អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ក្រុមហ៊ុន​ឧស្ម័ន​រុស្ស៊ី​ចាប់ដៃ​អឺរ៉ុប​ចាប់ដៃគ្នា​ជាថ្មី
19, Jun 2015 , 12:33 pm        
រូបភាព
ដោយ:
ទោះជា​សហភាព​អឺរ៉ុប​និង​រុស្ស៊ី​តានតឹង​នឹង​គ្នា​ដោយសារ​វិបត្តិ​ជម្លោះ​អ៊ុយ​ក្រែ​ន ទោះជា​អឺរ៉ុប​ដាក់ទណ្ឌកម្ម​លើ​រុស្ស៊ី ក៏​ក្រុមហ៊ុន​ឧស្ម័ន​រុស្ស៊ី​និង​អឺរ៉ុប​នៅតែ​ខំប្រឹង​ចាប់ដៃគ្នា​ឡើងវិញ ដើម្បី​បំពេញ​តំរូវការ​ក្នុងស្រុក​ដែរ។ នៅ​ថ្ងៃ១៨មិថុនា​ម្សិលមិញ ក្នុង​វេទិកា​សេដ្ឋកិច្ច​អន្តរជាតិ​នៅ​ក្រុង​Saint-Pétersbourg ក្រុមហ៊ុន​ឧស្ម័ន​យក្ស​រុស្ស៊ី Gazprom និង​ក្រុមហ៊ុន​Shellរបស់​អង់គ្លេស​និង​ហូ​ឡង់ ក្រុមហ៊ុន​EONអាល្លឺម៉ង់ និង​OMV អូទ្រីស បាន​ចុះហត្ថលេខា​ព្រមព្រៀងគ្នា​លើ​បែបបទ​បង្ហាញ​ពី​ទិសដៅ​សាងសង់​បំពង់​ឧស្ម័ន​ថ្មី​មួយ កាត់​តាម​សមុទ្រ​បាល់​ទិ​ក ស្ថិតនៅ​ចន្លោះ​ប្រទេស​រុស្ស៊ី​និង​អាល្លឺម៉ង់។



សូម​ស្តាប់​ការបកស្រាយ​របស់ ព្រំ​សឿន សូលី​ណា៖



គ្រាន់តែ​នៅ​ថ្ងៃទី១នៃ​ការបើក​វេទិកា​សេដ្ឋកិច្ច​អន្តរជាតិ​នៅ​ក្រុង​Saint-Pétersbourg មិនទាន់​ដឹងអី​ផង ក្រុមហ៊ុន​ឧស្ម័ន​អឺរ៉ុប​បាននាំគ្នា​ចាប់ដៃ​ជាមួយ​រុស្ស៊ី បង្ហាញ​ទំនុកចិត្ត​គ្នា​ទៅវិញទៅមក ដើម្បី​សង់​បំពង់​ឧស្ម័ន​ទៅហើយ រឿង​អី​ដែលថា អឺរ៉ុប​និង​រុស្ស៊ី​អាច​ចៀស​គ្នា​រួច​នោះ។

ហេតុការណ៍​នេះ​ស​បង្ហាញថា ទោះបីជា​សហភាព​អឺរ៉ុប​ដាក់ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ​កន្លងមក​ក្តី ទោះបីជា​អឺរ៉ុប​ខំ​ក្អក​ដាក់​រុស្ស៊ី​ដើម្បី​ផ្គាប់ចិត្ត​អាមេរិក​ដែល​កំពុង​តានតឹង​នឹង​រុស្ស៊ី​ដែរនោះ​ក្តី ក៏​ក្រុមហ៊ុន​ឧស្ម័ន​អឺរ៉ុប​និង​រុស្ស៊ី​នៅតែ​គិត​ប្រយោជន៍​រកស៊ី​ជាធំ។ ប្រយោជន៍​ពេលនេះ​គឺ​ធំ​ណាស់ ព្រោះ​បំពង់​ឧស្ម័ន​ដែល​ត្រូវ​សង់​ចន្លោះ​ប្រទេស​រុស្ស៊ី​ទៅនឹង​អាល្លឺម៉ង់ មានលទ្ធភាព​ផលិត​ឧស្ម័ន​បាន​ដល់​ទៅ៥៥ ០០០លាន​ម៉ែត្រគូប ក្នុងមួយឆ្នាំ។

