សង្គមអន្តរជាតិ​
អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ឈរ​ពីរ​ម៉ោង​យ៉ាងតិច​ក្នុង​មួយថ្ងៃ​នៅ​កន្លែងធ្វើការ មាន​ប្រយោជន៍​ចំពោះ​សុខភាព
07, Jun 2015 , 10:52 am        
រូបភាព
ដោយ: ធីតា

ជាទូទៅ​បុគ្គលិកម្នាក់ៗចំណាយពេល​ស្ទើរតែ ៧៥% នៃ​ម៉ោង​ការងារ​របស់ខ្លួន ដោយ​អង្គុយ​ជាប់​នៅ​នឹង​កៅអី។ ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ភាព​អសកម្ម​នេះ​ដែល​ឈានទៅដល់​ការកើត​ជំងឺផ្សេងៗ រដ្ឋាភិបាល​អង់គ្លេស​បាន​ផ្សព្វផ្សាយ​នូវ​អនុសាសន៍​មួយចំនួន​របស់​អ្នកឯកទេស​ផ្នែក​សុខភាព​សាធារណៈ ដែល​ត្រូវបាន​ចេញផ្សាយ​នៅក្នុង​កាសែត Sports Medicine កាលពីដើម​ខែមិថុនា​នេះ។



ក្រុម​អ្នកឯកទេស​សុខភាព​បា​ន​ណែនាំ​ថា ត្រូវ​ឈរ​យ៉ាងតិច​ឲ្យ​បាន​ពីរ​ម៉ោង​ក្នុង​មួយថ្ងៃ នៅ​អំឡុងពេល​ធ្វើការ។ បើ​យក​ល្អ គឺ​គួរតែ​ឈរ​ឲ្យ​បាន​បួន​ម៉ោង។ មានន័យថា បុគ្គលិក​ទាំងឡាយ​គួរតែ​ឧស្សាហ៍​ក្រោកឈរ​ឲ្យ​បាន​ទៀងទាត់ ហើយ​ការចាកចេញ​ពី​កៅអី​នេះ​អាច​គណនា​ស្មើនឹង​រយៈពេល​ពីរ​ម៉ោង។ ការ​អង្គុយ​យូរពេក​នាំ​ឲ្យ​ប្រឈមមុខ​កាន់តែខ្លាំង​នឹង​ការកើត​ជំងឺ​រ៉ាំរ៉ៃ​ដូចជា ទឹកនោមផ្អែម ដុះ​ក្បាលពោះ និង​ជំងឺ​បេះដូង​ជាដើម។ អ្នកឯកទេស​ម្នាក់​បាន​និយាយថា បើ​អង្គុយ​កាន់តែ​យូរ អាយុ​កាន់តែ​ខោ​ច។

បើតាម​ទិន្នន័យ អ្នកធ្វើការ​ការិយាល័យ​អង្គុយ​នៅ​ស្ងៀម​យ៉ាងហោចណាស់​ក៏ ៣០ នាទី​ដែរ​ទើប​ងើប​ចេញ​ម្តង។ តាមពិតទៅ ជា​រៀងរាល់​ម៉ោង យើង​អាច​ក្រោកឈរ​ប៉ុន្មាន​នាទី ដោយ​ការដើរ​ទៅរក​កាហ្វេ ឬ​បន្ទប់ទឹក​ជាដើម។ ម្យ៉ាងទៀត យើង​គួរតែ​ចាប់យក​ទម្លាប់​ឈរ​និយាយ​ទូរស័ព្ទ ឬ​ដើរ​ទៅរក​មិត្ត​រួមការ​ងារ​ដើម្បី​ប្រាប់​ពី​ព័ត៌មានផ្សេងៗ ជំនួស​ឲ្យ​ការផ្ញើ​អ៊ី​ម៉ែ​ល។ នេះ​ជា​វិធីងាយៗដែល​យើង​អាចអនុវត្ត​បាន​នៅ​កន្លែងធ្វើការ៕





© រក្សាសិទ្ធិដោយ thmeythmey.com