អន្តរជាតិ
បញ្ហា​បំណុល​ក្រិ​ក​នៅតែ​បន្ត​រ៉ាំរ៉ៃ ពិបាក​ដោះស្រាយ​ឲ្យ​ជ្រះស្រឡះ
05, Jun 2015 , 2:54 pm        
រូបភាព
ដោយ:
ថ្ងៃ​សុក្រ​នេះ ជា​ថ្ងៃ​ដែល​រដ្ឋាភិបាល​ក្រិ​ក​ត្រូវ​សងបំណុល​ដំណាក់កាល​ទី១ ជា​ទឹកប្រាក់៣០០លាន​អឺរ៉ូ ដល់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​IMF។ ប៉ុន្តែ ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ រដ្ឋាភិបាល​លោក​អា​ឡិច​ស៊ី​ស ស៊ី​ប្រាស បាន​សុំ​IMFអោយ​លើក​ពេល​សងបំណុល​ទាំង៤ដំណាក់កាល ទៅ​ថ្ងៃ៣០មិថុនា​ចុងខែ​នេះ​វិញ។ IMF ក៏​ព្រម​តាម​សំណើ​របស់​ក្រិ​ក ដោយ​រំលឹក​ទៅ​ក្រិ​ក​វិញ​ថា  បំណុល​សរុប​ដែល​ត្រូវ​សង​នៅ​ចុងខែ គឺមាន១៦០០លាន​អឺរ៉ូ។



សូមស្តាប់​ការ​ពន្យល់ របស់​ ខន ចំប៉ា



ជាមួយ​រដ្ឋាភិបាល​ក្រិ​ក​ថ្មី​មកពី​បក្ស​ឆ្វេងនិយម បញ្ហា​បំណុល​ក្រិ​ក គឺ​មិន​ងាយ​ដោះស្រាយ​ជ្រះស្រឡះ​ទេ។ ថ្ងៃ​ដែល​ត្រូវ​សងបំណុល ក្រិ​ក​នៅតែ​មិនអាច​សងបំណុល ហើយ​ថែមទាំង​សុំ​ពន្យារពេល​សង​ទៀត។ គិតពី​ចុង​ទសវត្ស​ឆ្នាំ១៩៧០មក ក្នុងនាម​ជា​សមាជិក​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ IMF ប្រទេស​ក្រិ​ក​អាច​សុំ​សងបំណុលផ្សេងៗ ជា​សរុប​ក្នុង​ថ្ងៃ​តែមួយ​បាន ចៀសវាង​សង​ច្រើន​ដំណាក់កាល​នាំ​ស្មុគស្មាញ។

ហេតុនេះហើយ ទើប​រដ្ឋាភិបាល​ក្រុង​អាថែន​សុំ​លើក​ពេល​សងបំណុល​សរុប៤ដំណាក់កាល ទៅ​ចុងខែ​មិថុនា​វិញ ជាជាង​សង​តែមួយ​ដំណាក់កាល នៅ​ថ្ងៃ​សុក្រ​នេះ។ ក្រិ​ក​ត្រូវ​សងបំណុល IMF ៤ដំណាក់កាល​ផ្សេងគ្នា ក្នុង​ខែមិថុនា​នេះ។ IMF ក៏​នៅតែ​អនុគ្រោះ​តាម​សំណើ​ក្រិ​ក ទោះជា​ក្រិ​ក​ទាត់ចោល​សំណើ​ត្បិតត្បៀត​ថវិកា​ដែល​ម្ចាស់បំណុល​ទាំងឡាយ ស្នើឡើង​ក៏ដោយចុះ។

កន្លងមក ម្ចាស់បំណុល​ក្រិ​ក មានដូចជា​IMF រឺក៏​ធនាគារកណ្តាល​អឺរ៉ុប BCE បាន​ជួបប្រជុំ​ជាមួយ​រដ្ឋាភិបាល​ក្រិ​ក​រាប់មិនអស់ តែ​នៅតែ​រក​កិច្ចព្រមព្រៀង​មិនបាន។ ក្នុង​កិច្ចប្រជុំ​ថ្ងៃ​ពុធ​ទី៣មិថុនា​សប្តាហ៍​នេះ ម្ចាស់បំណុល​បានដាក់​សំណើ​មួយទៀត ទៅ​រដ្ឋាភិបាល​ក្រិ​ក។ តែ​ថ្ងៃ៤មិថុនា​ម្សិលមិញ ក្រិ​ក​ក៏​ទាត់ចោល​សំណើ​នោះ​ភ្លាម ដូច្នេះ គ្មាន​កិច្ចព្រមព្រៀង​អ្វី​ចេញរួច​ទេ។ ហេតុអ្វី​បានជា​ក្រិ​ក​បដិសេធ​សំណើ​ម្ចាស់បំណុល​បែបនេះ?