ពាក្យចាស់​ខ្មែរ​យើង​ពោលថា "ស្អប់​ជំពប់​លើ" គឺ​ចែង​ត្រូវ​នឹង​ទំនាក់ទំនង​រវាង​រុស្ស៊ី​និង​អឺរ៉ុប ក្នុងពេល​បច្ចុប្បន្ន​ណាស់។ រុស្ស៊ី​និង​អឺរ៉ុប​ចៀស​គ្នា​មិន​រួច​ទេ។ តាំងពី​អឺរ៉ុប​ដាក់ទណ្ឌកម្ម​លើ​រុស្ស៊ី នៅ​ខែ​មិនា ឆ្នាំ២០១៤ ដោយសារ​រុស្ស៊ី​លេប​តំបន់​គ្រី​មេ​របស់​អ៊ុយ​ក្រែ​ន​មក ការផលិត​ឧស្ម័ន​នៅ​អឺរ៉ុប​មានការ​ធ្លាក់ចុះ ខណៈ​តំរូវការ​ក្នុងស្រុក​ចេះតែ​កើនឡើង។ ដូច្នេះ ក្រុមហ៊ុន​ឧស្ម័ន​អឺរ៉ុប​មិនអាច​ទាត់ចោល​ដៃគូ​រុស្ស៊ី​បានទេ។ រុស្ស៊ី​ជា​ប្រទេស​តែមួយគត់​ដែល​ផ្គត់ផ្គង់​ឧស្ម័ន​ដល់​អឺរ៉ុប​ក្នុង​តម្លៃថោក​សមរម្យ។ ម្យ៉ាង រុស្ស៊ី​និង​អឺរ៉ុប​មាន​ទំនាក់ទំនង​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​នឹង​គ្នា​ធំធេង​ណាស់។

សហភាព​អឺរ៉ុប​ប្រហែលជា​ទើសទ័ល​ក្នុង​ចិត្ត​មិនតិច​ទេ​ដែល​ខ្លួន​ត្រូវការ​រុស្ស៊ី​ចៀស​មិន​រួច ព្រោះ​អឺរ៉ុប​មិន​ត្រឹមតែ​ខឹង​រុស្ស៊ី​រឿង​ជម្លោះ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​ទេ អឺរ៉ុប​ថែមទាំង​ពន្យារ​ទណ្ឌកម្ម​លើ​រុស្ស៊ី​រហូតដល់​ដើមឆ្នាំ២០១៦ទៀតផង។ ទន្ទឹមនេះដែរ ពេលនេះ អឺរ៉ុប​ក៏​កំពុង​គាំទ្រ​អាមេរិក​ដែល​ចង់​ពង្រាយ​អាវុធ​ធុន​ធ្ងន់​ក្នុង​ទឹកដី​ខ្លួន ជាប់​ព្រំដែន​រុស្ស៊ី​ទៀត។ ដើម្បី​កុំអោយ​អាមេរិក​អន់ចិត្ត គេ​សង្កេតឃើញថា ក្នុង​ថ្ងៃ​បើក​វេទិកា​សេដ្ឋកិច្ច​នៅ​រុស្ស៊ី​ម្សិលមិញ​នេះ ប្រធានធំៗនៃ​បណ្តា​ក្រុមហ៊ុន​ជាតិ​អឺរ៉ុប បាននាំគ្នា​អវត្តមាន​ច្រើន​នាក់។ ប៉ុន្តែ បើ​មើលទៅ វា​គ្រាន់តែ​ជាការ​សំដែង​ឆាកល្ខោន​ប៉ុណ្ណោះ ព្រោះថា វា​មិនបាន​ហាមឃាត់​ក្រុមហ៊ុន​ឧស្ម័ន​រុស្ស៊ី​និង​អឺរ៉ុប​មិនអោយ​ចាប់ដៃគ្នា​ទេ។

