សង្គមអន្តរជាតិ​
អន្តរជាតិ
នៅ​អេ​ស្ប៉ា​ញ កុមារ​ម្នាក់​ក្នុងចំណោម​បីនាក់​រស់នៅក្នុង​ភាពក្រីក្រ
07, Jun 2015 , 8:30 pm        
រូបភាព
ដោយ: ធីតា

ភាពក្រីក្រ​ដ៏​ស្រួចស្រាវ​បាន​ប៉ះពាល់​កុមារ​ម្នាក់​ក្នុងចំណោម​បីនាក់​ក្នុងប្រទេស​អេ​ស្ប៉ា​ញ ដែល​ស្ថានភាព​នេះ​រឹតតែ​ធ្ងន់ធ្ងរ ហើយ​ប្រឈម​នឹង​ប្រែ​ក្លាយទៅជា​ភាព​រ៉ាំរ៉ៃ​ដ៏​អាក្រក់​មួយ នេះ​បើតាម​ការសិក្សា​ដែល​ត្រូវបាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​សុក្រ​កន្លងទៅនេះ​នៅ​ក្រុង Madrid ។



៧ ឆ្នាំ​បន្ទាប់ពី​ការស្រុតចុះ​នៃ​វិស័យ​អចលនទ្រព្យ​ក្រោយពី​ការ​ហើមប៉ោង​ជ្រុល​នៃ​វិស័យនេះ ដែល​បាន​បំផ្លាញ​ការងារ​របស់​មនុ​ស្សរា​ប់​លាន​នាក់ ប្រទេស​នេះ​បានក្លាយ​ទៅជា​ប្រទេស​ទី​ពីរ​នៅ​អឺរ៉ុប​ដែលមាន​តួលេខ​កុមារ​រស់នៅក្នុង​ភាពក្រីក្រ​ខ្ពស់ បន្ទាប់ពី​ប្រទេស​រូ​ម៉ា​នី។

បើតាម​ការអង្កេត​ពី​កុមារ​ក្រីក្រ និង​វិបត្តិ​សេដ្ឋកិច្ច ដែល​ត្រូវបាន​ធ្វើឡើង​ពី​អំឡុង​ឆ្នាំ ២០០៤ ដល់​ឆ្នាំ ២០១២ កុមារ ១/៤ មាន​ឪពុកម្តាយ​ដែល​គ្មាន​ការងារ​ធ្វើ​ទាំងពីរ​នាក់ បើ​ធៀប​នឹង​ឆ្នាំ​ដំបូង​នៃ​ការចាប់ផ្តើម​ការសិក្សា តួលេខ​នេះ​មានតែ ១៥% ទេ។ មិនតែប៉ុណ្ណោះ អនីតិជន​ម្នាក់​ក្នុងចំណោម​ដប់​នាក់​រស់នៅក្នុង​គ្រួសារ​ដែលមាន​សមាជិក​បួន​នាក់ (មនុស្ស​ចាស់​ពីរ​នាក់ និង​ក្មេង​ពីរ​នាក់) ហើយ​ដែលមាន​ចំណូល​តិចជាង ៦៣២ អឺរ៉ូ ដើម្បី​រស់​ប្រចាំខែ។

នៅ​ចុងបញ្ចប់​នៃ​ការសិក្សា​ឆ្នាំ ២០១២ បាន​បង្ហាញថា ភាពក្រីក្រ​នេះ​បាន​ប៉ះពាល់​កុមារ​ម្នាក់​ក្នុងចំណោម​ដប់​នាក់ បើ​ធៀប​នឹង​កាលពី ៨ ឆ្នាំមុន តួលេខ​មាន​ត្រឹមតែ ៦% ប៉ុណ្ណោះ។ នៅពេលនេះ គេ​សន្មត​ថា ស្ថានភាព​នេះ​ប៉ះពាល់​កុមារ​ម្នាក់​ក្នុងចំណោម​បីនាក់។ ប៉ុន្តែ ពុំទាន់​មាន​ទិន្នន័យ​ច្បាស់លាស់​អំពី​ឆ្នាំថ្មីៗនេះ​នៅឡើយ​ទេ។

នៅ​ឆ្នាំ ២០១៥ នេះ សេដ្ឋកិច្ច​អេ​ស្ប៉ា​ញ​នឹង​ឡើង​ក្នុង​រវាង ៣% ។ ទោះជា​យ៉ាងណាក៏ដោយ ២៣,៨% នៃ​ប្រជាជន​សកម្ម​នៅ​មិនទាន់មាន​ការងារ​ធ្វើ​នៅឡើយ៕






© រក្សាសិទ្ធិដោយ thmeythmey.com