អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
រុស្ស៊ី​ត្រៀមខ្លួន​ដឹកនាំ​កិច្ចប្រជុំ​BRICS និង​អង្គការ​សហប្រតិបត្តិកា​រ​សៀង​ហៃ
09, Jun 2015 , 4:10 pm        
រូបភាព

ខែ​ក្រោយនេះ​រុស្ស៊ី​នឹង​ដឹកនាំ​កិច្ចប្រជុំ​ក្រុម​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ជាន់​ថ្មី BRICS ដោយ​គេ​រំពឹងថា កិច្ចប្រជុំ​ខាងមុខ​នឹង​បើក​ធនាគារ​អភិវឌ្ឍន៍​ថ្មី BRICS ជា​ផ្លូវការ​និង ដាក់ចេញ​ផែនការ​សកម្មភាព​ផ្សេងទៀត​ដើម្បី​ឲ្យ​សមាជិក​អនុវត្ត។ ធនាគារ​BRICS នេះ មាន​គោលដៅ​ប្រជែង​ស្ថាប័នហិរញ្ញវត្ថុ​លោកខាងលិច ហើយ​ត្រូវបាន​បង្កើតឡើង​ដោយ​កិច្ចព្រមព្រៀង​ដែល​មេដឹកនាំ​ទាំង៥ចុះហត្ថលេខា​កាលពី​ឆ្នាំំ​មុន​ក្នុង​កិច្ចប្រជុំ​នៅ​ប្រេ​ស៊ី​ល។ កិច្ចប្រជុំ​BRICS នៅ​រុស្ស៊ី​នេះ នឹង​ប្រារព្ធ​ឡើង​ស្រប​ពេលដែល​រុស្ស៊ី​ត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​អង្គការ​សហប្រតិបត្តិកា​រ​សៀង​ហៃ ដែល​អង្គការ​នេះ​ផ្តោត​សំខាន់​លើ​បញ្ហា​សន្តិសុខ​តំបន់​ផង។ ជុំវិញ​កិច្ចប្រជុំ​សហប្រតិបត្តិការ​សៀង​ហៃ ឥណ្ឌា ប៉ា​គី​ស្ថាន អ៊ីរ៉ង់ ម៉ុង​ហ្កោ​ល​ជាដើម អាច​នឹង​ក្លាយជា​សមាជិក​ផ្លូវការ​ដោយមាន​ការសម្រេច​ជារួម​ក្នុង​កិច្ចប្រជុំ​នេះដែរ។ ការ​កើន​ចំនួន​សមាជិក ការ​រឹតបន្តឹង​ចំណងមិត្តភាព សហប្រតិបត្តិការ​សេដ្ឋកិច្ច​និង​សន្តិសុខ​រវាង​ប្រទេស​ទាំង​ខាងលើ បង្ហាញថា វេទិកា​ដែល​គ្មាន​លោកខាងលិច​ក្រោម​ឥទ្ធិពល​ចិន​និង​រុស្ស៊ី កំពុងតែ​រីក​ធំធាត់ និង​កើន​ឥទ្ធិពល​កាន់តែខ្លាំង។


សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ ផល​និស្ស័យ៖



រុស្ស៊ី​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​បណ្តា​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ថ្មី BRICS ដែល​នឹងត្រូវ​រៀបចំឡើង​នៅ​ដើមខែ​កក្កដា​ខាងមុខនេះ។ គេ​រំពឹងថា ប្រមុខរដ្ឋ និង​ប្រមុខ​រដ្ឋាភិបាល​ជាច្រើន​នឹងមាន​វត្តមាន​ក្នុង​តំបន់ Ufa ប្រទេស​រុស្ស៊ី ត្បិត​ឆ្នាំនេះ​រុស្ស៊ី​ក៏​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​អង្គការ​សន្តិសុខ​តំបន់ សហប្រតិបត្តិការ​សៀង​ហៃ ផងដែរ។ កិច្ចប្រជុំ​សំខាន់​ពីរ​ស្របគ្នា​នេះ នឹង​ក្លាយជា​វេទិកា​សំខាន់បំផុត​សម្រាប់​រុស្ស៊ី ក៏ដូចជា​ចិន​ដើម្បី​ក្នុងការ​ស្វែងរក​ការគាំទ្រ​ពីរ​ដ្ឋ​ជា​មិត្ត​ផ្សេងទៀត​និង​ពង្រឹង​ឥទ្ធិពល​របស់ខ្លួន​ក្នុងនាម​ជា​មហាអំណាច ដើម្បី​ប្រកួតប្រជែង​ជាមួយ​លោកខាងលិច។ កិច្ចប្រជុំ BRICS នឹង​សម្រេច​បើ​ធនាគារ BRICS ជា​ផ្លូវការ ខណៈពេលដែល​កិច្ចប្រជុំ​សហប្រតិបត្តិការ​សៀង​ហៃ នឹង​កំណត់​សម្រេច​ទទួល​សមាជិក​ថ្មី​បន្ថែមទៀត​ដើម្បី​ពង្រីក​តួនាទី​រក្សា​សន្តិសុខ​តំបន់។