ដោយឡែក ទណ្ឌកម្ម​ដែល​អឺរ៉ុប​ដាក់​លើ​រុស្ស៊ី​ក៏បាន​ប៉ះពាល់​រុស្ស៊ីខ្លះៗដែរ។ ជាក់ស្តែង ផលិតផល​ក្នុងស្រុក​សរុប​របស់​រុស្ស៊ី​បាន​ធ្លាក់ចុះ៣ភាគរយ។ ប្រជាជន​ក្នុងស្រុក​រុស្ស៊ី​មិនសូវមាន​ប្រាក់​ចាយវាយ​ដូច​មុន​ទៀត។ ទោះ​យ៉ាងនេះ​ក្តី លោកពូ​ទីន​នៅតែ​អួតថា ទណ្ឌកម្ម​អឺរ៉ុប​មិនបាន​ប៉ះពាល់​រុស្ស៊ី​ទេ។ ប៉ុន្តែ រឿង​អី​រុស្ស៊ី​អាច​កាត់ផ្តាច់​ពី​អឺរ៉ុប​ដែលជា​អតិថិជន​ឧស្ម័ន​ជា​ប្រវត្តិសាស្ត្រ​មកហើយ​ដែរនោះ។

ទាំង​អឺរ៉ុប​ទាំង​រុស្ស៊ី​ត្រូវតែ​បន្ទន់​ជំហរ​ដាក់គ្នា​បន្តិច​វិញ​ហើយ ដោយសារតែ​ទំ​នា​ក៉​ទំនង​រកស៊ី​ដ៏​ធំធេង​នេះ។ បើ​អឺរ៉ុប​ខ្លាំង​ដៃ​ជ្រុល​ដាក់​រុស្ស៊ី អឺរ៉ុប​ក៏ត្រូវ​ខាត​ធ្ងន់​ដែរ។ ក្រុមហ៊ុន​អឺរ៉ុប​ដែល​កំពុង​រកស៊ី​នៅ​រុស្ស៊ី​ត្អូញត្អែរ​មិនតិច​ទេ ចំពោះ​ការដែល​ប្រជាជន​រុស្ស៊ី​មិនសូវ​ចាយវាយ​លុយ​ទិញ​ទំនិញ​របស់ខ្លួន ដូចពេលមុនៗនោះ។

ខំ​យកចិត្ត​អាមេរិក​មិនជា​នាំ​ចំណេញ​អ្វី​ដល់​អឺរ៉ុប​ទេ។ ចូរ​កុំភ្លេចថា អាមេរិក​មិនសូវមាន​ទំ​នា​ក៉​ទំនង​រកស៊ី​ជាមួយ​រុស្ស៊ី​ប៉ុន្មាន​ទេ ដូច្នេះ អាមេរិក​ឈ្លោះ​គ្នា​ជាមួយ​រុស្ស៊ី​គឺ​មិនសូវ​ខាត​ធ្ងន់​ក​ទេ។ តែបើ​អឺរ៉ុប​ឈ្លោះ​ជាមួយ​រុស្ស៊ី​វិញ គឺ​ខាតបង់​តែម្តង។ ម្យ៉ាង បើ​អត់​អឺរ៉ុប ក៏​រុស្ស៊ី​នៅមាន​អតិថិជន​ឧស្ម័ន​ផ្សេងទៀត ដូចជា​ចិន​ដែរ។ ពេលនេះ​ទៀត រុស្ស៊ី​ក៏​ប្រហែល​កំពុង​សម្លឹងមើល​ទីផ្សារ​នៅ​បណ្តា​ប្រទេស​អារ៉ាប់​ផងដែរ៕



© រក្សាសិទ្ធិដោយ thmeythmey.com