺ​យ៉ាងណាទេ។

គួរ​បញ្ជាក់ថា កាំ​ម្ញ៉ុ​ង​ផ្ទុក​គ្រាប់បែក ដែល​គេ​តែង​ហៅថា រថយន្ត​អត្តឃាត​នោះ ត្រូវបាន​ក្រុម​ជី​ហាត​យកទៅ​ប្រើប្រាស់​កាន់តែ​ច្រើន ដើម្បី​វាយលុក​នៅ​អ៊ីរ៉ាក់។ មធ្យោបាយ​មួយ​នេះ​មាន​ប្រសិទ្ធភាព​គ្រាន់បើ វា​បាន​ជួយ​អោយ​ក្រុម​ជី​ហាត​ដណ្តើមបាន​ក្រុង​Ramadi ក្នុង​ខែត្រ​Al-Anbar កាលពី​ថ្ងៃ១៧ឧសភា​កន្លងទៅ៕




© រក្សាសិទ្ធិដោយ thmeythmey.com