អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ប្រ​ធានា​ធីប​តី អាគី​ណូ បើកដៃ​ឲ្យ​ជប៉ុន​ពង្រាយ​កងទ័ព​ក្នុង​ទឹកដី​ហ្វីលីពីន
06, Jun 2015 , 12:55 pm        
រូបភាព
ដោយ:

នៅ ថ្ងៃ​សុក្រ​ម្សិលមិញ ប្រធានាធិបតី​ហ្វីលីពីន បេ​នី​ញ៉ូ អាគី​ណូ បានប្រកាសថា ហ្វីលីពីន​នឹង​ចរចា​ជាមួយ​ជប៉ុន ដើម្បីអោយ​យន្តហោះ​និង​កប៉ាល់​ជប៉ុន​អាច​ប្រើប្រាស់​មូលដ្ឋានទ័ព​ហ្វីលីពីន ដើម្បី​ចុះចត​ចាក់​សាំង។



កាលពី​ថ្ងៃ ព្រហស្បតិ៍ ហ្វីលីពីន​និង​ជប៉ុន​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​យុទ្ធសាស្ត្រ​មួយ ទាក់ទង​កិច្ចសហប្រតិបត្តិការ​យោធា ក្នុងនោះ ប្រទេស​ទាំង២គ្រោង​នឹង​បើក​សមយុទ្ធ​រួមគ្នា ហើយក៏​នឹង​ពិភាក្សា​ពី​ការលក់​សម្ភារ​និង​បច្ចេកវិទ្យា​ដែល​ជប៉ុន​លក់ អោយ​ហ្វីលីពីន។ ហ្វីលីពីន​ធ្លាប់ធ្វើ​កិច្ចព្រមព្រៀង​ដូចគ្នា​ជាមួយ​អូស្ត្រាលី​និង អាមេរិក​រួចហើយ​ដែរ។

ម្សិលមិញ លោក​អាគី​ណូ​បានបង្ហាញ​បំណង​ចង់អោយ​ជប៉ុន​ពង្រាយ​កងទ័ព​នៅ ហ្វីលីពីន ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ នៅ​ក្លឹប​អ្នកសារព័ត៌មាន​ជាតិ​ជប៉ុន ក្នុង​ថ្ងៃ​ដែល​លោក​អាគី​ណូ​ត្រូវ​បិទ​បញ្ចប់​ដំណើរ​ទស្សនកិច្ច៤ថ្ងៃ​របស់ លោក នៅ​ប្រទេស​ជប៉ុន។ ហ្វីលីពីន​ដែលមាន​ជម្លោះ​ដែនទឹក​ជាមួយ​ចិន នៅ​សមុទ្រ​ចិន​ខាងត្បូង ពិតជា​ត្រូវការ​ជប៉ុន​ចៀស​មិន​រួចហើយ ខណៈ​ចិន​កំពុង​សាងសង់​ពង្រីក​កោះ​សិប្ប​និមិត្ត​របស់ខ្លួន​នៅ​ទីនោះ។

បំណង​របស់​ប្រធានាធិបតី​ហ្វីលីពីន​ក៏​បំពេញចិត្ត​ជប៉ុន​មិនតិច​ដែរ​ទេ ព្រោះថា ក្រោយ​ជប៉ុន​បាក់មុខ​ក្នុង​សង្គ្រាមលោកលើកទី២មក នាយករដ្ឋមន្ត្រី​ស្ហ៊ី​ន​សូ អា​បេ ចង់អោយ​កងទ័ព​ជប៉ុន​លេចមុខ​មាត់​ឡើងវិញ ក្នុង​ឆាក​អន្តរជាតិ។ កាលពី​ខែមេសា យោងតាម​សារព័ត៌មាន​Reuters ជប៉ុន​គ្រោង​នឹងចូលរួម​ល្បាត​ផ្នែក​អាកាស​ជាមួយ​អាមេរិក ក្នុង​តំបន់​ជម្លោះ​ដែនទឹក​នៅ​សមុទ្រ​ចិន ដើម្បី​ឆ្លើយតប​ទៅនឹង​ការគំរាមកំហែង​របស់​ចិន៕



© រក្សាសិទ្ធិដោយ thmeythmey.com