អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោកស្រី ស៊ូ​ជី​ទៅ​ចិន ក្រោយ​រង​ការរិះគន់​ខ្លាំង​រឿង​រំលោភសិទ្ធិ​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា
06, Jun 2015 , 7:30 pm        
រូបភាព

ប្រធាន​បក្សប្រឆាំង​មី​យ៉ាន់​ម៉ា និង​ជា​ម្ចាស់​ពានរង្វាន់​ណូបែល​សន្តិភាព អ៊ុង​សាន ស៊ូ​ជី គ្រោង​នឹង​ទៅ​ទស្សនកិច្ច​នៅក្នុង​ប្រទេស​ចិន​លើកដំបូង​បំផុត​ក្នុ្ង​ង​ខែមិថុនា​នេះ។ ទស្សនកិច្ច​របស់លោក​ស្រី ស្ថិតក្នុង​បំណង​ស្តារ​ទំនាក់ទំនង​ឲ្យ​ប្រសើរ​ជាមួយ​ចិន​ឡើងវិញ។ យ៉ាងណាក៏ដោយ វត្តមាន​មាតា​ប្រជាធិបតេយ្យ​នៅ​ចិន មិនមែនជា​សញ្ញា​ល្អ​ប៉ុន្មាន​ទេ ហើយ​លោកស្រី ស៊ូ​ជី កំពុង​រង​ការរិះគន់​ព្រោះ​នៅ​ស្ងៀម​ជុំវិញ​សំណុំរឿង​រំលោភសិទ្ធិ​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា។



ប្រមុខ​បក្សប្រឆាំង​លោកស្រី អ៊ុង​សាន ស៊ូ​ជី នឹងធ្វើ​ដំណើរ​ទស្សនកិច្ច​ជា​លើកដំបូង​បំផុត​ទៅកាន់​ប្រទេស​ចិន​នៅក្នុង​ខែមិថុនា​នេះ។ បើតាម​អ្នកនាំពាក្យ គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ​លោក Nyan Win  ដំណើ​ទស្សនកិច្ច​នេះ​ចាប់ផ្តើម​ពីថ្ងៃ ១០ ដល់​ថ្ងៃ ១៤មិថុនា ហើយ​លោកស្រី​គ្រោង​នឹង​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ​ប្រមុខរដ្ឋ​ចិន​លោក ស៊ី ជីន​ពីង និង​លោកនាយក​រដ្ឋមន្ត្រី Li Keqiang ផងដែរ។

វត្តមាន​ជា​លើកដំបូង​បំផុត​របស់​មេដឹកនាំ​បក្សប្រឆាំង​មី​យ៉ាន់​ម៉ា​នៅក្នុង​ប្រទេស​ចិន ជា​រឿង​ប្រវត្តិសាស្ត្រ​មួយ ត្បិត​ទំនាក់ទំនង​រវាង​ចិន​និង​មី​យ៉ាន់​ម៉ា​បន្ត​ធ្លាក់ចុះ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ។   ក្រោយពេល​របប​សឹក​រលំរលាយ ហើយ​កកើត​របប​ពាក់កណ្តាល​ស៊ីវិល​ក្នុង​ឆ្នាំ២០១១នៅ​មី​យ៉ាន់​ម៉ា ចំណង​ការទូត​រវាង​ចិន​និង​មី​យ៉ាន់​ធ្លាក់ចុះ​ខ្លាំង។ អំឡុង​របប​យោធា​កាន់កាប់ មី​យ៉ាន់​ម៉ា​ធ្លាប់​ពឹងពាក់​ក្រុង​ប៉េកាំង​ស្ទើរ​គ្រប់បែបយ៉ាង ប៉ុន្តែ​របប​ថ្មី​ស៊ីវិល បែរជា​គេច​ពី​ចិន និង​ងាក​ទៅរក​ប្រទេស​រក​ខាងលិច។ ទណ្ឌកម្ម​ភាគច្រើន​ត្រូវបាន​លោកខាងលិច​ដកចេញ​ពី​មី​យ៉ាន់​ម៉ា ហើយ​មី​យ៉ាន់​ម៉ា​សប្បាយរីករាយ​នឹង​ជំនួយ​ឧបត្ថម្ភ និង​ចំណង​ពាណិជ្ជកម្មថ្មីៗជាមួយ​បណ្តា​ប្រទេស​សេរី​ទៅវិញ។