១. មេដឹកនាំ​BRICS នឹង​រក​យន្ត​ការធ្វើ​ឲ្យ​ស្ថាប័ន​ខ្លួន​កាន់​តែមាន​ឥទ្ធិពល
អ្នកណា​ក៏​ដឹង​ដែរ​ថា គោលដៅ​នៃ​ការបង្កើត​ធនាគារ​អភិវឌ្ឍន៍ BRICS គឺ​ដើម្បី​ប្រកួតប្រជែង​ស្ថាប័នហិរញ្ញវត្ថុ​លោកខាងលិច​ដែល​ភាគី​ទាំង​ប្រាំ​ឯកភាពគ្នា​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​កាលពី​ឆ្នាំមុន​ក្នុង​កិច្ចប្រជុំ​ក្នុងប្រទេស​ប្រេ​ស៊ី​ល។ វេទិកា​ប្រជុំ​លើក​ទី៧ក្នុង​ទីក្រុង Ufa ខាងមុខនេះ​នឹង​ក្លាយជា​ពេលដែល​ប្រមុខរដ្ឋ​ចិន រុស្ស៊ី អាហ្វ្រិក​ខាងត្បូង ឥណ្ឌា និង​ប្រេ​ស៊ី​ល បើក​ធនាគារ​អភិវឌ្ឍន៍​ថ្មី​របស់ខ្លួន​ជា​ផ្លូវការ​ដោយ​ចាប់ផ្តើម​ដំណើរការ​ដំបូង​ធនាគារ​មាន​ទុន ១០០ពាន់​លាន​ដុល្លារ និង​កំណត់​ទុនបម្រុង១០០ពាន់​លាន​ដុល្លារ​ទៀត។ មេដឹកនាំ​ទាំងអស់​នឹង​ប្រើប្រាស់​វេទិកា​ដើម្បី​ស្វែងរក​យន្តការ ផែនការ​សកម្មភាព និង វិធានការ​នានា​ដែលមាន​ប្រសិទ្ធ​ដើម្បី​ធានា​ការរីកលូតលាស់​នៃ​ស្ថាប័ន​របស់ខ្លួន។ ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​សង្កត់ធ្ងន់ថា  ស្ថាប័ន BRICS នេះ​ក្លាយជា​តួអង្គ​មួយ​ដែលមាន​ឥទ្ធិពល​ក្នុង​នយោបាយ​អន្តរជាតិ ហើយ​លោក​រំពឹង​យ៉ាង​មុតមាំ​ថា ប្រទេស​សមាជិក​ទាំង​ប្រាំ​នឹង​ប្រឹងប្រែង​ឲ្យ​អស់​លទ្ធភាព​ដើម្បី​ពង្រឹង​និង​ពង្រីក​សហប្រតិបត្តិការ​រវាង​សមាជិក​ទាំង​និង​ដៃគូ​ខាងក្រៅ។ បើតាម​ការ​ឲ្យ​ដឹង​ពី​ក្រុង​ម៉ូស្គូ កិច្ចប្រជុំ​ខាងមុខនេះ​ក៏​នឹង​ក្លាយជា​វេទិកា​ពិភាក្សា​សំខាន់​របស់​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ថ្មី​លើ​ប្រធានបទសំខាន់ៗមួយចំនួនទៀត​ដូច​ការទាមទារ​ឲ្យ​មានការ​កែទម្រង់​ស្ថាប័ន​មូលនិធិ​រូបី​យ​វត្ថុ​អន្តរជាតិ​ដើម្បី​ផ្តល់​អំណាច​ក្នុងការ​សម្រេចចិត្ត សម្រាប់​រដ្ឋ​ក្រីក្រ​ផង។  សូម​រលឹក​បន្តិច​ថា ស្ថាប័ន BRICS  ត្រូវបាន​បង្កើត​ឡើងជា​ផ្លូវការ​នៅក្នុង​ឆ្នាំ ២០០៦ ដោយ​ស្ថិតក្រោម​គំនិត​ផ្តួចផ្តើម​របស់​រដ្ឋាភិបាល​រុស្ស៊ី​ផង។

