ពីនេះ ពីនោះ
ពេល​អ្នកស្លាប់ តើ​អ្នក​ទៅណា?
19, Jun 2015 , 9:13 am        
រូបភាព
ពេល​អ្នកស្លាប់​តើ​អ្នក​ទៅណា? មានន័យថា ពេល​អ្នកស្លាប់​តើ​អ្នកនឹង​សូន្យឈឹង លែងកើត​ម្តងទៀត​ឬ? ឬក៏​អ្នកស្លាប់​ហើយ អ្នក​កើត​សាជាថ្មី? បើ​អ្នក​កើត​សាជាថ្មី​មែន​នោះ តើ​អ្នក​កើតជា​អ្វី ហើយ​នៅ​កន្លែង​ណា?



នេះ​ជា​សំណួរ​ដែលមាន​ចម្លើយ​តាំងពី​ជាង ២៥០០ ឆ្នាំ​មកហើយ ដែល​បកស្រាយ​ដោយ​ព្រះសមណគោតម បរមគ្រូ​នៃ​យើង។ ប៉ុន្តែ​នៅតែមាន​មនុស្ស​មិនតិច​ទេ ដែល​នៅតែ​មិនទាន់​យល់​ឬក៏​យល់ច្រឡំ​ពី​រឿងនេះ គឺ​ពួកគេ​បានត្រឹមតែ​ឆ្ងល់​ក្នុង​ចិត្ត​ប៉ុណ្ណោះ។

ជា​សច្ចភាព​នៃ​ធម្មជាតិ! ពេល​អ្នកស្លាប់ អ្នក​មិន​កើតជា​រូបអ្នក​សាជាថ្មី​ឡើងវិញ​នោះទេ! តែ​អ្នក​ក៏​មិន​សូន្យឈឹង​ដែរ។ អ្នក​ដែល​យល់ថា ស្លាប់​ហើយ​កើតឡើង​វិញ គឺជា​ការយល់​ខុស ហើយ​អ្នក​ដែល​យល់ថា ស្លាប់​ហើយ​រលត់​សូន្យឈឹង​មិនកើត​ឡើងវិញ ក៏​ជា​ការយល់​ខុល​ដូចគ្នា។ បើ​គិតថា ស្លាប់​ហើយ​កើត​វិញ ក៏​ខុស ស្លាប់​ហើយ​មិនកើត​វិញ ក៏​ខុស ចុះ​ស្លាប់​ហើយ​ទៅណា?

ពេល​អ្នកយក​គ្រាប់ស្វាយ​ទៅ​ដាំ ដោយ​ការ​ស្រោច​ទឹក​ថែទាំ អស់កាល​ជាច្រើន​ឆ្នាំ គ្រាប់ស្វាយ​នោះ នឹង​ក្លាយ​ជាដើម​ស្វាយ​ដ៏​ធំ​មួយ ហើយក៏​បាន​ផលិត​នូវ​ផ្លែ​ជាច្រើន។ ទម្រាំ​តែ​ក្លាយ​ជាដើម​ស្វាយ​ដ៏​ធំ និង​មាន​ផ្លែ​ពាសពេញ​មែក គ្រាប់ស្វាយ​ដែលជា​ពូជ​នោះបាន​រលាយ​ក្នុង​ធរណី​បាត់ទៅហើយ។ តើ​គ្រាប់ស្វាយ​ដែល​កប់​ក្នុង​ដី​នោះ​ទៅណា? បន្ទាប់ពី​រលាយ​ក្នុង​ធរណី​ហើយ ផ្លែស្វាយ​ថ្មី​ដែល​ចេញពី​ដើម គឺជា​គ្រាប់ស្វាយ​ដែល​កប់​ក្នុង​ធរណី​នោះ​មែន​ទេ?

