អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អាមេរិក​រង​ការប្តឹង​ពីបទ​សម្លាប់​ជន​ស៊ីវិល​ដោយ​ប្រើ​យន្តហោះ​គ្មាន​មនុស្ស​បើក​ទម្លាក់​គ្រាប់
09, Jun 2015 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ

ក្រុមគ្រួសារ​ជនរងគ្រោះ​ដែល​ស្លាប់​សារ​គ្រាប់បែក​សហរដ្ឋអាមេរិក​កាលពី​ឆ្នាំ ២០១២ បានសម្រេច​ដាក់ពាក្យ​បណ្តឹង​ជា​ផ្លូវការ​ប្រឆាំង​ក្រុង​វ៉ាស៊ីនតោន។ សហរដ្ឋអាមេរិក​រង​ការ​ថ្កោលទោស​ដោយសារ​ប្រើប្រាស់​យន្តហោះ​គ្មាន​អ្នកបើក​ដើម្បី​ទម្លាក់​គ្រាប់បែក​ប្រឆាំង​ក្រុម​ភេរវជន​នៅ​យេ​ម៉ែន ព្រោះ​យន្តហោះ​ទម្លាក់​គ្រាប់​ចំ​ជន​ស៊ីវិល ជាពិសេស​ក្មេងតូចៗតែម្តង។



សហរដ្ឋអាមេរិក​រង​ពាក្យបណ្តឹង​របស់​ប្រជាជន​យេ​ម៉ែន ដោយសារ​ប្រើប្រាស់​យន្តហោះ​ទម្លាក់​គ្រាប់​គ្មាន​មនុស្ស​បើក​សម្លាប់​ជន​ស៊ីវិល។ អ្នកដាក់ពាក្យ​បណ្តឹង​ប្រឆាំង​សហរដ្ឋអាមេរិក គឺ​ក្រុមគ្រួសារ​ជនរងគ្រោះ​បុរស​ជនជាតិ​យេ​ម៉ែន២នាក់​ដែល​បាន​ស្លាប់បាត់​បង់ជីវិត​ដោយសារ​គ្រាប់បែក​ទម្លាក់​ពីលើ​យន្តហោះ​គ្មាន​អ្នកបើក​កាលពី​ឆ្នាំ ២០១២កន្លងទៅ។  

បើតាម​ក្រុមគ្រួសារ​ជនរងគ្រោះ ពួកគេ​បាន​បញ្ជូន​ពាក្យបណ្តឹង​ទៅកាន់​តុលាការ​សហព័ន្ធ​អាមេរិក​ហើយ ដោយ​គេ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ទទួលស្គាល់ថា ការប្រើប្រាស់​យន្តហោះ​ទម្លាក់​គ្រាប់បែក​កន្លងមក​មិន​ស្របច្បាប់​ឡើយ។ ជនរងគ្រោះ​ទាំងពីរ​មាន​ឈ្មោះថា Salem bin Ali Jaberនិង​Waleed bin Ali Jaber ហើយ​ពួកគេ​បាន​ស្លាប់បាត់​បង់ជីវិត​ដោយសារ​យន្តហោះ​អាមេរិក ដែល​ទម្លាក់​គ្រាប់បែក​ប្រឆាំង​ក្រុម​ភេរវជន​នៅ​យេ​ម៉ែន។ តាំងពី​ពេលដែល​ពួកគេ​ស្លាប់ រហូតដល់​ពេលបច្ចុប្បន្ន​នេះ ក្រុមគ្រួសារ​មិនទាន់​ទទួល​បានការ​សូមទោស​ពី​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ឡើយ។

ក្រុមគ្រួសារ​អ្នកស្លាប់ មិន​ចង់បាន​សំណង​ជំ​ងឹ​ចិត្ត​ឡើយ។ ពួកគេ​បាន​ព្យាយាម​ដាក់​បណ្តឹង ដោយ​ក្នុង​ពាក្យបណ្តឹង​នោះបាន​កំណត់​ទាមទារ​ឲ្យ​រដ្ឋាភិបាល​លោក បា​រ៉ា​ក់ អូ​បា​ម៉ា សូម​អភ័យទោស​ប្រជាជន​យេ​ម៉ែន​ដែល​រងគ្រោះ​ដោយសារ​គ្រាប់បែក​នេះដែរ។  អ្វីដែល​សំខាន់ ពួកគេ​បាន​លើកយក​បញ្ហា​ដែល​កើតឡើង​កន្លងមក ដែល​រដ្ឋបាល​លោក អូ​បា​ម៉ា សុខចិត្ត​ចេញមុខ​សូម​អភ័យទោស​ជា​ផ្លូវការ​ចំពោះ​ការទម្លាក់​គ្រាប់បែក​ច្រឡំ​ដោយ​សម្លាប់​ចំណាប់ខ្មាំង​ជា​ប្រជាជន​អាមេរិក​ម្នាក់​និង​ជនជាតិ​អ៊ីតាលី​ម្នាក់​ដែរ។ ពួកគេ​ចង់​ឲ្យ​អាមេរិក​ធ្វើ​ចំពោះ​ប្រជាជន​យេ​ម៉ែន​ដូច​អ្វីដែល​អាមេរិក​ធ្វើ​ចំពោះ​ប្រជាជន​ខ្លួន​ដែរ ដោយ​គ្មាន​ការរើសអើង​ដូច​ប​ច្ចុ​បុ្ប​ន្ន​ឡើយ។

ចាប់តាំងពី​ព្រឹត្តិការណ៍​វាយប្រហារ​អាគារ​ពាណិជ្ជ​កម្ម​ពិភពលោក​ឆ្នាំ ២០០១ សហរដ្ឋអាមេរិក​បាន​បន្ត​ប្រើប្រាស់​វិធានការ​ព្រៃផ្សៃ​ដោយ​តាម​ប្រមាញ់​ក្រុម​ភេរវជន​ដោយ​ប្រើប្រាស់​សង្គ្រាម​ផង និង​ប្រើប្រាស់​យន្តហោះ​ទម្លាក់​គ្រាប់បែក​គ្មាន​អ្នកបើក​ដូច្នេះ​ផង។ ប្រទេស​ប៉ា​គី​ស្ថាន និង​យេ​ម៉ែន​ជាដើម​នោះ​សុទ្ធតែជា​គោលដៅ​សំខាន់​របស់​ក្រុង​វ៉ាស៊ីនតោន។ ក្រោយ​ឡើងកាន់តំណែង​ជា​ប្រធានាធិបតី លោក បា​រ៉ា​ក់ អូ​បា​ម៉ា ក៏បាន​បន្ត​ប្រើប្រាស់​មរតក​សង្គ្រាម​ផ្លូវអាកាស​បន្សល់ទុក​ដោយ​រដ្ឋបាល​ប៊ូ​ស​ដើម្បី​ប្រឆាំង​ក្រុម​ភេរវជន​ដែរ។ ប៉ុន្តែ​ទោះជា​យ៉ាង​ក៏ដោយ ការប្រើប្រាស់​យន្តហោះ​ទម្លាក់​គ្រាប់​របស់​សហរដ្ឋអាមេរិក បានក្លាយ​វិធានការ​ព្រៃផ្សៃ​អមនុស្សធម៌ ដែល​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវិត​ប្រជាជន​ស្លូតត្រង់​រាប់ពាន់នាក់​ដែល​គ្នា​មិនដឹង​អ្វី​សោះ​នោះ៕


© រក្សាសិទ្ធិដោយ thmeythmey.com