២. សមាជិក BRICS នៅតែ​មិនទាន់​រក​ចំណុចរួម​គ្នា​ឃើញ
សមាជិក BRICS បើទោះជា​មហាអំណាច​សេដ្ឋកិច្ច​ថ្មី​ដូចគ្នា​ក៏ពិតមែន តែ​ពួកគេ​នៅ​មិនទាន់មាន​ជំហរ​រួមគ្នា​ប៉ុន្មាន​ទេ។ រដ្ឋ​ទាំង៥ មាន​ជំហរផ្សេងៗគ្នា​ហើយ​មានតែ​សមាជិក​ចម្បង​ដូចជា ចិន និង​រុស្ស៊ី​ប៉ុណ្ណោះ​ដែល​ខ្នះខ្នែង​ខ្លាំងជាងគេ​ក្នុង​ដឹកនាំ​ក្រុម​ប្រទេស​ទាំង៥នេះ​ដើម្បី​ប្រឆាំង​លោកខាងលិច។ ក្រៅពី​ធ្វើការ​រួមគ្នា ចិន និង​រុស្ស៊ី ក៏​សុទ្ធ​តែមាន​គម្រោង​សេដ្ឋកិច្ច​ផ្សេងរៀងៗខ្លួន ដើម្បី​ពង្រីក​ឥទ្ធិពល​របស់ខ្លួន​ផង។ ចិន​កន្លងមក​ផ្តើមគំនិត​បង្កើត ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី និង ក​ម្រោ​ង​លើកកម្ពស់​ការផ្សាភ្ជាប់ ខ្សែក្រវ៉ាត់​មួយ​វិថី​មួយ ដើម្បី​ទាក់ទាញ​រដ្ឋ​នានា​ជា​មិត្ត​ឲ្យ​ចូលរួម​ជាមួយ​ខ្លួន​ពី​អាស៊ី​ដល់​អាហ្វ្រិក និង​បន្ត​ទៅដល់​អឺរ៉ុប​ទៀត។ ចំណែក​រុស្ស៊ី​ឯណោះ​វិញ​ក៏មាន​ផែនការ​ពង្រីក​ឥទ្ធិ​ល​របស់ខ្លួន​ដែរ​ដោយ​បង្កើត​សហភាព​សេដ្ឋកិច្ច​អឺ​រ៉ាស៊ី​ដែល​គោលបំណង​សំខាន់​គឺ​ទាញ​រាល់​អតីត​រដ្ឋ​សហភាពសូវៀត​ឲ្យ​ចូលរួម​ជាមួយ​ខ្លួន​វិញ។ ចំណែក​ប្រទេស​ឥណ្ឌា ប្រកាន់​គោលការណ៍​មិន​ចូលបក្ស​សម្ព័ន្ធ​ដោយ​មិន​ប្រឆាំង​អ្នកណា​ឡើយ។ ម្យ៉ាង​តាំងពី​លោក នា​រិ​ន្ទ្រា ម៉ូ​ឌី​ឡើងកាន់តំណែង រដ្ឋាភិបាល​ឥណ្ឌា​មាន​ជំហរ​ចង់​សហការ​ជាមួយ​រាល់​ភាគី​ទាំងអស់។ ដោយឡែក​ប្រទេស២ទៀត មានការ​យល់ឃើញ​ផ្ទុយស្រឡះ​ពី​ចិន​និង​រុស្ស៊ី។ អាហ្វ្រិក​ខាងត្បូង​និង​ប្រេ​ស៊ី​ល​ចង់​សហការ​ជាមួយ​ស្ថាប័នហិរញ្ញវត្ថុ​របស់លោក​ខាងលិច ជាជាង​ប្រឆាំង​និង​ប្រជែង។ ទាំងអស់នេះ​បញ្ជាក់ថា ក្រុម​ប្រទេស​ទាំង៥មានឈ្មោះ​ជា​មហាអំណាច​សេដ្ឋកិច្ច​ជាន់​ថ្មី​ដូចគ្នា​មែន តែ​គោលដៅ​នៅតែខុសៗគ្នា។  