ការពិត! ផ្លែស្វាយ​ថ្មី​ដែល​ចេញពី​ដើម​នោះ មិនមែនជា​គ្រប់​ស្វាយ​ដែល​កប់​ក្នុង​ដី​នោះទេ តែ​ផ្លែស្វាយ​ថ្វី​នោះ ក៏​មិនមែន​ដុះ​ចេញពី​គ្រាប់ស្វាយ​ដទៃ ក្រៅពី​គ្រាប់ស្វាយ​ដែល​កប់​ក្នុង​ដី​នោះដែរ។ ផ្លែស្វាយ​ថ្មី​នោះ មិនមែនជា​គ្រាប់ស្វាយ​ដែល​កប់​ក្នុង​ដី​នោះទេ តែ​គ្រាប់ស្វាយ​ដែល​កប់​ក្នុង​ដី​នោះ គឺជា​ធាតុ ឬ​ជាហេតុ ដែល​នាំ​ឲ្យ​កើត​ផ្លែស្វាយ​ថ្វី​នោះ។

ការប្រៀបធៀប​យ៉ា​យ​ណា សេចក្តី​ពិត​នៃ​ធម្មជាតិ​ក៏​យ៉ាង​នោះដែរ! ជីវិត​អ្នក​ដែល​បាន​ស្លាប់​ទៅហើយ មិន​កើតជា​រូបអ្នក​សារជាថ្មី​ឡើងវិញ​នោះទេ តែ​ជីវិត​ដែល​កើត​ថ្មី​ពី​ការស្លាប់​របស់​អ្នកនោះ ក៏​មិនមែនជា​អ្នកផ្សេង ក្រៅពី​ជីវិត​អ្នក​ដែល​បាន​ស្លាប់​នោះដែរ។ ជីវិត​ដែល​កើត​ថ្មី​នោះ គឺជា​ផល​នៃ​កម្ម​ជីវិត​ចាស់​របស់​អ្នក ដែល​បាន​តាក់តែង​អ្នក​ឲ្យ​មានកំណើត​ថ្មី។

ត្រង់​ការពន្យល់​នេះ គួរ​យល់​ពី​ព្រះ​ពុទ្ធោវាទ ដែល​ព្រះអង្គ​ទ្រង់​សម្តែង​ថា៖
•    នេះ​មាន នោះ​មាន
•    នេះ​គ្មាន នោះ​គ្មាន
•    នេះ​រលត់ នោះ​រលត់

ចុះ​អ្នកដឹង​បានទេ​ថា ថា​អ្នកនឹង​កើត​សាជាថ្មី​នៅ​កន្លែង​ណា? ហើយ​កើតជា​អ្វី? ចម្លើយ​គឺថា តើ​អ្នកដឹង​បានទេ​ថា ផ្លែស្វាយ​ដែល​អ្នក​កំពុង​ដាំ អនាគត វា​នឹង​ចេញ​ផ្លែស្វាយ​ថ្មី​នៅ​កន្លែង​ណា ហើយ​វា​នឹងមាន​រៀង​ដូចម្តេច ប្រសិនបើ​ដើម​ស្វាយ​នោះ​មិនទាន់​ចេញ​ផ្លែ​នៅឡើយ?

ការលើក​ឧទាហរណ៍​យ៉ាងណា សច្ចភាព​នៃ​រឿង​នោះ​ក៏​ដូច្នោះ​ដែរ! ប្រសិនបើ​អ្នក​កំពុងតែ​រស់នៅ​ឡើយ ធ្វើ​ដូចម្តេច​នឹង​អាច​ដឹងបាន​ថា ទៅ​អនាគត ក្រោយពី​អ្នកស្លាប់ អ្នកនឹង​ទៅ​កើត​នៅទីណា ហើយ​កើតជា​អ្វី​នោះ​ទៅ!

ទោះបីជា​អ្នក​មិនដឹង​ក៏ដោយ! កុំ​ព្រួយ ថា​អ្នកនឹង​កើតជា​អ្វី ហើយ​កើត​នៅទីណា! គ្រាន់តែ​ចាំ​ពាក្យ​ប្រៀនប្រដៅ​ព្រះ​ជិនស្រី​មួយ​ឃ្លា​ទៅបាន​ហើយ៖ «បច្ចុប្បន្ន​ភ្លឺ ទៅ​អនាគត ក៏​ភ្លឺ​ដែរ» ៕




© រក្សាសិទ្ធិដោយ thmeythmey.com