យ៉ាងណាក៏ដោយ​ទាំង​ជា​រឿង​ចាស់ ប៉ុន្តែ​បញ្ហា​សំខាន់បំផុត​នាពេល​បច្ចុប្បន្ន​គឺ​ចលនា​ប្រយុទ្ធ​គ្នា​រវាង​កទ័ព​រដ្ឋាភិបាល​មី​យ៉ាន់ និង​ក្រុម​ឧទ្ទាម​កូ​កាង​នៅតាម​បណ្តោយ​ព្រំដែន​ចិន។ មី​យ៉ាន់​ម៉ា​ក៏បាន​ចោទប្រកាន់​ចិន​ថា​ជា​អ្នក​ជួយ​ជ្រោមជ្រែង​ក្រុម​ឧទ្ទាម​ឲ្យ​ប្រយុទ្ធ​ជាមួយ​ទ័ព​រដ្ឋាភិបាល​ផងដែរ។ ចិន​ខឹងសម្បារ​ជាខ្លាំង​រហូត​បញ្ជូន​ទ័ព​ទៅធ្វើ​សមយុទ្ធ​តាម​ព្រំដែន​របស់ខ្លួន​វិញ ដើម្បី​គំរាម​មី​យ៉ាន់​ម៉ា​កុំ​បន្តធ្វើ​ផ្តេសផ្តាស។ 

សម្រាប់​ក្រុង​ប៉េកាំង ការ​រឹតបន្តឹង​កិច្ចសហប្រតិបត្តិការ​និង​ចំណងមិត្តភាព​ជាមួយ​លោកស្រី អ៊ុង​សាន ស៊ូ​ជី ជា​រឿង​សំខាន់បំផុត​មួយ ត្បិត​ចិន​នឹង​អាច​ប្រើប្រាស់​ទំនាក់ទំនង​ល្អ​នេះ​ដើម្បី​ការពារ​ប្រយោជន៍​ខ្លួន​នៅ​មី​យ៉ាន់​ម៉ា​ផង។ លោកស្រី ស៊ូ​ជី ត្រូវបាន​របប​ក្រុង​ប៉េកាំង​ចាត់ទុកជា​អ្នកនយោបាយ​ដ៏​មាន​ឥទ្ធិពល​និង​មាន​ប្រជាប្រិយភាព​នៅ​មី​យ៉ាន់​ម៉ា ហើយ​ភាពស្អិតល្មួត​រវាង​ចិន​និង​មេបក្ស​ប្រឆាំង​រូបនេះ​ក៏​អាច​បញ្ជាក់​ច្បាស់​ថា មី​យ៉ាន់​ម៉ា​នឹងមិន​ស្ថិតក្រោម​ឥទ្ធិពល​ផ្តាច់មុខ​របស់លោក​ខាងលិច​ឡើយ។

ប៉ុន្តែ​រឿង​ដែល​សំខាន់ លោកស្រី​ត្រូវបាន​រដ្ឋធម្មនុញ្ញ​ព្រាង​ក្នុង​របប​សឹក​ហាម​មិន​ឲ្យ​ឈរឈ្មោះ​សម្រាប់​ការបោះឆ្នោត​ប្រកួតប្រជែង​តំណែង​ប្រធានាធិបតី​ឡើយ។ គេ​រំពឹង​មុតមាំ​ថា នៅ​ចុង​ឆ្នាំនេះ​បក្ស​លោកស្រី​នឹង​អាច​ដណ្តើម​អាសនៈ​បាន​ច្រើន និង​ទទួល​ការគាំទ្រ​ច្រើន ដែល​អាចជួយ​ត្រួស​ត្រាយផ្លូវ​ជូន​លោកស្រី​ទៅរក​តំណែង​ប្រធានាធិបតី​ដោយ​កា​រក​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ។ បើ​គ្មាន​ការកែប្រែ​មាត្រា​ដែល​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ លោកស្រី​នៅតែ​គ្មាន​វាសនា​ក្លាយជា​ប្រធានាធិបតី​មី​យ៉ាន់​ម៉ា​ដដែល។

រឿងរ៉ាវ​បច្ចុប្បន្ន​នៅតែ​ពិបាក​ស្មាន​ដូចគ្នា លោកស្រី​ស៊ូ​ជី​ថ្វី​ត្បិត​ត្រូវបាន​គេ​ចាត់ទុកជា​អ្នកនយោបាយ​ដ៏​មាន​ប្រជាប្រិយភាព​ក៏ដោយចុះ រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ លោកស្រី​រង​ការរិះគន់​យ៉ាង​ចាស់ដៃ​ពី​សហគមន៍​អន្តរជាតិ ប្រជាជន និង​សកម្មជន​សិទ្ធិមនុស្ស ព្រោះ​ព្យាយាម​រក្សា​ភាព​ស្ងៀមស្ងាត់​ជុំវិញ​ការរំលោភ​សិទ្ធិសេរីភាព​និង​ធ្វើទុក្ខបុកម្នេញ​ជនជាតិ រ៉ូ​ហ៊ីង​យ៉ា។ ម្យ៉ាងវិញទៀត​វត្តមាន​និង​ភាពស្និទ្ធស្នាល់​របស់លោក​ស្រី​ជាមួយ​មេដឹកនាំ​បក្ស​កុម្ម​យ​នី​ស្ត​ចិន ប្រាកដ​ណាស់​ថា វា​ជា​រូបភាព​អវិជ្ជមាន​សម្រាប់​បញ្ហា​ប្រជាធិបតេយ្យ៕




© រក្សាសិទ្ធិដោយ thmeythmey.com