៣. អង្គការ​សហប្រតិបត្តិ​ការ​សៀ​ហៃ​ពង្រីក​តួនាទី​សន្តិសុខ​មហាអំណាច​តំបន់
នា​ខែក្រោយ​ដែរ ប្រមុខរដ្ឋ និង​ប្រមុខ​រដ្ឋាភិបាល​ប្រទេស​សមាជិក​អង្គការ​សហប្រតិបត្តិកា​រ​សៀង​ហៃ ប្រទេស​ដៃគូ និង​ប្រទេស​ជា​អ្នក​អង្កេត​ការណ៍​ក៏​នឹងចូលរួម​កិច្ចប្រជុំ​ក្នុង​ទីក្រុង​Ufa ដែរ។ អង្គការ​សហប្រតិបត្តិ​ការ​សៀង​ហៃ តាមពិតទៅ​មាន​គោលដៅ​លើ​វិស័យ​នយោបាយ និង​សន្តិសុខ​ច្រើនជាង​ផ្តោតលើ​បញ្ហា​សេដ្ឋកិច្ច។ គោលបំណង​របស់​សមា​ជិ​ក​អង្គការ​នេះ ចង់​ប្រែក្លាយ​អង្គការ​សហប្រតិបត្តិកា​រ​ថ្នាក់​តំបន់​ឲ្យ​មាន​ឥទ្ធិពល​ខ្លាំង​ដូច​បក្សសម្ព័ន្ធ​ណា​តូ​ដែរ ប៉ុន្តែ​តាំងពី​បង្កើតឡើង​នា​ឆ្នាំ ២០០១ អង្គការ​នេះ​មិន​បើក​ទទួលយក​សមាជិក​ថ្មី​ឡើយ។ យ៉ាងណាក៏ដោយ ដោយសារ​បញ្ហា​សន្តិសុខ​ចេះតែ​កើន បរិបទ​ពិភពលោក​ផ្លាស់ប្តូរ ហើយ​មាន​ប្រទេស​ជាច្រើន​បានដាក់​ពាក្យស្នើសុំ​ជា​សមាជិក​ថ្មី​នៃ​អង្គការ​តំបន់​នេះ​ផង។ សមាជិក​នៃ​អង្គការ​សហប្រតិបត្តិកា​រ​សៀង​ហៃ​នេះ​មាន​បច្ចុប្បន្ន ៦ ក្នុងនោះ​មាន​ចិន រុស្ស៊ី កា​ហ្សា​ក់​ស្ថាន តាជី​គី​ស្ថាន គៀ​ជី​ស្ថាន និង​អ៊ុ​បេ​គី​ស្ថាន។ បច្ចុប្បន្ន ស្ថាប័ន​នេះ​មាន​រដ្ឋ ៥ ជា​អ្នក​អង្កេត​ការណ៍ ហើយ​គេ​រំពឹងថា​បេក្ខភាព​ប្រទេស​ទាំងនោះ​នឹងត្រូវ​សម្រេច​ជា​ផ្លូវការ​ក្នុង​កិច្ចប្រជុំ​កំពូល​នាពេលខាងមុខ​នៅ​រុស្ស៊ី។ ប្រទេស​អង្កេត​ការណ៍​ទាំង ៥ មានដូចជា ម៉ុង​ហ្កោ​ល ឥណ្ឌា ប៉ា​គី​ស្ថាន អ៊ីរ៉ង់ និង​អា​ហ្វ​ហ្កី​ស្ថាន។ ប៉ុន្តែ​តាម​ការមើលឃើញ​ជាក់ស្តែង​បេក្ខភាព​ប្រទេស​មួយចំនួន នៅតែ​ជា​រឿងចម្រូងចម្រាស់​ដែល​ពិបាក​ឲ្យ​ស្ថាប័ន​នេះ​ទទួលយក។ ជា​ឧទាហរណ៍​អ៊ីរ៉ង់ ព្រោះតែ​ប្រទេស​នេះ​នៅជាប់​បញ្ហា​កម្មវិធី​នុយក្លេអ៊ែរ។  ចំណែក​ម៉ុង​ហ្កោ​ល​ឯណោះ​វិញ បើទោះជា​បានដាក់​ពាក្យ​ក្លាយជា​រដ្ឋ​អង្កេត​ការណ៍​ក៏ដោយ ក៏​ប្រទេស​នេះ​នៅ​ស្ទាក់ស្ទើ ក្រែង​ថា​ការ​ក្លាយជា​សមាជិក​ពេញសិទ្ធិ​នឹងធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រយោជន៍​ខ្លួន​ជាមួយ​ប្រទេស​លោកខាងលិច៕



© រក្សាសិទ្ធិដោយ thmeythmey.com