អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក ប្រា​យុទ្ធ​បន្ត​កាន់អំណាច២ឆ្នាំ​ទៀត​មិន​ខ្លា​ចការ​ជេរ​ដាក់​បណ្តាសារ
08, Jun 2015 , 3:18 pm        
រូបភាព

កំណែទម្រង់​នយោបាយ​ជា​គោលដៅ​សំខាន់​របស់​របប​សឹក​ក្រុង​បាងកក មុននឹង​មានការ​រៀប​ចំការ​បោះឆ្នោត​និង​ផ្ទេរអំណាច​ទៅ​ឲ្យ​របប​ស៊ីវិល​វិញ។ គ្មាន​សញ្ញា​ណាមួយ​បញ្ជាក់ថា ពន្លក​ប្រជាធិបតេយ្យ​នឹង​ផុស​ឡើង​នៅក្នុង​រាជាណាចក្រ​ថៃឆាប់ៗឡើយ។ កំណែទម្រង់​នៅ​បន្ត​ទៅមុខ ខណៈ​រដ្ឋធម្មនុញ្ញ​ថ្មី​ដ៏​ចម្រូងចម្រាស​កំពុងស្ថិត​ក្រោម​ការកែប្រែ​មុន​អនុម័ត​ដាក់​ឲ្យ​ប្រើប្រាស់។ លោកនាយក​រដ្ឋមន្ត្រី ប្រា​យុទ្ធ​ចាន់​អូ​ចា បានបញ្ជាក់​ថា​លោក​អាច​បន្ត​កាន់តំណែង​ពីរ​ឆ្នាំ​ទៀត​ទម្រាំ​កែទម្រង់​ចប់សព្វគ្រប់ មិន​ខ្លា​ចការ​ជេរ​ដាក់​បណ្តាសារ​ឡើយ។


លោក មុំ ពិទូរ្យ លម្អ​ត​ព័ត៌មាន​នេះ



រយៈពេល​ជាង​មួយឆ្នាំ​ហើយ​ក្រោយពេល​មាន​ចលនា​រដ្ឋប្រហារ​ឥត​បង្ហូរឈាម​ដែល​រៀបចំឡើង​ក្រោម​ការដឹកនាំ​ដោយ​ឧ​ត្ត​ម​សេនីយ៍​ប្រា​យុទ្ធ​ចាន់​អូ​ចា ថៃ​នៅតែ​បន្ត​ស្ថិតក្រោម​អំណាច​ដឹកនាំ​បែប​យោធា។ ថ្មីៗនេះ អ្នកសារព័ត៌មាន​បាន​ចោទសួរ​ឧ​ត្ត​ម​សេនីយ៍​នាយករដ្ឋមន្ត្រី ប្រា​យុទ្ធ ចាន់​អូ​ចា ជុំវិញ​ការ​ការបោះឆ្នោត​សាកល និង​ការបន្ត​ក្តាប់​អំណាច​របស់លោក​នៅពេល​ខាងមុខ។ កន្លងមក​ក្រុមប្រឹក្សា​កំណែទម្រង់​ជាតិ​ថៃ រួមទាំង​សភា​ថៃ​ផង​នោះបាន​បង្ហាញ​ការគាំទ្រ​ចំពោះ​ការបន្ត​យុទ្ធនាការ​កំណែទម្រង់រ​ប​ស់លោក ប្រា​យុទ្ធ និង​ការពន្យារពេល​ផ្ទេរអំណាច។

ក្នុង​បទសម្ភាសន៍​ជាមួយ​អ្នកសារព័ត៌មាន​កន្លង​មក លោក​ប្រា​យុទ្ធ​អាច​ទប់​អារម្មណ៍​បាន​មិន​បង្ហាញ​ការ​ច្រឡោតតោតតូង​ដូច​មុន​ឡើយ។ លោក​បាន​ឆ្លើយតប​ទៅកាន់​អ្នកសារព័ត៌មាន​វិញ​យ៉ាងច្បាស់​ថា លោក​នឹង​បន្ត​កាន់អំណាច​ពីរ​ឆ្នាំ​ទៀត ដើម្បី​កែទម្រង់​សង្គម​ថៃ​ឲ្យ​ប្រសើរ មុន​រៀបចំ​ការបោះឆ្នោត​ជា​សាកល​ដើម្បី​ផ្ទេរអំណាច​ទៅ​របប​ស៊ីវិល​វិញ។ លោក​បាន​សង្កត់ធ្ងន់ថា​លោក​គ្មាន​បាន​ប្រយោជន៍​អ្វី​បន្តិច​ឡើយ​ពី​ការបន្ត​កាន់អំណាច​ជា​ប្រមុខ​រដ្ឋាភិបាល​នេះ ប៉ុន្តែ​ប្រជាជន​ថៃ​ចង់​ឲ្យ​លោក​ដឹកនាំ​ការកែទម្រង់​នយោបាយ​ទើប​លោក​បន្ត​ក្តាប់​អំណាច​បន្តទៀត។

