សុខភាព
អន្តរជាតិ
ថ្នាំ​ជំរុញ​ចំណង់​ផ្លូវ​ភេទស្ត្រី​អាច​នឹងដាក់​លក់​នៅ​សហរដ្ឋអាមេរិក
09, Jun 2015 , 7:39 pm        
រូបភាព
ដោយ: ធីតា
 ១៧ ឆ្នាំ​បន្ទាប់ពី​វត្តមាន​ឱសថ Viagraសម្រាប់​បុរស​ដែលមាន​បញ្ហា​ផ្លូវភេទ​ឱសថ​ជំរុញ​ផ្លូវភេទ​ស្ត្រី​ដំបូង​បំផុត​អាច​នឹង​ចូលខ្លួន​ក្នុង​ទីផ្សារ​អាមេរិក​ក្នុងពេលឆាប់ៗខាងមុខនេះ​បន្ទាប់ពី​ការបើក​ភ្លើង​ខៀវ​នា​ដំណាក់កាល​ដំបូង​របស់​ទីភ្នាក់ងារ​ឱសថ​អាមេរិក។



ឱសថ​នេះ​ត្រូវបាន​មន្ទីរពិសោធន៍​Sprout Pharmaceuticalsស្នើសុំ​ការអនុញ្ញាត​ឲ្យ​ចរាចរណ៍​ពីរដង​រួចមកហើយ កាលពី​ឆ្នាំ ២០១០ និង ២០១៣ ប៉ុន្តែ​មិនបាន​សម្រេច។ ដោយហេតុថា ក្រុម​អ្នកជំនាញ​បាន​វិនិច្ឆ័យ​ថា ផលប៉ះពាល់​របស់​វា​មាន​ច្រើនជាង​អត្ថប្រយោជន៍។ការប្រើប្រាស់​ឱសថ​ប្រភេទ Flibanserinនេះ​អាច​បង្ក​ផលវិបាក​ដូចជា​សម្ពាធ​ឈាម​ធ្លាក់ចុះ​សន្លប់​ក្អួតចង្អោរ និង​ងងុយគេង។

សម្រាប់​ការស្នើសុំ​លើក​នេះ មន្ទីរពិសោធន៍​បានបង្ហាញ​ទិន្នន័យ​នៃ​ការសិក្សា​ថ្មី​របស់ខ្លួន។ ស្ត្រី​ដែល​ចូលរួម​ក្នុងការ​ធ្វើតេស្ត​ឱសថ​នេះ​បាន​បញ្ជាក់ថា សម្រាប់​បទពិសោធន៍​នៃ​ការ​រួមភេទ​របស់ខ្លួន​ក្នុង​រយៈពេល​មួយខែ មាន ៤,៤ ដង​ដែល​គួរ​ឲ្យ​ពេញចិត្ត ហើយ​មុនពេល​ប្រើប្រាស់​ឱសថ​គឺមាន​តែ ២,៧ ប៉ុណ្ណោះ។ពួកនាង​បាន​អះអាងថា មាន​ចំណង់​ផ្លូវភេទ​កើនឡើង​ជាង​មុន។ គួរ​បញ្ជាក់ថា ឱសថ​នេះ​ផ្តោតទៅលើ​ស្ត្រី​ដែល​មិនមែន​ស្ថិតក្នុង​ដំណាក់កាល​អស់​រដូវ​ទេ​ពោលគឺ​ស្ត្រី​ដែល​ខ្វះ​ចំណង់​ផ្លូវភេទ​ដោយសារ​កត្តាផ្សេង។

ការសិក្សា​ជាច្រើន​បាន​បង្ហាញថា យ៉ាងតិច ៤០%នៃ​ស្ត្រី​ដែល​មិនទាន់​អស់​រដូវ​ជួប​បញ្ហា​ផ្លូវភេទ។ការសម្រេច​ចុងក្រោយ​នៃ​ការផ្តល់​ភ្លើង​ខៀវ​ឲ្យ​ចរាចរណ៍​ឱសថ Viagra នេះ​នឹងត្រូវ​ប្រកាស​មុន​ថ្ងៃទី ១៨ សីហា​ខាងមុខនេះ៕


© រក្សាសិទ្ធិដោយ thmeythmey.com