សង្គមអន្តរជាតិ​
អន្តរជាតិ
ចោរ​ព័ត៌មានវិទ្យា​លុកលុយ​ទិន្នន័យ​ព័ត៌មាន​របស់​មន្ត្រីប៉ូលិស​អាមេរិក៤លាន​នាក់
07, Jun 2015 , 8:19 am        
រូបភាព
ដោយ:

អាមេរិក​បាន​រង​ការវាយប្រហារ​ជាថ្មី​ខាង​ប្រព័ន្ធ​ព័ត៌មានវិទ្យា ជាការ​វាយប្រហារ​ទ្រង់ទ្រាយ​ធំ។ រដ្ឋាភិបាល​អាមេរិក​បានផ្តល់​ដំណឹង​ថា ការិយាល័យ​គ្រប់គ្រង​បុគ្គលិក​របស់​រដ្ឋាភិបាល ហៅ​ជា​ភាសា​អង់គ្លេស​ថា Office of Personnel Management (OPM) បាន​រកឃើញ​កាលពី​ខែមេសា​ថា កុំព្យូទ័រ​របស់​រដ្ឋាភិបាល​ជាច្រើន​គ្រឿង ត្រូវបាន​ចោរ​ព័ត៌មានវិទ្យា​ចូលលុកលុយ​លួច​យក​ទិន្នន័យ​សន្ធឹកសន្ធាប់។ គឺជា​ទិន្នន័យ​ព័ត៌មាន​របស់​មន្ត្រីប៉ូលិស​បច្ចុប្បន្ន និង​អតីត​ប៉ូលិស​ប្រមាណ៤លាន​នាក់។



គេ​នៅ​មិនទាន់​ដឹងថា តើ​ការវាយប្រហារ​នេះ បាន​ប៉ះពាល់​ទៅដល់​លោក​អូ​បា​ម៉ា មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​និង​ចារកិច្ច​អាមេរិក​ដែរ​រឺ​យ៉ាងណាទេ។ ការិយាល័យ​OPM គិតថា ជនរងគ្រោះ​អាចមាន​ចំនួន​ច្រើន​លើសពីនេះ។ OPM បានស្នើ​អោយមាន​ការសង​ជំងឺ​ចិត្ត១លាន​ដុល្លារ​ដល់​ជនរងគ្រោះ​ទាំងនោះ ប្រសិនបើ​អត្តសញ្ញាណ​របស់​ពួកគេ​ត្រូវបាន​គេ​លួច​យកទៅ​ប្រើប្រាស់។

ទីភ្នាក់ងារ​FBI កំពុង​តាម​ស៊ើបអង្កេត​បញ្ហា​នេះ និង​សន្យាថា មិនអោយ​ជនល្មើស​រួចខ្លួន​ទេ។ ក្នុងពេល​កំពុង​ស៊ើបអង្កេត គ្រប់គ្នា​កំពុង​សង្ស័យ​លើ​ចិន ប៉ុន្តែ​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​សហរដ្ឋអាមេរិក បាន​បដិសេធ​ការចោទប្រកាន់ យ៉ាង​ដាច់អហង្កា។ អ្នកនាំពាក្យ​ការទូត​ចិន​បាន​លើកឡើងថា ការចោទប្រកាន់​ឆាប់រហ័ស​ពេក ស​បង្ហាញ​ពី​ភាព​មិនចេះ​ទទួលខុសត្រូវ។ ចិន​អះអាងថា រដ្ឋធម្មនុញ្ញ​ខ្លួន​ហាមឃាត់​មិន​អោយមាន​បទឧក្រិដ្ឋ​ផ្នែក​ព័ត៌មានវិទ្យា​ទេ បើទោះជា​ធ្វើឡើង​ក្នុង​ទ្រង់ទ្រាយ​ណាក៏ដោយ​ចុះ។

អាមេរិក​បាន​សុំអោយ​មន្ត្រីប៉ូលិស​ដែល​រងគ្រោះ​ទាំងនោះ​ធ្វើការ​ប្រុងប្រយ័ត្ន​ខ្ពស់។ ការវាយប្រហារ​ផ្នែក​ព័ត៌មានវិទ្យា​បាន​កើនឡើង​ខ្ពស់​នៅ​សហរដ្ឋអាមេរិក ក្នុង​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ។ ចោរ​ព័ត៌មានវិទ្យា​តែង​ចូលទៅ​លុកលុយ​ក្រុមហ៊ុនធំៗ ដូចជា​ក្រុមហ៊ុន​ធានារ៉ាប់រង Anthem រឺក៏ Sony Pictures Entertainment ជាដើម​៕‏



© រក្សាសិទ្ធិដោយ thmeythmey.com