យ៉ាងណាក៏ដោយ​លោក ប្រា​យុទ្ធ​នៅតែ​អះអាង​ម្តង​ជា​ពីរដង​ថា លោក​មិន​កាន់តំណែង​ដើម្បី​តែ​អំណាច​ប៉ុណ្ណោះ​ទេ តែ​លោក​កាន់តំណែង​ប្រកបដោយ​ភាពស្របច្បាប់ ដើម្បី​ធ្វើ​ឲ្យ​សង្គម​ថៃ​ល្អប្រសើរ។ សម្រាប់​លោក ប្រា​យុទ្ធ រាល់​ការកែទម្រង់​និង​គោលនយោបាយ​របស់​រដ្ឋ​តែងមាន​អ្នកគាំទ្រ និង​អ្នកប្រឆាំង​វា​ជា​រឿង​ធម្មតា។

បើតាម​សម្តី​របស់​ឧ​ត្ត​ម​សេនីយ៍​យោធា​នេះ កំណែទម្រង់​របស់​រដ្ឋា​ភិ​បាល​លោក ផ្តោត​សំខាន់​លើ​សណ្តាប់ធ្នាប់​សង្គម ផ្សះផ្សា​ជាតិ និង​វិស័យ​កសិកម្ម​របស់​ថៃ។ លោក​ប្រា​យុទ្ធ​ទំនងជា​ត្រូវការ​ពេលវេលា​ប្រហែល ២ឆ្នាំ​ទៀត​ដើម្បី​សម្រេច​ជោគជ័យ​ក្នុងការ​កំណែទម្រង់​ស៊ីជម្រៅ​នេះ។ អ្វីដែល​គួរ​ឲ្យ​ភ្ងា​ក់​ផ្អើល​លោក ប្រា​យុទ្ធ​បានលើកឡើង​យ៉ាងច្បាស់​ថា លោក​ដឹង​មុន​ហើយ​ថា​ការបន្ត​កាន់អំណាច​របស់លោក​ពីរ​ឆ្នាំ​ទៅមុខ​នឹងធ្វើ​ឲ្យ​ប្រជាជន​មួយចំនួន​ខឹងសម្បារ​ជេរ​ដាក់​បណ្តាសា​រលោក ប៉ុន្តែ​លោក​ជឿថា គេ​ជេរ​លោក​កាន់តែខ្លាំង លោក​នឹង​កាន់តែ​រឹងមាំ​បន្ត​ដឹកនាំ​និង​កែទម្រង់​ប្រទេស​ឲ្យ​ជោគជ័យ។ ឧ​ត្ត​ម​សេនីយ៍​យោធា​ខាងលើ បាន​ប្រាប់​អ្នកសារព័ត៌មាន​ផង​ថា នៅពេល​កំណែទម្រង់​ជោគជ័យ ប្រជាជន​ថៃ​នឹង​យល់ច្បាស់​ពី​លោក​មិន​ខាន។

គួរ​បញ្ជាក់ថា ពាក្យ​កំណែទម្រង់​ជាតិ​ស៊ីជម្រៅ បានក្លាយ​ជា​លែស​មួយ​សម្រាប់​មេដឹកនាំ​យោធា ប្រើប្រាស់​ដើម្បី​ការពារ​ការបន្ត​កាន់់អំណាច​ប្រកបដោយ​ភាពស្របច្បាប់ ប៉ុន្តែ​បើ​មើល​ពី​ប្រសិទ្ធភាព​នៃ​ការ​កំណែទម្រង់​ហាក់ដូចជា​គ្មានអ្វី​ជា​ដុំកំភួន​នោះឡើយ ។ 



© រក្សាសិទ្ធិដោយ thmeythmey.com