បើ​មើល​ខ្លឹមសារ​ចំបង​ក្នុង​ផែនការ​របស់​ម្ចាស់បំណុល​ដែល​ស្នើ​នៅ​ថ្ងៃ ៣មិថុនា ម្ចាស់បំណុល​ចង់អោយ​ក្រិ​ក​កាត់បន្ថយ​ចំណាយ​ទៅលើ​ប្រាក់​ចូលនិវត្តន៍ ចាប់ពី​ខែកក្កដា​ខាងមុខនេះ​ទៅ។ សម្រាប់​ឆ្នាំ២០១៥នេះ ក្រិ​ក​ត្រូវតែ​បន្ថយ​ចំណាយ​នេះ​អោយបាន​ពី០,២៥% ទៅ០,៥% នៃ​ផលិតផល​សរុប​ក្នុងស្រុក, ហើយ​អោយបាន១% សម្រាប់​ឆ្នាំ២០១៦ ។ ក្រិ​ក​មិនអាច​អនុវត្តន៍​តាម​បានទេ ព្រោះថា​ប្រាក់​ចូលនិវត្តន៍​ការងារ អាចអោយ​មនុស្ស​ចាស់​ទាំង​នោះ​យកទៅជួយ​កូនចៅ​ពួកគេ ដែល​កំពុង​គ្មាន​ការងារ​ធ្វើបាន។ វា​ជា​ការជួយ​សម្រាល​បន្ទុក​រដ្ឋាភិបាល​ផងដែរ។ បើ​ចង់អោយ​កាត់​ចំណាយ​ប្រាក់​ចូលនិវត្តន៍ ទាល់តែ​ដោះស្រាយ​អោយមាន​ការងារ​ធ្វើ​ក្នុងស្រុក​អោយបាន​សិន ព្រោះ​ជន​គ្មាន​ការងារ​ធ្វើ​នៅ​ក្រិ​កមាន​ច្រើនណាស់ ហើយ​រដ្ឋាភិបាល​ក៏​មិន​អាចជួយ​ប្រាក់កាស​ពួកគេ​បាន​ច្រើន​ដែរ។

ក្នុង​គំរោង​ផែនការ​ស្នើ​ថ្ងៃ៣មិថុនា​នេះដែរ ម្ចាស់បំណុល​ក៏បាន​ទាមទារ​អោយ​ដំឡើង​ពន្ធ​ទំនិញ​មូលដ្ឋាន ពី៦,៥% ទៅ១១%ដែរ។ មើលទៅ គឺជា​ពន្ធ​ធ្ងន់​ក​តែម្តង។ ហេតុនេះហើយ​បានជា​សំណើ​ដែល​ម្ចាស់បំណុល​ក្រិ​កដា​ក់មក​គ្រាន់តែ​ដាក់​ភ្លាម ក្រិ​ក​ក៏​បដិសេធ​ភ្លាម​ដែរ។ ម្ចាស់បំណុល​ស្រមៃ​ថា ក្រិ​ក​អាច​ត្បិតត្បៀត​ប្រាក់​មួយចំនួន​បាន បើ​កាត់​ចំណាយ​ប្រាក់​ចូលនិវត្តន៍​នេះ។ ប៉ុន្តែ បញ្ហា​វា​ប្រទាក់ក្រឡា​គ្នា មិនអាច​ដោះស្រាយ​ស្រួល​ដូច​គិត​បានឡើយ។

ម្យ៉ាងទៀត បើ​រដ្ឋាភិបាល​ក្រុង​អាថែន​ធ្វើតាម​ម្ចាស់បំណុល ដោយ​កាត់បន្ថយ​ប្រាក់​ចូលនិវត្តន៍ វា​ជា​ការដើរ​ផ្ទុយ​ពី​គោលនយោបាយ​ឆ្វេងនិយម របស់​បក្ស​កាន់អំណាច​ស៊ី​រី​ហ្សា ជាការ​ក្បត់ពាក្យសន្យា ក្នុងពេល​បោះឆ្នោត​កន្លង​មក​ទាំងស្រុង។ បើ​ដូច្នេះ​មែន បក្សផ្សេងៗក្នុងស្រុក​ប្រាកដជា​ចំអក​រដ្ឋាភិបាល​លោក​អា​ឡិច​ស៊ី​ស ស៊ី​ប្រាស មិន​ខាន​ទេ ព្រោះថា បើ​បក្ស​ទាំងនោះ​កាន់អំណាច ក៏​ពួកគេ​បដិសេធ​សំណើ​ម្ចាស់បំណុល​ដូចគ្នា​ដែរ។

បំណុល​ក្រិ​ក មិន​ងាយ​ដោះស្រាយ​ចេញ​ឡើយ ព្រោះ​ក្រិ​ក​ស្ទើរតែ​ក្ស័យ​ធុន ទោះជា​ខំ​ត្បិតត្បៀត​ចំណាយ​គ្រប់​ទិស​ទៅហើយ​ក្តី។ ចង់អោយ​ក្រិ​ក​សងបំណុល ម្ចាស់បំណុល​ត្រូវតែ​អធ្យាស្រ័យ​អោយបាន​ច្រើន។ មិន​ខុសពី​ពាក្យ​ដែល​គេ​តែង​លើកឡើងថា ពេល​ទារបំណុល ម្ចាស់បំណុល​ត្រូវ​អង្វរ​កូនបំណុល​ទេ។ ប៉ុន្តែ បំណុល​ក្រិ​ក​មិនមែនជា​បញ្ហា​ស្រួល​ដោះស្រាយ ដូច​ក្នុង​ការរស់នៅ​ប្រចាំថ្ងៃ​ទេ។ វា​ជា​បញ្ហា​របស់​ប្រទេស​មួ​ួ​យ របស់​ប្រជាជាតិ​មួយ​ទាំងមូល ដែល​មិនអាច​លេងសើច​បានឡើយ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ប្រទេស​មួយទៀត រឺ​សេដ្ឋកិច្ច​តំបន់​ចាយលុយ​អឺរ៉ូ​បាន៕





© រក្សាសិទ្ធិដោយ thmeythmey.com