សង្គមអន្តរជាតិ​
អន្តរជាតិ
ជប៉ុន​គ្រោង​ផ្គត់ផ្គង់​ទឹកស្អាត និង​បំពាក់​បង្គន់​ក្នុង​ជណ្តើរយន្ត​ប្រអប់
04, Jun 2015 , 10:20 pm        
រូបភាព
ដោយ: ធីតា
ក្រុមហ៊ុន​ផលិត​ជណ្តើរយន្ត​ជប៉ុន​មានបំណង​ស្តុក​ទឹកស្អាត និង​បំពាក់​បង្គន់​ដែល​អាច​ផ្លាស់​ទី​បាន នៅក្នុង​ជណ្តើរយន្ត​ប្រអប់ សម្រាប់​អ្នក​ដែល​ជាប់គាំង​ក្នុង​ជណ្តើរ ជាពិសេស​ក្នុងករណី​មាន​គ្រោះ​រញ្ជួយ​ដី​កើតឡើង។បើតាម​ការ​ប្រមើល​ទុក​របស់​រដ្ឋាភិបាល​ទាក់ទិន​នឹង​គ្រោះ​រញ្ជួយ​ដី​ដ៏​មហិមា​The Big Oneដែល​អាច​នឹង​វាយប្រហារ​ទីក្រុង​តូ​ក្យូ​នៅ​ថ្ងៃ​ណាមួយ​នោះ គឺ​អាចមាន​មនុស្ស​ប្រមាណ ១៧ ០០០ នាក់​ដែល​នឹងត្រូវ​ជាប់គាំង​ក្នុង​ជណ្តើរយន្ត។



លោក​Takeshi Miyata តំណាង​សមាគម​ឧស្សាហកម្ម​ជណ្តើរយន្ត បាន​មានប្រសាសន៍ថា៖ «យើង​បានសម្រេច​ថា​នឹងសិក្សា​លើ​គម្រោង​នេះ ដើម្បី​លើកកម្ពស់​សុវត្ថិភាព​នៃ​ការបង្ការ​គ្រោះថ្នាក់​ក្នុង​ជណ្តើរយន្ត»។

គួរ​បញ្ជាក់ថា គំរូ​បង្គន់​ទំហំតូចៗជាច្រើន​ខុសគ្នា​ដែល​អាច​ផ្លាស់​ទី​បាន ត្រូវបាន​គេ​បង្កើតឡើង​រួចទៅហើយ​សម្រាប់​ករណី​គ្រោះថ្នាក់​បន្ទាន់ ហើយ​វា​ក៏​ជា​ផែ្ន​កមួយ​នៃ«កញ្ចប់​រស់»ដែល​ជនជាតិ​ជប៉ុន​មួយចំនួន​តែងតែ​ត្រៀម​ទុក​សម្រាប់​យកតាម​ខ្លួន ក្នុងករណី​ជួប​គ្រោះ​រញ្ជួយ​ដី ឬ​មហន្តរាយផ្សេងៗនោះ​ផងដែរ។

ប្រទេស​ជប៉ុន​មាន​ជណ្តើរយន្ត​ប្រអប់​ចំនួន ៧ សែន ហើយ​គ្រាន់តែ​នៅក្នុង​តូ​ក្យូ​ប៉ុណ្ណោះ មាន​ដល់​ទៅ ១៥០ ០០០ ទៅហើយ។ចាប់តាំងពី​ឆ្នាំ២០០៩មក​គេ​បាន​បំពាក់​ប្រព័ន្ធ​សុវត្ថិភាព​ដល់​ជណ្តើរយន្ត​ប្រអប់ ដើម្បី​ជៀសវាង​ការជាប់គាំង​នៅ​រវាង​ពីរ​ជាន់៕




© រក្សាសិទ្ធិដោយ thmeythmey.com