អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ហុង​គ្រី​រដ្ឋ​អឺរ៉ុប​ដំបូង​បំផុត​ចូលរួម​គម្រោង«ខ្សែក្រវ៉ាត់​មួយ​វិថី​មួយ»របស់​ចិន
08, Jun 2015 , 8:19 pm        
រូបភាព
ដោយ: ថ្មីៗ

ប្រទេស​ហុង​គ្រី​បាន​ក្លាយជា​រដ្ឋ​អឺរ៉ុប​ដំបូង​គេ​បំផុត​ដែល​ចុះ​អនុស្សារណ​យោគយល់​គ្នា​ជាមួយ​ក្រុង​ប៉េកាំង​ដើម្បី​ចូលរួម​ក្នុង​គម្រោង«វិថី​សូត្រ»របស់​ចិន។ ការ​ក្លាយជា​សមាជិក​នៃ​គម្រោង​សេដ្ឋកិច្ច​ជាស​ញ្ញា​វិជ្ជមាន​មួយ​សម្រាប់​ការ​រឹតបន្តឹង​ចំណង​សេដ្ឋកិច្ច ពាណិជ្ជកម្ម​រវាង​មហា​យក្ស​ចិន និង​បណ្តា​រដ្ឋ​នៅអឺរ៉ុប។



រដ្ឋមន្ត្រីការបរទេស​ចិន​លោក Wang Yi និង រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី Peter Szijjarto បានសម្រេច​ឯកភាពគ្នា​ចុះហត្ថលេខា​លើ​អនុស្សារណៈ​យោគយល់​គ្នា ដោយ​ត្រួសត្រាយ​ផ្លូវ​ដល់​ក្រុង​Budapest ក្លាយជា​សមាជិក​មួយ​នៃ​គម្រោង​ «ខ្សែក្រវ៉ាត់​មួយ​វិថី​មួយ»របស់​ចិន​ដែល​បាន​បង្កើត​កាលពីថ្មីៗកន្លងមក។ ការចុះហត្ថលេខា​នេះ​រៀបចំឡើង​នៅក្នុង​ប្រទេស​ហុង​គ្រី នៅពេលដែល​ប្រមុខ​ការបរទេស​ចិន ធ្វើ​ទស្សនកិច្ច​នៅក្នុង​ប្រទេស​ហុង​គ្រី។ ហុង​គ្រី​បាន​ក្លាយជា​រដ្ឋ​អឺរ៉ុប​ដំបូង​បំផុត​មួយ​ដែល​សម្រេច​ចូលរួម​ក្នុង​គម្រោង​របស់​ក្រុង​ប៉េកាំង​នេះ ហើយ​ការចូលរួម​របស់​ហុង​គ្រី​នេះដែរ ជា​សញ្ញា​មួយ​បញ្ជាក់ថា​ចំណង​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​រវាង​ចិន និង​អឺរ៉ុបនឹង​កាន់តែ​ប្រសើរឡើង។

ក្នុង​ពិធី​ចុះហត្ថលេខា​នេះ រដ្ឋមន្ត្រីការបរទេស​ចិន​បាន​ថ្លែងថា របប​ដឹកនាំ​ក្រុង​ប៉េកាំង​ស្វាគមន៍​រាល់​សមាជិក​ថ្មី​ផ្សេងទៀត​ជាពិសេស​ប្រទេស​តំបន់​អឺរ៉ុប​ដែល​ចង់​ចូលរួម​ក្នុង​គម្រោង​លើកកម្ពស់​ចំណង​សេដ្ឋកិច្ច​ដែល​បង្កើតឡើង​ដោយ​ចិន។ ក្រោយ​ចុះហត្ថលេខា ភាគី​ហុង​គ្រី​បានបង្ហាញ​ក្តី​រំពឹងថា ខ្សែក្រវ៉ាត់​មួយ វិថី​មួយ​របស់​ចិន​នឹង​នាំ​មកដល់​ប្រយោជន៍​យ៉ាងច្រើន​សម្រាប់​ប្រទេស​ហុង​គ្រី​ផ្ទាល់ ហើយ​អ្វីដែល​សំខាន់​ហុង​គ្រី​ក៏​សង្ឃឹមថានឹង​អា​ចព​ន្លឿ​ន​ការសាងសង់​ផ្លូវ​រថភ្លើង​ភ្ជាប់​ពី​ហុង​គ្រី ទៅកាន់ប្រទេស​ស៊ែ​ប៊ី​។ កន្លងមក​រដ្ឋាភិបាល​ចិន​បាន​បន្ត​ជួយ​ផ្គត់ផ្គង់​បណ្តា​ប្រទេស​នៅក្នុង​តំបន់​អឺរ៉ុប ជាពិសេស​ផ្តល់​លុយ​ផ្តល់​កាក់​និង​សាងសង់​ផ្លូវ​រថភ្លើង​ភ្ជាប់​ហុង​គ្រី​ជាមួយ​ស៊ែ​ប៊ី​ផងដែរ។

គំនិតផ្តួចផ្តើម« ខ្សែក្រវ៉ាត់​មួយ វិថី​មួយ​» របស់​ក្រុង​ប៉េកាំង ជា​គម្រោង​ពិសេស​មួយ​ដែល​បង្កើតឡើង​ក្នុង​គោលបំណង​បង្កើន​ការផ្សាភ្ជាប់​រវាង​រដ្ឋ​នានា​ទូទាំងពិភពលោកជាមួយ​ចិន ជាពិសេស​លើកកម្ពស់​ការសហប្រតិបត្តិការ​គ្នា​លើ ផ្នែក​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​ផងដែរ។  រដ្ឋាភិបាល​ចិន​មាន​គម្រោង​ប្រើ​លុយរាប់​ពាន់​លាន​ដុល្លារ​ដើម្បី​គាំទ្រ​គម្រោង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ជាពិសេស​ផ្លូវ​រថភ្លើង ផ្លូវ Highways  បំពង់​បង្ហូរ​ប្រេង​និង​ឧស្ម័ន​តាម​សមុទ្រ និង​សំណង់​ជាច្រើន​ផ្សេងទៀត​ឆ្លងកាត់​អាស៊ី​កណ្តាល អាស៊ី​ខាងត្បូង អាស៊ី​ខាងលិច អាស៊ី​ខាងត្បូង និង តំបន់​អឺរ៉ុប​ផងដែរ៕



© រក្សាសិទ្ធិដោយ thmeythmey.com