ជាតិ
សុខភាព
ជំងឺគ្រុនឈាម​អាច​ផ្ទុះ​រាតត្បាត​ម្តងទៀត​នៅ​ចន្លោះ​ឆ្នាំ២០១៥-២០១៧
17, Jun 2015 , 9:59 am        
រូបភាព
រយៈពេល២១សប្តាហ៍​ក្នុង​ឆ្នាំ២០១៥នេះ ជំងឺគ្រុនឈាម​នៅក្នុង​ប្រទេស​កម្ពុជា បាន​កើតឡើង​ចំនួន៩៥៧ករណី​កើនឡើង​ចំនួន៣៧១ករណី បើ​ធៀប​ទៅនឹង​ឆ្នាំ២០១៤ ខណៈដែល​អត្រា​ស្លាប់​នៅ​ឆ្នាំ២០១៥នេះ​មាន១ករណី ថយចុះ២ករណី​បើ​ធៀប​នឹង​ឆ្នាំ២០១៤ ។ តួលេខ​នេះ ត្រូវបាន​បង្ហាញ​នៅក្នុង​របាយការណ៍​ជំងឺគ្រុនឈាម របស់​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់​ប៉ារ៉ាស៊ីត​សាស្ត្រ-បាណក​សាស្ត្រ។



បើទោះបីជា​ជំងឺគ្រុនឈាម​ឆ្នាំនេះ មានការ​កើនឡើង​ជាងឆ្នាំមុនៗ ប៉ុន្តែ​ថយចុះ​ករណី អ្នកស្លាប់​ក្តី មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់​ប៉ារ៉ាស៊ីត​សាស្ត្រ-បាណក​សាស្ត្រ នៅតែ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ប្រុងប្រយ័ត្ន ព្រោះថា​កន្លងមក​ករណី​ជំងឺគ្រុនឈាម​នៅ​កម្ពុជា តែងមាន​ការផ្ទុះ​ជាង​រៀងរាល់៣ទៅ៥ឆ្នាំ​ដូចជា​នៅ​ឆ្នាំ២៩៩៨(ករណី​ឈឺ១៦,២១៦ និង​ស្លាប់៤៧៥) ឆ្នាំ២០០៧(ករណី​ឈឺ៣៩,៤៦០ និង​ស្លាប់៤០៤នាក់) និង​នៅ​ឆ្នាំ២០១២(ករណី​ឈឺ៤០,៩០៩ និង​ស្លាប់១៨៩នាក់) មានន័យថា​ការផ្ទុះ​រាតត្បាត​ម្តងទៀត​អាច​នឹង​កើត​មាននៅ​ចន្លោះ​ឆ្នាំ២៩១៥ និង២០១៧ ។

យោងតាម​របាយការណ៍​ដដែល ៨០ភាគរយ​នៃ​ករណី​ជំងឺគ្រុនឈាម​ទាំងអស់ កើត​មាននៅ​ក្រុងភ្នំពេញ ខេត្តកណ្តាល សៀមរាប កំពង់ធំ ព្រៃវែង បន្ទាយមានជ័យ និង​ខេត្តកំពង់ចាម ហើយ៥៦ភាគរយ​នៃ​ករណី​ជំងឺគ្រុនឈាម ត្រូវបាន​រកឃើញ​នៅលើ​កុមារ​អាយុ​ចន្លោះ​ពី៥ដល់១៤ឆ្នាំ។

សូមបញ្ជាក់ថា ជំងឺគ្រុនឈាម​បង្កដោយ«វី​រ៉ុ​ស​ដាំង» និង​ចំលង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ទៀត​ដោយសារ​មូល​ខ្លា​ញី​ខាំ។ ប្រជាជន​ប្រហែល២,៥០០លាន​នាក់​នៅលើ​ពិភពលោក កំពុង​ប្រឈម​នឹង​ការឆ្លង​វីរុស​គ្រុនឈាម ក្នុងនោះ៧០ភាគរយ​គឺ​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក៕

 


© រក្សាសិទ្ធិដោយ thmeythmey.com