អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
នាយករដ្ឋមន្ត្រី​ជប៉ុន​ប្រកាស​ជួយ​ដោះស្រាយ​ជម្លោះ​នៅ​អ៊ុយ​ក្រែ​ន
07, Jun 2015 , 3:26 pm        
រូបភាព
ដោយ: ថ្មីៗ

នាយករដ្ឋមន្ត្រី​ជប៉ុន​លោក ស៊ី​ហ្សូ អា​បេ បាន​អញ្ជើញ​ទៅ​ទស្ស​និច្ច​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃ​សៅរ៍​ម្សិលមិញ ដោយ​លោក​បាន​ជួបពិភាក្សា​ជាមួយ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Petro Poroshenko ។ គោលបំណង​នៃ​ទស្សនកិច្ច​គ្មានអ្វី​ក្រៅពី​បង្ហាញ​ជំហរ​គាំទ្រ​របស់​រដ្ឋាភិបាល​ជ​ប៉ុន​ក្នុងការ​ដោះស្រាយ​បញ្ហា​នៅ​អ៊ុយ​ក្រែ​ន ហើយ​ទស្ស​និ​កិច្ច​ស្របពេល​ដែល​លោក​អា​បេ​ត្រូវ​អញ្ជើញ​ទៅ​អាឡឺម៉ង់​ដើម្បី​ចូលរួម​ក្នុង​កិច្ចប្រជុំ​ក្រុម​ប្រទេស ៧ផងដែរ។



លោក ជាវ សំណាង លម្អិត​ព័ត៌មាន​នេះ៖




នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ី​ហ្សូ អា​បេ បានប្រកាសថា ជប៉ុន​នឹង​បន្ត​ជួយ​រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន​ក្នុងការ​ដោះស្រាយ​បញ្ហា​ជម្លោះ​ប្រដាប់អាវុធ​បច្ចុប្បន្ន​នៅ​ភាគ​ខាងកើត។ លោក​បាន​ថ្លែងប្រាប់​លោក Petro Poroshenko ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​ថា លោក ជំទាស់​រាល់​ការប្រើប្រាស់​ដំណោះស្រាយ​យោធា​នៅ​ភាគ​ខាងកើត ហើយ​លោក​ប្តេជ្ញា​ថា នឹង​ជួយ​ជ្រោមជ្រែង​ស្វែងរក​ដំណោះស្រាយ​សព្វគ្រប់​បែបយ៉ាង ដើម្បី​ដោះស្រាយ​បញ្ហា​អ៊ុយ​ក្រែ​ន។  លោក អា​បេ ថ្លែង​បែបនេះ ស្របពេល​ដែល​លោក អញ្ជើញ​ទៅ​ទស្សនកិច្ច​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​ជា​លើកដំបូង​បំផុត ស្របពេល​ដែល​លោក​ត្រូវ​បន្តដំណើរ​ទៅ​ចូលរួម​កិច្ចប្រជុំ​ប្រទេស​ឧស្សាហកម្ម​លូតលាស​ទាំង ៧ នៅក្នុង​ប្រទេស​អាឡឺម៉ង​ផង​នោះ។

ដំណើរ​ទស្សនកិច្ច​រប​ស់លោក អា​បេ ចំ​ពេលដែល​ជម្លោះ​នៅក្នុង​តំបន់​ភាគ​ខាងកើត​ចេះតែ​ធ្ងន់​ឡើង ដោយសារ​ភាគី​ជម្លោះ​បន្ត​ប្រយុទ្ធ​គ្នា​កាន់តែខ្លាំង​មិន​ខ្វាយខ្វល់​នឹង​កិច្ចព្រមព្រៀង​សន្តិភាព​ឡើយ។  លោក អា​បេ បាន​សង្កត់ធ្ងន់​និង​ប្តេជ្ញា​ថា លោក​នឹង​សហការ​ជាមួយ​បណ្តា​ប្រទេស​សម្ព័ន្ធមិត្ត​ផ្សេងទៀត ដើម្បី​ជួយ​អ៊ុយ​ក្រែ​ន​ដោះស្រាយ​បញ្ហា ព្រោះ​ជប៉ុន​នឹង​បន្ត​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​ប្រទេស ៧នេះ នៅ​ឆ្នាំក្រោយ​ទៀត។

កន្លងមក​ជប៉ុន​បាន​ដើរតួនាទី​សំខាន់​ក្នុងការ​ផ្តល់ជំនួយ​ហិរញ្ញវត្ថុ​ដល់​ប្រទេស​អ៊ុយ​ក្រែ​ន​ក្នុងការ​ដោះស្រាយ​បញ្ហា​សេដ្ឋកិច្ច ហើយ​ប្រទេស​ជប៉ុន​ក៏​តែងតែ​ប្រកាស​មិន​ទទួលស្គាល់​ការទទួលយក​ទឹកដី Crimea របស់​រុស្ស៊ី​កន្លងមក​ដែរ។ អ្វីដែល​សំខាន់​ជប៉ុន​ក៏​ដាក់ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី​ដូច​សម្ព័ន្ធមិត្ត​របស់ខ្លួន​អាមេរិក​ដែរ។

កិច្ចប្រជុំ​ប្រទេស​ឧស្សាហកម្ម​រីកចម្រើន​ទាំង ៧ នឹង​ផ្តោតលើ​ការពិភាក្សា​ជុំវិញ​បញ្ហា​អ៊ុយ​ក្រែ​ន​នេះ ដោយ​សហរដ្ឋអាមេរិក និង​អាឡឺម៉ង់​បាន​ត្រៀមខ្លួន​រួចហើយ ដើម្បី​ស្វែងរក​ការគាំទ្រ​បន្ថែម​ពី​មេដឹកនាំ​ជា​សមាជិក ដើម្បី​ដាក់ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី​បន្ថែមទៀត។ របប​ដឹកនាំ​ក្រុង​វ៉ាស៊ីនតោន បានប្រកាស​ឲ្យ​ដឹង​ពី​ក្តីកង្វល់​របស់ខ្លួន នៅពេលដែល​ការប្រយុទ្ធ​គ្នា​រីក​រាលដាល​កាន់តែខ្លាំង និង​គំរាមកំហែង​កិច្ចព្រមព្រៀង​ទៀត។ រដ្ឋាភិបាល​លោក អូ​បា​ម៉ា រំពឹងថា ក្រុម​ប្រទេស៧ នឹង​រួបរួមគ្នា​ដើម្បី​ដាក់ទណ្ឌកម្ម​លើ​រុស្ស៊ី ដើម្បី​បង្ខំ​ឲ្យ​រុស្ស៊ី​ដក​ដៃ​ចេញពី​បញ្ហា​វិបត្តិ​អ៊ុយ​ក្រែ​ន។ យ៉ាងណាក៏ដោយ​កន្លងមក​រដ្ឋាភិបាល​អាមេរិក​បានទទួល​ស្គា​ក់ថា ការដាក់ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី គ្មាន​ប្រសិទ្ធភាព​នោះឡើយ៕ 



© រក្សាសិទ្ធិដោយ thmeythmey.com